រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការ៤ចំណុចដល់គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ជាពិសេសកម្លាំង នគរបាលត្រូតែយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងឲ្យខានតែបានជាដាច់ខាត មិនត្រូវបន្ធូរដៃ ហើយត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងឲ្យបានខ្លាំងក្លាឡើងបន្ថែមទៀត។ ការដាក់វិធានការបែបនេះរបស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេស អន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់ថា ៖ វិធានការ៤ចំណុចដែលគណៈបញ្ជាការឯកភាពរាជធានី ខេត្តដែលត្រូវអនុវត្ត ឲ្យខានតែបានជាដាច់ខាតគឺ ៖ ទី១ បញ្ហាគ្រឿង តាមរយៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានអនុវត្តរយៈពេលជិត២ឆ្នាំនេះ ទទួលបានលទ្ធផលល្អ ហើយទទួលបានការសាទរ និងសប្បាយរីករាយពីប្រជាពលរដ្ឋ ដូច្នេះសមត្ថកិច្ចមិនត្រូវបន្ធូរដៃនោះទេ។ ជាពិសេសបន្ត យកចិត្តទុកប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

នូវការប្តេជ្ញាចិត្តរបស់យើង គឺការបោសសម្អាត ការប្រើប្រាស់ ការចែកចាយ នៅតាមក្លឹបកម្សាន្តនានា នៅចុងឆ្នាំ២០១៩នេះ។ អ៊ីចឹងទេ សុំឱ្យគណៈបញ្ជាការរាជធានី-ខេត្ត ជាពិសេស គឺស្នងការនគរបាល រាជធានី-ខេត្ត ជាអ្នកដែលអនុវត្តការងារនេះ ដែលត្រូវខិតខំប្រឹងប្រែង»។ ទី២- ការប្រយុទ្ធប្រឆាំងនឹងការ លាងលុយ ការសម្អាតប្រាក់នៅតាមច្រកទ្វារចេញចូលប្រទេសទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឬវិធីផ្សេងទៀត។ បើនិយាយពីគោលការណ៍របស់យើង ច្បាប់ក៏មានគោលការណ៍ គោលនយោបាយ ទិសដៅរបស់រាជរដ្ឋាភិបាលក៏មាន ដែលយើងអត់ត្រូវរាថយទេ។ អត់ត្រូវរាថយទេបញ្ហានេះ ពីព្រោះវាពាក់ព័ន្ធដល់កិត្តិយសមុខមាត់ ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិទៀត។
ដូចខ្ញុំធ្លាប់បានលើកឡើងថា បើសិនជាគេចាត់ទុកកម្ពុជា ជាប្រទេសដែលលាងលុយ ជាប្រទេសដែលខ្មៅ នោះយើងនឹងប៉ះពាល់ដល់ ប្រព័ន្ធធនាគាររបស់យើង រាប់ទាំងធនាគារជាតិផង មិនថាតែធនាគារឯកជនទេ។ អ៊ីចឹងហើយយើង ត្រូវយល់បញ្ហានេះឱ្យបានស៊ីជម្រៅទាំងអស់គ្នា ហើយយកចិត្តទុកដាក់អនុវត្តឱ្យបាន។ មិនត្រូវឃុបឃិត វាបានផលប្រយោជន៍ទៅបុគ្គល បុគ្គលនេះ បុគ្គលនោះអ៊ីចឹងមែន ប៉ុន្តែយើងត្រូវគិតដល់ផលប្រយោជន៍ជាតិជាធំ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
អ៊ីចឹងហើយត្រូវប្តេជ្ញាធ្វើបញ្ហនេះឱ្យបាន»។ ទី៣- ការប្រឆាំងការជួញដូរមនុស្សជាបទល្មើសមួយដែល យើងបានយកចិត្តទុកដាក់ធ្វើយ៉ាងសកម្មដែរ ក៏ប៉ុន្តែពេលខ្លះគេវាយតម្លៃថាយើងធ្វើបានល្អ ពេលខ្លះគេថា មិនទានបានល្អទេ ដូច្នះសុំឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយក៏ដូចក្រសួង ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវខិតខំប្រឹងប្រែងបញ្ហានេះ។ គ្មាននរណាអាចធ្វើតែឯងបាននោះទេ ហើយទាក់ទងនឹងសិទ្ធការពារសេរីភាពរបស់ប្រជាពលរដ្ឋយើងដែរ វិធានការនានាយើងបានលើកឡើង និងដាក់ចេញហើយវិធានការអស់ហើយ។
សម្តេចក្រឡាហោមស ខេង ក៏បានបញ្ហាក់ថា ៖ បញ្ហាទី៤ គឺការប្រឡងទុតិយភូមិនៅពេលខាងមុខនេះគ្រប់កម្លាំងមានសមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់តាមមណ្ឌលប្រឡងព្រោះការប្រឡងលើកនេះមិនមានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយចូលរួមនោះ៕ ដោយ ៖ ទុយ ប៊ុនរី