លោក ឃួ​ង ស្រេង ធ្វើ​បាឋកថា​ពី​ការ​អភិវឌ្ឍ​នានា​ក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​នាយ ទាហាន​សកម្ម​ត្មាត​ពង

31

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ធ្វើ​បាឋកថា​ពី​ការ​អភិវឌ្ឍ​នានា​ក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ដើម្បី​ផ្សព្វផ្សាយ​ដល់​សិក្ខាកាម​នាយទាហាន​បាន​យល់​ដឹង​ពី ការ​អភិវឌ្ឍ រីក​ចម្រើន​ថ្មី​ៗ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយទាហាន និង​និស្សិត​នាយទាហាន​សកម្ម និង​ការ​ផ្តល់​កិត្តិយស​ធ្វើ​បាឋកថា នៅ​សាលា​នាយទាហាន​សកម្ម ត្មាត​ពង នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា រាជធានី​ភ្នំពេញ មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​លើ​គ្រប់​វិស័យ ហើយ​ការ​រីក​ចម្រើន គឺ​បាន​មក​ពី​ក​ក្តា​សុខ​សន្តិភាព ក្រោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

Loading...

លោក​អភិបាល​រាជធានី​បាន​អំពាវនាវ​ដល់​សិក្ខាកាម នាយទាហាន​ទាំងអស់ ត្រូវ​ហ៊ាន​និយាយ​ការ​ពិត​ពី​ភាព រីក​ចម្រើន​របស់​កម្ពុជា និង​បន្ត​ការពារ​ស្ថាបនិក​សន្តិភាព​របស់​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ឲ្យ​បាន​គង់វង្ស​យូរអង្វែង ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ រីក​ចំរើន​ថែម​ទៀត​។ លោក ឃួ​ង ស្រេង បាន​រំលឹក​ពី​វីរភាព​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​ប្រមុខ​ដឹកនាំ​កំពូល សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ដើម្បី​រំដោះ ប្រទេស​ជាតិ​ចេញពី​ភ្លើងសង្គ្រាម និង​ដឹកនាំ​កសាង​ប្រទេស​ពី​បាតដៃ​ទទេ រហូត​ដល់​សព្វ​ថ្ងៃនេះ មានការ​អភិវឌ្ឍ រីក​ចម្រើន​លើ​គ្រប់​វិស័យ​។

លោក​បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ក្រុមការងារ​បដិសណ្ឋារកិច្ច​មួយ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ពេល​ដែល​ពួក​គាត់​មាន​បញ្ហា​ត្រូវ​ពឹងពាក់​ហើយ​សម្រាប់​នៅ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ គឺ​សុទ្ធតែ​មាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ ដើម្បី​បំរើសេវា​ឲ្យ​នៅ​កៀក​ជិត​ជាមួយ​ប្រជាពលរដ្ឋ​។ ចំណែកឯ​នៅ​ថ្នាក់​សង្កាត់​វិញ គឺ​មិន​មាន​ច្រក​ចេញចូល​តែ​មួយ​នោះ​ទេ ប៉ុន្តែ​បាន​បង្កើត​ក្រុមការងារ បដិសណ្ឋារកិច្ច​មួយ​ដើម្បី​ដោះស្រាយ ក៏​ដូច​ជា​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ដែល​ក្រុមការងារ​នេះ មាន​ចៅ​រង​សង្កាត់​ម្នាក់ ជា​អ្នក​ប្រចាំការ​ចាំ​ជួបនឹង​ដោះស្រាយ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ លោក ឃួ​ង ស្រេង បាន​នាំ​យក​អំណោយ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជូន​ដល់​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង រួម​មាន អង្ករ​ចំនួន​០៥​តោន​, ទឹក​សុទ្ធ​ចំ​នួ​២០​កេស​ធំ​, ត្រីខ ចំនួន​២០​កេស​, ទឹកក្រូច ចំនួន ៥០​កេស​, ស្រា​បៀ ចំនួន ៣០០​កេស​, ទឹកត្រី ចំនួន​២០០​យូរ​, និង​ទឹក​ស៊ី​អី​វ ចំនួន​២០០​យូរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ