ស្ទាក់​ចាប់​រថយន្ត​ស៊េរី​ទំនើប​ៗ ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​មិន​បង់ពន្ធ

103

ខេត្តបាត់ដំបង​៖ យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្លាំង​គយ​ចល័ត ដែល​មាន​កិច្ចសហការ ពី​កម្លាំង​កងរាជអាវុធហត្ថ​ផង បាន​ស្ទាក់​ចាប់​រថយន្ត​ស៊េរី​ទំនើប​ៗ​ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល មិន​បង់ពន្ធ បាន​ចំនួន​២​គ្រឿង​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ២០១៩ ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​នានា នៅ​ក្នុង​ខេត្តបាត់ដំបង​។

Loading...

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចាប់​លើក​ទី​១ គឺ​កម្លាំង​សមត្ថកិច្ច​គយ​បាន​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​ម៉ាក LEXUS RX-330 ពណ៌​ស ផលិត​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-3613 ដែល​គេ​សង្ស័យ​ជា​ស្លាក​លេខ​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ដែល​ចាប់​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​កន្លែង ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ បន្ទាប់​ពី​ស្ទាក់​ចាប់​រថយន្ត​ខាងលើ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ កម្លាំង​គយ​ដដែល​ក៏​បាន​ស្ទាក់​ចាប់​រថយន្ត ១​គ្រឿង​ទៀត​ម៉ាក LEXUS RX-400H ព៌​ណ​ស ផលិត​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-3246 ដែល​ពាក់​បន្លំ​ភ្នែក​ដូច​គ្នា ដោយ​ចាប់​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​តា​គី ឃុំ​អូ​តា​គី ស្រុក​ថ្មគោល​។

ក្រោយ​ពី​ត្រូ​ត​ពិនិត្យ​ដោយ​មន្ត្រី​ជំនាញ​រក​ឃើញ​ថា រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​នេះ គ្មាន​ឯកសារ​បង់ពន្ធ ត្រឹមត្រូវ​កម្លាំង​គយ​ចល័ត​បាន​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​នេះ​ទៅ​រក្សា​ទុក​នៅ ស្នាក់​ការ​គយ​ចល័ត​ដែល​មា​នទី​តាំងនៅ​ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ សូម​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​កម្លាំង​គយ​ចល័ត​ហាក់​បាន​ធ្វើ សកម្មភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​តាម​បង្ក្រាប​រថយន្ត​ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​គ្មាន​ច្បាប់​អនុញាត (​រថយន្ត​គេចពន្ធ​) ក្នុង​នោះ​មាន​ទាំង​រថយន្ត​ចង្កូត​ស្ដាំ ទាំង​រថយន្ត​ចង្កូត​ឆ្វេង​។

ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ គេ​ក៏​សង្កេត​ឃើញ​មាន​រថយន្ត​ស៊េរី​ខ្ពស់​ៗ​ទំនើប​ៗ ជា​ពិសេស​រថយន្ត ចង្កូត​ស្ដាំ​បាន និង​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​កាន់តែ​ច្រើន​ឡើង​ៗ ពាសពេញ​ក្រុង​បាត់ដំបង​។ បើ​តាម​ប្រភព​ពី​អ្នក​គួ​ជេ​រថយន្ត​ម្នាក់​និយាយ​ថា រថយន្ត​ចង្កូត​ស្ដាំ​ស្ទើរ​គ្រប់​ម៉ាក ដែល​គេ​ឃើញ កំពុង​ធ្វើ​ចរាចរ​ប្រសេចប្រសាច​ពាសពេញ​ខេត្តបាត់ដំបង នា​សព្វ​ថ្ងៃនេះ​ស្ទើរ​៧០% «​គ្មាន​ពន្ធ​នាំ​ចូល​»​។ រថយន្ត​ទាំងនោះ​មាន​ពាក់​ស្លាក​លេខ «​ចង្កូត​ស្ដាំ ន​.​ប និង ខ​.​ម​» ហើយ​ស្លាក​លេខ​ទាំងនោះ​ភាគច្រើន​ជា ស្លាក​លេខ​ក្លែងក្លាយ ដែល​ពាក់​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​គយ​។

ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​មាន​រថយន្ត​អត់​ពន្ធ​ច្រើន​ណាស់​ដែល​កំពុង​ពូន​សម្ងំ​នៅ​តាម​ឃ្លាំង​លក់​.​ទិញ​រថយន្ត​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង​។ មិនតែប៉ុណ្ណោះ មាន​ថៅកែ​ឃ្លាំង​ខ្លះ​ក៏​មានការ​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត ពី​មន្ត្រី​គយ​ខិលខូច​មួយ​ចំនួន​ដែរ ទើប​ពួក​គេ​អាច​សម្ងំ​លក់​រថយន្ត​អត់​ពន្ធ​នាំ​ចូល​ទាំងនោះ​បាន ជា​ពិសេស​រថយន្ត​ចង្កូត​ស្ដាំ​តែ​ម្ដង​៕ ដោយ ៖ ឆោម ពិសម័យ