រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង បើក​ចូល​មក​បំផ្លាញ​ផ្លូវ​ក្នុង​ក្រុង​ទាំង​កណ្តាល​ថ្ងៃ

132

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដីខ្សាច់​ធុន​ធំ​មួយ​គ្រឿង​ជាប់ផុង​កង់​ម្ខាង​ផ្អៀង​ស្ទើរតែ​ក្រឡាប់​ទៅ​ហើយ ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​នេះ បាន​បើក​ដឹក​ខ្សាច់​មក​តាំងពី​ព្រែក​ព្នៅ ហើយ​ព្យាយាម​យក​ទៅ​ដេប៉ូ មួយ​កន្លែង​ម្តុំ​បឹង​កេងកង​នោះ ដោយ​មិន​ត្រឹមតែ​ហូរ​ទឹក​កក្លាក់​ប្រឡាក់​តាម​ផ្លូវ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បើក ចូល​មក​បំផ្លាញ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើ​ឲ្យ​រង​ការ​ខូចខាត ទាំង​កណ្តាល​ថ្ងៃ​ផង​ដែរ​។ ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ ៩០ កែង​ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​រូប​គាត់​កំពុង​តែ​អង្គុយ​លេង​ក្បែរ​នោះ ក៏​បានឃើញ​រថយន្ត​បែន​ដឹក​ដី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-១៥៧៧ មួយ​គ្រឿង ដែល​មាន​ដឹក​ខ្សាច់​ពេញ​ក្នុង​រថយន្ត បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​៩០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ដឹក​ដីខ្សាច់​មួយ​គ្រឿង​ខាងលើ​ក៏​បាន​ព្យាយាម​បើក​បត់​ឆ្វេង​ឡើង​តាម​ផ្លូវ​លេខ​៤៧ ក្នុង​បំណង ឆ្ពោះទៅ​កាត់​តាម​វត្ត​ភ្នំ​វិញ​នោះ ក៏​ស្រាប់តែ​ស្រុត​ផ្លូវថ្នល់​កង់​ខាងក្រោយ​ម្ខាង​ផ្អៀង​ស្ទើរតែ​ក្រឡាប់ ទៅ​ហើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​ដែល​បាន​ដឹក​ចូល​ក្រុង និង​មក​បំផ្លាញ​ផ្លូវ​ទាំង​កណ្តាល​ថ្ងៃនេះ​ដែរ​គឺ​គេ​បានដឹង​ថា ដឹក​ខ្សាច់​យក​មក​ពី​ព្រែក​ព្នៅ ហើយ ប្រុង​ដឹក​យក​ទៅ​កាន់​ដេប៉ូ​មួយ​កន្លែង​នៅ​ម្តុំ​បឹង​កេងកង តែ​មិន​ទាន់​នឹង​ដល់​ផង​ក៏​ជាប់ផុង ទៅ​មុខ​ទៀត​លែង​រួច​បែប​នេះ​តែ​ម្តង​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណីរ​នេះ​ដែរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​លើក​ឡើង​ថា កាលពី​ពេល​កន្លង​មកនេះ​ខាង​សាលា​រាជធានី​ភ្នំពេញ ក៏​បានការ​ចេញ​ច្បាប់ ហាមប្រាម​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ ចូល​ក្នុង​ទាំង​កណ្តាល​ថ្ងៃ​ឡើយ ហើយ​មិន​គួរ​ណា​អាជ្ញាធរ​ខណ្ឌ ដូនពេញ​បណ្តែតបណ្តោយ​ឲ្យ​មាន​រថយន្ត​ដឹក​ខ្សាច់​ណា​ដែល​ហូរ​ទឹក​កក្លាក់​ប្រឡាក់ និង បំផ្លិចបំផ្លាញ​ផ្លូវ​បែប​នេះ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ​ក៏​បាន​ចុះ មក​ដល់​កន្លែង​កើតហេតុ​ខាងលើ និង​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​បែក​ដឹក​ខ្សាច់​បង្ក ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ធ្វើការ ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​៕ ដោយ ៖ ភី ផល