អំពើ​ហិង្សា​បង្ក​ឱ្យ​របួស​ស្នាម អ្នក​ខ្លាំង​ចូល​គុក​អ្នក​ខ្សោយ​ចូល​ពេទ្យ

88

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ចំណែក​បក្ខពួក ២​នាក់​ទៀត​បាន​រត់គេច​ខ្លួន ខណៈ​ប្រើ​អំពើ​ហិង្សា​បង្ក​ឱ្យ​របួស​ស្នាម​កាលពី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ២០១៩​។ ហេតុការណ៍​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​ហា​យ​វ៉េ​បំបែក​ជា​៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ ស្ថិត​ក្នុងភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

Loading...

ជន​បង្ក​ដែល​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​រួម​មាន​៖ ១-​ឈ្មោះ​ជីវ សុខ​ជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប និង​ម្នាក់​ទៀត​ឈ្មោះ មាម ចាន់​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​កសិករ​។ ទាំង​២​នាក់​រស់នៅ ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​ដក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ ជន​រង​គ្រោះ​ឈ្មោះ ហ៊​ន ឈិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង មុខរបរ​កសិករ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង​១​កន្លែង និង​ក្រោម​ចង្ការ​១​កន្លែង ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តសៀមរាប​ធ្វើការ​សង្គ្រោះ​។

នគរបាល​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្អូនប្រុស​របស់​ជន​រង​គ្រោះ​ម្នាក់ នៅ​ក្នុង​ថ្ងៃ​កើតហេតុ​បាន​ផឹកស៊ី​នៅ​នឹង​ផ្ទះ​ម្តាយ​របស់​ខ្លួន​យ៉ាង​ស្រវឹង​ជោគ​ជាំ ហើយ​បានឱ្យ​ប្រពន្ធ ដឹក​ចេញ​ទៅ​ផ្ទះ ខណៈនោះ​ជិះ​ទៅ​ដល់​ផ្លូវ​ហា​យ​វ៉េ​ជា​ផ្លូវបំបែក​ជា​៤ ក៏​ស្រែក​ឡូឡា ចំណែក​បក្ខពួក ម្ខាង​ទៀត​ក៏​ស្រវឹង​ជោគ​ជាំ​ដែរ​កំពុង​តែ​ឈរ​ត្រេង​ត្រាង​នឹង​ផ្លូវ​ក៏​ស្រែក​តមាត់​ដាក់​គ្នា​។

ពេល​នោះ​ប្អូន ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ម្តាយ​វិញ​បាន​ប្រាប់​បងប្រុស​របស់​ខ្លួន ភ្លាម​ៗ​នោះ​បងប្រុស​ដែល​ជា ជន​រង​គ្រោះ​បាន​ដើរ​ចេញ​មក​សាកសួរ​ត្រូវ​បាន​ភាគី​ម្ខាង​ស្ទុះ​ទៅ​វាយតប​នឹង​ដក​កាំបិត​ចាក់​ចំ​២​កាំបិត​បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ភ្លាម​ៗ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់ ដោយឡែក​២​នាក់​ទៀត ត្រូវ​បាន​រត់គេច​ខ្លួន​។

នគរបាល​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​សាកសួរ​ជន​បង្ក បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន​។ យោង​តាម​ចម្លើយ​យោង​ទៅ​លើ​វត្ថុ​តាង​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងកា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ឱម សា​រឿ​ន