បញ្ជូន​ខ្លួន​មន្ដ្រី​នគរបាល​ជាតិ​៣​នាក់ ទៅ​សាលាដំបូង​ពាក់ព័ន្ធ​រត់ការ​ដោះ​លែង​ជនជាតិ​ចិន​១៨​នាក់

127

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម ឆ្លង​ដែន​នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​២១ កក្កដា បាន​បញ្ជូន​មន្ដ្រី​នគរបាល​៣​នាក់ ទៅ​កាន់​សាលាដំបូង រាជធានី ភ្នំពេញ ពាក់ព័ន្ធ​ករណី​ការ​ដោះ​លែង​ជនជាតិ​ចិន​១៨ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ខេត្តកំពង់ស្ពឺ​។ នៅ​សាលាដំបូង រាជធានី​ភ្នំពេញ ត្រូវ​បាន​ឲ្យ​ដឹង​ថា មន្ដ្រី​នគរបាល​ទាំង​៣​នាក់​នោះ មាន​២​នាក់ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់ និង​វរសេនីយ៍ត្រី​ម្នាក់ និង​ម្នាក់​ទៀត​បម្រើ​ការងារ​នៅ​ការិយាល័យ ស៊ើបអង្កេត និង​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​ជនអន្ដោប្រវេសន៍​។

Loading...

នគរបាល​ទាំង​៣ នាក់​ត្រូវ​បាន​គេ​ស្គាល់ ១-​ឈ្មោះ សឿ​ន សុ​ថា​, ២-​ឈ្មោះ រ័​ត្ន ពិន និង​៣-​ឈ្មោះ វណ្ណ សុភាព​។ គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បើក​ប្រ​តិ​បត្ត​ការ បង្ក្រាប​ករណី​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ អ៊ី​ន​ធើ​ណេ​ត​១៨​នាក់​។

ប៉ុន្ដែ​បែរជា​ត្រូវ​មន្ដ្រី​នគរបាល​ទាំង​៣​នាក់​នោះ បាន​ចេញ​មុខ​រត់ការ​ឲ្យ​មានការ​ដោះ​លែង ជនជាតិ​ចិន​ទាំង​១៨ នាក់​នោះ ទើប​បានជា​មានការ​បែកធ្លាយ​ដល់​ថ្នាក់ដឹកនាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន មន្ត្រី​នគរបាល​៣ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នោះ​បាន​ស្ថិត​នៅ​ដៃ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ​។

ហើយ​ការ​សាកសួរ​មន្ត្រី​នគរបាល​ទាំង​៣ នាក់​នោះ​បាន​អូស​បន្លាយ​ដល់​ម៉ោង ជិត​៨ យប់​ថ្ងៃ​ដដែល​ទើបបាន​បញ្ចា​ប់ ក្រោយ​សាកសួរ​បញ្ចប់​លោក​ព្រះរាជ អាជ្ញា​រង​កាន់​សំណុំរឿង មិន​ទាន់​បាន​ចោទប្រកាន់​លើ​ជន​ត្រូវ​ពី​បទល្មើស​អ្វី​នៅឡើយ​ទេ ដោយ​បាន​ប្រគល់​មន្ត្រី​នគរបាល​៣ នាក់​ទៅ​សមត​ត្ថ​កិច្ច​គ្រប់គ្រង​វិញ និង​តម្រូវ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា បញ្ជូន​ម្តងទៀត ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់