មន្ត្រី​រដ្ឋបាល​ព្រៃឈើ​៣​នាក់ ត្រូវ​បាន​ព្រះរាជអាជ្ញា​ចេញ​ដីកា​ឲ្យ​ចូល​បំភ្លឺ

227

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ២០១៩ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចំនួន​៣​នាក់ បន្ថែម​ទៀត​ដែល​មាន​តួនាទី​ឈរជើង​ប្រចាំការ នៅ​តំបន់​ស្រុក​កោះ​ញែក ត្រូវ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ ជា​កំហិត​។​

Loading...

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទាំង​៣​រូប មាន​៖ លោក លឿង ភិ​រុណ អាយុ​៥៥​ឆ្នាំ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​សង្គម​-​ណ​ង​ឃី​លឹ​ក មាន​ទីលំនៅ​ក្នុងភូមិ​ដំណាំ​កិន ឃុំ​ដើម​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​, លោក ហ៊ុន វ​ណ្ណេ អាយុ​៥០​ឆ្នាំ នាយ​សង្កាត់​រដ្ឋបាល​ព្រ​ឈើរ​យ៉ មាន​ទីលំនៅ​ក្នុងភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ និង​លោក គង់ វិ​រៈ អាយុ​៤៦​ឆ្នាំ ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក មាន​ទីលំនៅ​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ដីកា​បញ្ជា​ខាងលើ​នេះ​ត្រូវ​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្តមណ្ឌលគិរី បាន​ចេញ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ឱ្យ​ពួក​គេ​បង្ហាញខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩​នេះ​ផង​ដែរ​។ ការ​ឱ្យ​ចូលខ្លួន​នេះ ដើម្បី​សាកសួរ​ទៅ​លើ​ករណី​មួយ​ចំនួន​មាន​ដូច​ជា​៖ ផ្តល់​ការ​អនុញ្ញាត​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​,​អនុគ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ​, មិន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១។

ដែល​បាន​កើត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​ទាន់​ពេលវេលា​, ធ្វេសប្រហែស​ដោយ​ចេតនា​ក្នុង​ការ​បំពេញភារកិច្ច ឬ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​បន្លំ​ជា​លាយលក្ខណ៍អក្សរ ដែល​ជា​មូលហេតុ បង្ក​ឱ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១​។ ដីកា​បញ្ជា​របស់​លោក ហៀ​ង សុ​ភក្ត្រ ក៏​បើកផ្លូវ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ទាំង​៣​រូប​នេះ​ផង​ដែរ ប្រសិនបើ​ប្រទះ​ឃើញ​រូបគេ​នៅ​ទីណា​នោះ​៕ ដោយ ៖ សាយ ករុណា