អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ​នាំ​យក​ម៉ាស៊ីនបូមទឹក ជួយ​សង្គ្រោះ​ស្រូវ​កសិករ​ជាង​២០០​ហិ​កតា

74

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ទទួល​បានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង រួម​នឹង​លោក ជាម សុខ ប្រធាន​ក្រុមប្រឹក្សា​ក្រុង មន្ត្រី​ក្រោម​ឱវាទ បាន​ចុះ​ពិនិត្យ​មើល​ស្រូវប្រាំង​របស់​ប្រជា​កសិករ​ដែល​ទទួល​រង នូវ​ការ​ខ្វះខាត​ទឹក នៅ​ចំណុច​សំណង់​មុខ​៤ ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ដែល​មាន​ប្រមាណ​ជាង ២០០​ហិ​កតា ដែល​កំពុង​តែ​ត្រូវការ​ទឹកស​ម្រ​ប់​ស្រោចស្រព​។

Loading...

ក្នុង​នោះ​លោក​អភិបាលក្រុង ក៏​បាន​នាំ​យក​ម៉ាស៊ីនបូមទឹក​ចំនួន​២​គ្រឿង ដើម្បី​ជួយ​បូមទឹក​សម្រាប់ ស្រោចស្រព​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​សង្គ្រោះ បាន​ទាន់​ពេលវេលា ហើយ​លោក​នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ជួយ​សង្គ្រោះ​ស្រូវប្រាំង​ឲ្យ​បាន​។ ជាមួយ​គ្នា​នោះ​ប្រជា​កសិករ​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​ក្រុមការងារ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជួយ​ពួក​គាត់​នឹង​បាន​នាំ​យក​ម៉ាស៊ីនបូមទឹក បូម​ពី​ស្ទឹង​ទម្លាក់​ទៅ​តាម​ប្រឡាយ ដើម្បី​ពួក​គាត់​បាន​បូម​បន្ត​ស្រោចស្រព​ដំណាំ​ស្រូវប្រាំង​របស់​ពួក​គាត់ ដែល​កំពុង​តែ​ក្រៀម​ស្វិត​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖ លោក​ទាន់​ទទួល​បាន​របាយការណ៍​ពី បណ្តា​ស្រុក​ក្រុង ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្វះខាត​ទឹក​ប៉ុន្មាន​ហិ​កតា​នោះ​ទេ តែ​លោក​បាន​ចុះ​ទៅ​ពិនិត្យ ជាក់ស្តែង គឺ​ដើម​ស្រូវ​នៅ​រឹង​មាំ​ល្អ បើ​គិត​ជា​ភាគរយ​នៃ​ការ​ប៉ះពាល់​គឺ​ប្រហែល​១០%​តែ​ប៉ុណ្ណោះ ហើយ​បើ​នៅ​ស​ប្តា​ហ៍​នេះ​យើង​ទទួល​បាន​ទឹកភ្លៀង ស្រូវ​នឹង​មានការ​លូតលាស់​ឡើង​វិញ​។

យោង​តាម​របាយការណ៍​របស់​សង្កាត់​អូរ​អំបិល ស្រូវប្រាំង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប្រមាណ​ជាង ២០០​ហិ​កតា កំពុង​តែ​រង​នូវ​ការ​ខូ​វ​ខាត​ទឹក​ស្រោចស្រព បើ​អាកាសធាតុ​នៅ​តែ​បន្ត​អូស​បន្លាយ​ទៀត ស្រូវ​ប្រជាពលរដ្ឋ​ទាំងអស់ និង​អាច​ខូច​ទាំងស្រុង​។ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ឲ្យ​បើកទឹក ពី​ខាង​ទំនប់​ព្រៃ​ខ្ពស់ និង​មិន​ឲ្យ​អ្នក​នៅ​ខាងលើ​បិទ​ទឹក​ទប់​ទៀត​ទេ បើ​មិន​ដូច្នោះ​ពួក​គាត់​គ្មាន​ទឹក សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​ឡើយ​។

ដោយឡែក នៅ​ខាង​ស្រុក​មង្គល​បូ​រី ឯណោះ​វិញ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ដែរ លោក រ័​ត្ន​ដា​ស៊ី​សណង់ អភិបាលស្រុក​មង្គល​បូ​រី បាន​ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យ មើល​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ ដែល​រង​នូវ​ការ​ខូចខាត​ដោយ​គ្រោះ​រាំង​ស្ងួត​នេះ​ផង​ដែរ ដោយ​លោក​បាន​បញ្ជាក់​ថា​៖ ដំណាំ​ស្រូវ​ដែល​រង​នៅ​ផល​ប៉ះពាល់ លើ​ផ្ទៃ​គ្របដណ្តប់​ទាំង​១៣​ឃុំ គឺ​ចំនួន​២០,២៤៤​ហិ​កតា​ផង​ដែរ​៕ ដោយ ៖ ណុ​ប រក្សា