ជនសង្ស័យ​៧​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពេល​ធាក់​ប្លន់​យក​ម៉ូតូ​ពី​ចុងភៅ​ណា​ហ្គា​វើ​ល

50

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន ក្រោយ​ពេល​ដែល​ជន​ទាំងនោះ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់​ទៅ​លើ​បុរស​ជា​ចុងភៅ​នៅ​ណា​ហ្គា​វើ​ល​ម្នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​កាលពី​៤​ថ្ងៃមុន​ហើយ​យក​ទៅ​លក់​ចែក​លុយ​គ្នា​ទាំង​យប់​។ ចំណែក​បុរស​រង​គ្រោះ បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ទើប​នគរបាល​ធ្វើការ​ស្រាវជ្រាវ​រហូត​ដឹង​ថា ក្រុម​ជនសង្ស័យ កំពុង​លេង​ក្លឹ​ប​ឌី​ស្កូ​មួយ​ក៏​ឆ្មក់​ចូល​ទៅ​ធ្វើការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង​។

Loading...

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​នោះ​មាន គ្នា​ជិត​១០​នាក់ ប៉ុន្តែ​ត្រូវ​ឃាត់ខ្លួន​បាន​៧​នាក់ ចំណែក​បក្ខពួក​មួយ​ចំនួន​ទៀត​បាន និង​កំពុង​រត់គេច​ខ្លួន​នៅឡើយ ហើយ​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​រួម​មាន​៖១-​ឈ្មោះ ឈុំ ច​ន្នី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ២-​ឈ្មោះ ផា ចំណាន ហៅ​ណា​ន់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

៣,​ឈ្មោះ ណ​ន វ៉ា​ន់​ហេង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចម្ការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ៤-​ឈ្មោះ​ណេ​ត លី​ហ្សា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ៥-​ឈ្មោះ ឌី សុ​ភ័ក្ត្រ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ​។ ៦-​ឈ្មោះ ប៉ែន សុ​ចិន អាយុ​១៧​ឆ្នាំ និង​៧-​ឈ្មោះ ប៉ែន​សុ​កែវ អាយុ​១៩​ឆ្នាំ អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នគរបាល​ដកហូត​បាន​ម៉ូតូ ម៉ាក​ហុងដា​វ៉េវ​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HB-8809 និង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ បិទ​តែម​ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1G-7356​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ទិះ វិទូ អាយុ​៣០​ឆ្នាំ មុខរបរ​ចុងភៅ​ណា​ហ្គា​វើ​ល មាន​ទីលំនៅ​ក្នុងភូមិ​កោះរ​ងៀង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។ ចំណែក​ម៉ូតូ​របស់​គាត់​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ ខាងលើ​ប្លន់​យក​ទៅ​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GV-3035​។

នៅ​មុន​ពេល​កើតហេតុ​ខណៈ​ដែល​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ចេញពី​កន្លែងធ្វើការ​នៅ​ណា​ហ្គា​វើ​ល​ឆ្ពោះទៅ​ផ្ទះ ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​១​ក្រុម​នោះ​ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង ដេញ​តាម​ធាក់​បណ្ដាល​ឲ្យ​ដួល ពេល​នោះ​ដើម្បី​សុវត្ថិភាព​ជន​រង​គ្រោះ​បាន​រត់​ចេញ​។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ខណៈនោះ​ក្រុម​ជនសង្ស័យ​ក៏​បាន​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​លក់​ចែកចាយ​លុយ​គ្នា​ទាំង​យប់​ព្រមទាំង​ដើរ​ផឹកស៊ី​សប្បាយ ចំណែក​បុរស​រង​គ្រោះ​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ទើប​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង។

ហើយ​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​៥​នាក់​ខណៈ​ដែល​ជន​ទាំងនេះ​កំពុង​សប្បាយ​នៅ​ក្នុង​ក្លឹ​បរី​លេ​ក្ស ដែល​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២០១១ ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ លុះដល់​វា​លេ​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ដដែល​បន្ត​ទៅ​ចាប់ខ្លួន​បាន​២​នាក់​ទៀត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ហើយ​នគរ​បាន​កសាង សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ហើយ​ដែរ​៕ ដោយ ៖ យន់ ស៊ី​ថា