ប្រាសាទឯកភ្នំ​បាន​ធ្វើការ​ជួសជុល ដោយ​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​ទាំងស្រុង

39

ខេត្តបាត់ដំបង ៖ ការ​ជួសជុល​អភិរក្ស​ប្រាសាទឯកភ្នំ​បាន​ធ្វើ​ឡើង​តាម​គម្រោង​ប្រចាំឆ្នាំ ដោយ​ប្រើប្រាស់​ថវិកា របស់​រាជរដ្ឋាភិបាល​ទាំងស្រុង បន្ទាប់​ពី​នយោបាយ​សេដ្ឋកិច្ច នៅ​ប្រទេស​កម្ពុជា មាន​កំណើន​ឡើង​រហូត​ដល់​៧%​នេះ​។ លោក គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត បាត់ដំបង បាន​បញ្ជាក់​ថា នេះ​ជា​ជំ​ហ៊ាន​ដំបូង​ដែល​បាន​ត្រូវ​ជួសជុល​មុនគេ​ចាប់ពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ ចំពោះ​កន្លែង​ខ្លោងទ្វារ​រោងទង​ប៉ែក​ខាងលិច រួច​ហើយ​ធ្វើ​ជា​បន្តបន្ទាប់​ទៅ​ទៀត។

Loading...

តាម​គម្រោង​ប្រើប្រាស់ថវិកាជាតិ​បន្ទាប់​ពី​មាន​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​រួច​មក ដែល​ជា​ចំណែក​មួយ​ក្នុង​ការអូស​ទាញ​វិស័យ​ទេសចរណ៍ និង​លើកតម្កើង រក្សា ការពារ​បន្ថែម​ទៀត​លើ​វិស័យ​វប្បធម៌ របស់​ដូនតា​យើង បាន​បន្សល់​ទុក​មក​ដែល​កំពុង​មាន​ចំណាប់អារម្មណ៍​ពី​អន្តរជាតិ​ចង់​ស្គាល់ ចង់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ចំពោះ​ស្នាដៃ​បុព្វបុរស​ខ្មែរ​សម័យ​ដើម​បាន​កសាង​ឡើង​។

ប្រាសាទឯកភ្នំ ជា​ប្រាសាទ​ដែល​មាន​វ័យ ចំណាស់​មួយ​ដែរ ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ សូរ្យ​វរ្ម័ន​ទី​១ នា​សតវត្ស​ទី​១១ អំឡុង​ឆ្នាំ​(១០០២-១០៥០) ក្នុង​សម័យ​មហានគរ​។ នៅ​តាម​តំបន់​វាល ទំនាប ស្រែ​មាត់បឹង​នៃ​ទឹកទន្លេ​សាប​ក្នុងភូមិ​ចាស់​ធម្មជាតិ​ដែល​មាន​ប្រជាជន​រស់នៅ ពី​យូរលង់​ណាស់ មក​ហើយ ដែល​មាន​បន្សល់​ទុក​ផ្ទាំង​រូប​ក្បាច់​ផ្តែរ ១-​ព្រះ​វិស្ណុ​ផ្ទុំ​លើ​នាគ​អនន្តរ ល​ក្ម្សី​ជាស​ក្កិ​គង់នៅ​ចុងជើង ព្រះព្រហ្ម​គង់នៅ​លើ​ផ្កាឈូក ដែល​ផុស​ចេញពី​ផ្ចិត​ព្រះ​វិស្ណុ​, ២-​ហនុមាន​ទៅ​សួរសុខទុក្ខ​នាង​សិ​តា នៅ​ពេល​នាង​សិ​តា​ជាប់​ឃុំ​នៅ​នគរ​លង្ការ ,​និង​៣- រឿង​កូរ​សមុទ្រ​ទឹកដោះ​។​ល​។

ប្រាសាទឯកភ្នំ​ធ្វើ​ឡើង ដើម្បី​ឧ​ទិ្ទ​ស​ថ្វាយ​ដល់​អ​ទិ​ទេព​នៃ​សាសនា​ព្រា​ហ្ម ឬ​ព្រហ្មញសាសនា (​លទ្ធិ​ទេវរាជ​) ហើយ​ប្រាសាទ នេះ​ដែរ ត្រូវ​បាន​បាក់បែក និង​ស្រុត​ចុះ​ខ្លះ​ដោយសារ​បា​តុ​ភូ​តិ​ធម្មជាតិ​រួម និង​អាយុកាល​ដល់​ចំណាស់​ផង រួម​ទាំង​កត្តា​សង្គ្រាម ជន​ទុច្ចរិត​ផង ប្រាសាទឯកភ្នំ​សាងសង់​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម អម​ដោយ​រចនាបថ​ចម្លាក់​ផ្សេង មាន​ខ្លោងទ្វារ​បែរមុខ​ទៅ​ទិស​ខាងកើត និង​ខ្លោងទ្វារ​ទៅ​ទិស​ខាងលិច ប្រវែង​៦៣​ម៉ែត្រការ៉េ បួន​ជ្រុង មាន​ចម្ងាយ​ពី​ទីរួមខេត្ត​បាត់ដំបង ១១​គីឡូ​មែ​ត្រ ស្ថិត​នៅ​ក្នុងភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

សព្វ​ថ្ងៃនេះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចាប់អារម្មណ៍​យល់​ដឹង តាម​ឯកសារ​ថា ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​ផង​ដែរ ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត នៅ​ទីនោះ​មិន​ចេះ​ដាច់​សោះឡើយ​។ នៅ​ជិត​ប្រាសាទឯកភ្នំ មាន​វត្ត​អារាម​វ័យ​ចំណាស់​មួយ ដែល​កើតឡើង​នៅ គ​,​ស​១៧៥៧ មាន​អាយុកាល​២៤៤​ឆ្នាំ ដោយ​មាន​ភាព​ចាស់​ទ្រុឌទ្រោម​ផង និង​ទទួល​ភាព​ខ្ទេចខ្ទាំ​ខ្លាំង​ពី​សម័យ​បន​ប្រល័យពូជសាសន៍​ជាតិ​ឯង ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ របស់​បន ប៉ុ​ល ពត បាន​យក​កន្លែង​ក្នុង​វត្ត​នេះ​ជាទី​លាន​សម្លាប់​មនុស្ស​ទាំងថ្ងៃទាំងយប់ ហើយ​បន្ត​មក​សង្គ្រាមរ៉ាំរ៉ៃ ក្នុងស្រុក​បន្ត​បញ្ចប់សង្គ្រាម​រួច​មក។

ទើបបាន​កសាង​ថ្មី​ឆ្នាំ​១៩៩១ មក​ដល់​ឆ្នាំ​២០០១ រហូត​ដល់​សព្វ​ថ្ងៃនេះ​ទុក​សម្រាប់ ក្នុង​ពេល​មានបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ​ម្តង​ៗ មាន​មនុស្ស​មក​ពី​គ្រប់​ទិស​ទី​តែងតែ​មក​វត្ត​អារាម​ចំណាស់​នេះ និង​កម្សាន្ត​លេង​នៅ​ប្រាសាទ ឯក​ភ្នំ​នេះ​មិន​ដែល​ខាន​ឡើយ​។ ព្រោះ​គ្រប់​ប្រជាជន​ទាំងអស់ តែងតែបាន​យល់​ដឹង​ត​ៗ​គ្នា ហើយ​មក​កម្សាន្ត​ដោយ​ផ្ទាល់​ពិតជា​មានការ​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន​ឡើយ​។ ដោយ ៖ ហួត សុង​ហាក់