លួច​រថយន្ត​ពី​ព្រះ​សីហ​នុម​ក​ជួប​គ្រោះថ្នាក់​នៅ​កំពង់ឆ្នាំង ជនល្មើស​គេចខ្លួន​បាត់

89

ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខណៈ​ដែល​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ចត​ស្ងៀម​ពីក្រោយ​ដោយ​លឿន​លឿន​ពេក​។ ក្រោយ​ពេល​កើតហេតុ​ទើប​សមត្ថកិច្ច​ដឹង​ថា​៖ រថយន្ត​ខាងលើ​គឺជា​រថយន្ត​ចោរលួច​ពី​ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ មក​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ខេត្តកំពង់ឆ្នាំង​។

Loading...

សមត្ថកិច្ច​នគរបាល​ចរាចរ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ រថយន្ត​ខាងលើ​ម៉ាក​តូ​យ៉ូ​តា ព្រូស​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ តាកែវ 2A-3295 ផលិត​នៅ​ឆ្នាំ​២០០៤ ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន​។ រថយន្ត​នេះ​ត្រូវ​បាន​ជន​ដៃដល់​លួច​ពី​ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ខណៈ​ពេល​ដែល​ម្ចាស់​ចត​រថយន្ត ដោយ​មិន​ពន្លត់​ម៉ាស៊ីន ហើយ​ចូល​ទិញ​អីវ៉ាន់​នៅ​ហាង​មួយ​កន្លែង ហើយ​ពេល​ចេញ​មក​វិញ​ក៏​បាត់​រថយន្ត​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា​៖ ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ប្ដឹង សមត្ថកិច្ច​នគរបាល ហើយ​ក៏​បាន​យក​រថយន្ដ​ដេញ​តាម​រថយន្ត​ត្រូវ​ចោរលួច​ខាងលើ ព្រោះ​ខាងលើ​ព្រោះ​រថយន្ត ត្រូវ​ចោរលួច​មាន ជី​ភី​អេស​។ ប៉ុន្តែ​ដោយសារ​ជនល្មើស​បើក​លឿន​ពេក​កុង​ទ័​រអា​ច​ដល់ ១៤០​ទៅ​១៥០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ទើប​ដេញ​មិន​ទាន់ ហើយ​បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ខ​ល​មក​សមត្ថកិច្ច នគរបាល​ខេត្តកំពង់ឆ្នាំង​ឲ្យ​ជួយ​ស្ទាក់​ចាប់​។

ប្រភព​ដដែល​បាន​បន្ត​ថា​៖ នៅ​វេលា​ម៉ោង​ប្រមាណ ៣​និង​១០​នាទីទៀប​ភ្លឺ សមត្ថកិច្ច​បានឃើញ​រថយន្ត​ខាងលើ​បាន​បើក​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ចំណុច​ផ្សារ​ត្រាច ហើយ​ក្រោយមក​ក៏​បានឮ​ថា​៖ ជួប​គ្រោះថ្នាក់​ចរាចរ​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ​ជនល្មើស​បាន​គេចខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​ជួប គ្រោះថ្នាក់​ចរាចរ​ដោយសារ​បុក​រថយន្ត​គេ​ពីក្រោយ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក និង​រង់ចាំ​ការ​ដោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរ​សិន​ទើប​ប្រគល់​រថយន្ត​ទៅ​ម្ចាស់​ដើម​វិញ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន