ប្រជាពលរដ្ឋ​មានការ​ខ្លាចរអា ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ប៉ះពាល់​សុខភាព

35

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ខ្លាចរអា​មិន​ហ៊ាន​បរិភោគ​សាច់​ជ្រូក​ដោយ​ខ្លាច​ឆ្លង​ជំងឺប៉េស្ត ជ្រូក​អាហ្វ្រិក​ប៉ះពាល់​ដល់​សុខភាព​គ្រួសារ និង​ខ្លាច​ចម្លង​មេរោគ​ដល់​ជ្រូក​របស់​ពួក​គាត់​ចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ ត្រូវ​ខាតបង់​លុយកាក់​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ពួក​គាត់​។ ទោះបី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប្រកាស​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​តែ​សត្វ​ជ្រូក​គ្នា​វា មិន​ឆ្លង​ដល់ មនុស្ស​ក៏​ដោយ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ភាគច្រើន​ឈប់​បរិភោគ​សាច់​ជ្រូក ដោយ​នាំ​គ្នា​បរិភោគ សាច់​មាន់ សាច់​គោ និង​ត្រី​វិញ ធ្វើ​ឲ្យ​អ្នក​ប្រកប​មុខរបរ​លក់​សាច់​ជ្រូក​ខាតបង់​ដើមទុន លក់​សាច់​ជ្រូក មិន​ដាច់​។

Loading...

ជា​ពិសេស​នៅ​ផ្សារ​កំពង់ត្រាច ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ប្រជាពលរដ្ឋ មន្ត្រីរាជការ​ឈប់​ទិញ​សាច់​ជ្រូក​ទៅ​បរិភោគ​ទៀត​ហើយ​។ ការ​ព្រួយបារម្ភ​របស់​អាជីវករ លក់​សាច់​ជ្រូក​នេះ កើតឡើង​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៩ នៅ​ផ្សារ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​។ បើ​តាម​ស្ត្រី​អ្នកលក់​សាច់​ជ្រូក​ម្នាក់​នៅ​ផ្សារ​កំពង់ត្រាច​បាន​ឲ្យ​ដឹង​ថា នៅ​ផ្សារ​កំពង់ត្រាច មាន​តូប​អ្នកលក់ សាច់​ជ្រូក​ចំនួន​១៥​គ្រួសារ ពួក​គាត់​ប្រកប​មុខរបរ​លក់​សាច់​ជ្រូក​នេះ​ជាង​៣០​ឆ្នាំ​មក​ហើយជា​មុខរបរ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ស្រាប់តែ​មានការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កើតឡើង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាចរអា​មិន​ហ៊ាន​បរិភោគ​សាច់​ជ្រូក​នេះ​កើតឡើង​ជិត​កន្លះ​ខែ។

​ហើយ​ចាប់តាំងពី​ក្រសួងកសិកម្ម និង​អាជ្ញាធរ​ចេញ​ប្រកាស​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ភូមិ​ឫស្សី​ជួរ ខាងត្បូង​ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង និង​ផ្ទុះ​ជំងឺ​ជ្រូក​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​តាម​ទូរទស្សន៍ ជា​ពិសេស​ហ្វេ​ស​ប៊ុ​ក អន​ឡាញ ផ្សព្វផ្សាយ​ថា ឆ្លង​ដល់​មនុស្ស ហ្វេ​ស​ប៊ុ​ក​នៅ​ប្រទេស​វៀតណាម ហើយ​តាម​សាលារៀន​នៅ​ស្រុក​រមាស​ហែក​លោកគ្រូ​ប្រកាស​ឲ្យ​សិស្ស និង​មាតាបិតា​សិស្ស ផ្អាក​បរិភោគ​សាច់​ជ្រូក​មួយ​រយៈ​។ លោក​មេ​ភូមិ​លោក​មេឃុំ​ក៏​ប្រជុំ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​ប្រជា​ពល រដ្ឋមន្ត្រី​រាជការ​ឈប់​បរិភោគ​សាច់​ជ្រូក​ទាំងស្រុង​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​មាន​ឈ្មួញ ទុច្ចរិត​លួច​នាំ​ជ្រូក​រស់ និង​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​មក​បន្លំ​លក់ តាម​ភូមិ​ថា​ជ្រូក ចិញ្ចឹម​តាម​ផ្ទះ ឬ​ជ្រូក​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ត្រូវ​ខាតបង់​ប្រាក់​។ ទាក់ទិន​ករណី​នេះ​ដែរ លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ជំរឿន​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ ទូ​ទាំង​ខេត្តស្វាយរៀង ខែ​៩ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ចិញ្ចឹម​ជ្រូក​សរុប​១២​ម៉ឺន​ក្បាល ក៏​ប៉ុន្តែ​ចូល​មក​ដល់ ខែមិថុនា ២០១៩​នេះ មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ប្រជាជន​មួយ​ចំនួន​ចាប់ផ្តើម​ផ្អាក​ការ​ចិញ្ចឹម នៅ​សល់​តែ​៨​ម៉ឺន​ក្បាល​ទូ​ទាំង​ខេត្ត​រហូត​មក​ដល់​ខែកក្កដា​នេះ ប្រជាពលរដ្ឋ​បាន​សម្រុក​លក់​ចេញ ជ្រូក​ចាប់ពី​៥០​គីឡូ​ឡើង​ទៅ បច្ចុប្បន្ន​នៅ​សល់​តែ​ជ្រូក​មេ និង​កូនជ្រូក​ជំទង់​៣០​គីឡូ​ចុះ ឯ​៥០​គីឡូ​ឡើង​នៅ​សល់​តិច​ក៏​ប៉ុន្តែ​ពុំ​ទាន់​ជំរឿន​បាន​ចំនួន​ជាក់លាក់​នៅឡើយ​ទេ​។

លោក ប៉ែន ច​ន្ធី បន្ត​ទៀត​ថា ចំពោះ​ជ្រូក​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា​ចំកាត់ ១​កន្លែង​មាន​២៤​រោង ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៀក ឃុំ​ក្រសាំង ស្រុក​រមាស​ហែក ដែល​ឃ្លាត​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែត្រ ហើយ​កន្លង​មក​នៅ​ដើមឆ្នាំ​២០១៩ ស៊ី​ភី​ចិញ្ចឹម​ជ្រូក​២៤​រោង ក្នុង​១​រោង​៦០០​ក្បាល​ស្មើ​១៤,៤០០​ក្បាល រហូត​មក​ដល់​ថ្ងៃ​ទី​៨ កក្កដា ២០១៩ បាន​ចាប់​លក់​អស់ហើយ​។ ចំណែក​នៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាស​ហែក មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​១​កន្លែង គឺ​ចិញ្ចឹម​ជ្រូកព្រៃ​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ រមាស​ហែក សម្រាប់​គ្រាន់តែ​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​ប៉ុណ្ណោះ​។

ហើយ​កន្លង​មក​លោក​ធ្លាប់​រាយការណ៍ ជូន​អ្នក​សា​ព័ត៌មាន​ថា នៅ​ឃុំ​ត្រស់​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ក្រុមហ៊ុន​ស៊ី​ភី​២៤​រោង​នោះ គឺ​គ្មាន​ទេ​មូលហេតុ​ច្រឡំ​ទីតាំង​ភូមិសាស្ត្រ​ដែន​រដ្ឋបាល​ឃុំ​ត្រស់ ជាក់ស្តែង​ទីតាំង​ចិញ្ចឹម​ជ្រូក ក្រុមហ៊ុន​ស៊ី​ភី​ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៀក ឃុំ​ក្រសាំង ស្រុក​រមាស​ហែក ០១​កន្លែង មាន​២៤​រោង បច្ចុប្បន្ន​ចាប់​ជ្រូក​អស់​កំពុង​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ផ្អាក​មួយ​ខែ​ទើប​ដាក់​កូនជ្រូក​ចិញ្ចឹម​បន្ត​ទៀត​។ ហើយ​នៅ​អូ​ស្មាច់​ភូមិ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ក្រុមហ៊ុន​ស៊ី​ភី ១​កន្លែង​ទៀត​មាន​៥​រោង​ក្នុង​១​រោង​៦០០​ក្បាល​ចាប់​លក់​ជិត​អស់ហើយ​។

ហើយ​ជា​ទូទៅ​ការ​ចិញ្ចឹម​ជ្រូក របស់​ក្រុមហ៊ុន​ស៊ី​ភី​គឺ​ដាក់​ជ្រូក​ជំទង់ ទម្ងន់​២០​គីឡូក្រាម​ក្នុង​១​ក្បាល ដោយ​ក្រុមហ៊ុន​យក​កូនជ្រូក មក​ពី​ខេត្តកំពង់ស្ពឺ​មក​ដាក់​ចិញ្ចឹម​។ ហើយ​ការ​ចិញ្ចឹម​ជ្រូក​សាច់​នេះ​មាន​រយៈពេល​៤​ទៅ​៥​ខែ ទើប​ចាប់​លក់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត និង​លក់​ចេញ​ទៅ​ក្រៅ​ខេត្ត​រាជធានី​។ ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​អ្នក​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ និង​ក្រុម​អាជីវករ​លក់​សាច់​ជ្រូក មានការ​ព្រួយបារម្ភ​អំពី​ជីវភាព​គ្រួសារ​យ៉ាង​ខ្លាំង​ដោយ​ទទួល​រង​ផល​ប៉ះពាល់​អំពី​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន