ខេត្តព្រះសីហនុ ៖ គណៈរដ្ឋមន្ត្រី និងក្រសួងការពារជាតិ សហការជាមួយមូលដ្ឋានសមុទ្ររាម ដើម្បីបង្ហាញថា នៅលើទីតាំងសមុទ្ររាម ដូចការចោទប្រកាន់របស់សារព័ត៌មានបរទេសខ្លះបាន ចោទប្រកាន់គ្មានមូលដ្ឋានពិតអ្វីទាំងអស់ នាពេលអ្នកសារព័ត៌មានប្រមាណ៧០នាក់ មកពីអង្គភាពព័ត៌មាន ប្រមាណ៣០ទៅដល់ផ្ទាល់។ លោកនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាម បានដឹកនាំអ្នកសារព័ត៌មានចុះ ទៅកាន់មូលដ្ឋានសមុទ្ររាម និងពិនិត្យអគារមួយចំនួន។ តាមការចុះពិនិត្យគេមិនបានឃើញមានវត្តមាន យោធាចិននៅទៅនោះទេ។

លោកបានអះអាងមូលដ្ឋានសមុទ្ររាមមានទំហំតូច ហើយគ្មានមូលដ្ឋាន កងទ័ពបរទេសណាមកឈរជើងនៅទីនេះទេមានតែកងកម្លាំងកម្ពុជា។ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ក្រោយពេលពិនិត្យទីតាំងនានានោះថា៖ «អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិបានឃើញហើយថា វាគ្មានកងទ័ពបរទេសនៅទីនោះទេ។ យើងមិនត្រូវការកងទ័ពបរទេសមកដើម្បីអ្វី និងមិនចាំបាច់នោះទេ»។ ពេលនេះបញ្ជាក់ថា សារព័ត៌មានបរទេសដែលបានផ្សាយចោទប្រកាន់ថា មានកងទ័ពចិននោះគឺជាព័ត៌មានក្លែងក្លាយ។

លោក ឈុំ សុជាតិ បានបន្តថា នៅមូលដ្ឋានសមុទ្ររាមមិនមានកម្លាំងទ័ពចិននោះទេ។ លោកថា គ្មានសំណង់ (អគារថ្មី ឬកម្លាំងរបស់ចិន ឬកងទ័ពបរទេស) ណាបានសាងសង់នៅទីនោះទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានសម្ដែងអំណរគុណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចុះទៅដល់មូលដ្ឋានសមុទ្ររាមដោយបានចំណាយពេលចង់ដឹងការពិត។ លោកថា អ្នកសារព័ត៌មានជាសាក្សីផ្ទាល់ភ្នែកដោយបានចុះមកមើលគ្មានឃើញមូលដ្ឋានកងទ័ពចិននៅសមុទ្ររាមនោះទេ។

លោកបញ្ជាក់ថា កាសែតអាមេរិកមួយដែលបានផ្សាយព័ត៌មានមិនពិតបែបនេះនឹងត្រូវ ពិភពលោកអស់ជំនឿលើសារព័ត៌មាននេះនៅពេលសារព័ត៌មាននៅកម្ពុជាផ្សាយពីការពិត។ ក្នុងសកម្មភាពចុះពិនិត្យអគារមួយចំនួន និងនាវានៅមូលដ្ឋានសមុទ្ររាមនោះក្រុមអ្នកសារព័ត៌មាន ជាតិបានចូលមើល ដោយគ្មានការបិទបាំងណាមួយទេ។ មូលដ្ឋានសមុទ្ររាមគ្រប់គ្រងកម្លាំងកងទ័ព ជើងទឹកខេត្តចំនួន៤(ព្រះសីហនុ កោះកុង កំពត និងកែប) ហើយមូលដ្ឋានសមុទ្ររាមមានកម្លាំងប្រមាណ ១,០០០នាក់។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះមានសារព័ត៌មាន The World Street Journal បានចុះផ្សាយជុំវិញថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ខេត្តព្រះសីហនុ។ តែព័ត៌មាននេះ រដ្ឋាភិបាល កម្ពុជាបានប្រកាសបដិសេធថា ការលើកឡើងរបស់សារព័ត៌មានខាងលើនេះ ជាព័ត៌មាន ក្លែងក្លាយ មានចរិតញុះញង់អាចប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជា។ រដ្ឋាភិបាលបានបដិសេធ ជាផ្លូវការកាលពីថ្ងៃទី២៥ ខែកក្កដា តាមរយៈសន្តិសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី និងបាននាំអ្នកសារព័ត៌មានមកមើលផ្ទាល់៕ ដោយ ៖ ស សុខុម



