ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក «​ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​» ត្រលប់​ពី​ប្រទេស​ថៃ​វិញ​ជាប់អន្ទាក់​សមត្ថកិច្ច

275

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ «​ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​» ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ការ​ឃាត់ខ្លួន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក «​ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​» សមត្ថកិច្ច​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ដឹង​ថា ជនសង្ស័យ​ទើប​វិល​មក​ពី​ប្រទេស​ថៃ ដែល​ខំ​គេចខ្លួន​មួយ​រយៈ​នោះ​។

Loading...

ស្ត្រី​ម្នាក់​ដែល​បាន​អះអាង​ថា ជា​ភរិយា​ម្ចាស់ គណនី​ហ្វេ​ស​ប៊ុ​ក «​ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​»​នោះ នា​រសៀល​ថ្ងៃ​ទី​៣១ កក្កដា នេះ បាន​ទៅ​រង់ចាំ​សួរសុខទុក្ខ​ប្តី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖ ប្តី​អ្នកស្រី​ឈ្មោះ ម៉ៃ ហុង​ស្រៀង អាយុ​៤០​ឆ្នាំ អតីត​ជា​សកម្មជន​គណៈបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុងព្រះសីហនុ​។ ស្ត្រី​ជា​ភរិយា​បន្ត​ថា អ្នកស្រី និង​ស្វាមី​មាន​ទីលំនៅ ខេត្ត​ព្រះ​ហ​នុ ប៉ុន្តែ​កាលពី​ព្រឹក​មិ​ញ​នេះ (​ថ្ងៃ​ទី​៣១ កក្កដា​) គាត់​ទទួល​បាន​ព័ត៌មាន​ពី​មេធាវី​ប្រាប់​ថា ប្តី​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ភ្នំពេញ ខណៈ​ពេល​កំពុង​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ពាក់ព័ន្ធ​រឿងរ៉ាវ​បង្ហោះ​ព័ត៌មាន​កាត់ត​រូបភាព ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​ប្រទេស​។

ប្តី​អ្នកស្រី​បាន​ភៀសខ្លួន​ទៅ​រស់នៅ ប្រទេស​ថៃ​ច្រើន​ខែ​ហើយ ដោយសារ​តែ​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រមុខ​រាជរដ្ឋាភិបាល តាម​រយៈ​ផេ​ក «​ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​»​។ គាត់​ជា​ភរិយា​បាន​ប្រាប់​ប្តី​ជា​ញឹកញាប់​ដែរ ឲ្យ​ផ្អាក ឬ​បន្ថយ​ដៃ​ទៅ ដើម្បី​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ ប៉ុន្តែ​ប្តី​អ្នកស្រី​មិន​ព្រម និង​រឹតតែ​បន្តសកម្មភាព សូ​ម្បី​រត់​ទៅ​ដល់​ប្រទេស​ថៃ​ក៏​គាត់​នៅ​តែ​បង្ហោះ​។ បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ជនសង្ស័យ​ឈ្មោះ ម៉ៃ ហុង​ស្រៀង ដែល​បាន​វិល​ចូល​មក​កម្ពុជា​វិញ​នេះ ក្នុង​គោលបំណង​ជួបជុំ​ជាមួយ​ក្រុម បក្ខពួក ដើម្បី​រៀបចំ​ផែន ការ​បង្ក​ភាព​ចលាចល​ដល់​សន្តិសុខ​សង្គម​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​អតីត​សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ ភ្លេច​គិត​ពី​ពាក្យចាស់​មួយ​ឃ្លា​បាន​ពោល​ថា «​កុក​តែង​ភ្លេច​ជង់ ជង់​មិន​ដែល​ភ្លេច​កុក​ទេ​» ចូល​មក​ដល់​ជាប់អន្ទាក់​សមត្ថកិច្ច​មែន​។ ជនសង្ស័យ​ដែល​ជា​ម្ចាស់ គណនី​ហ្វេ​ស​ប៊ុ​ក «​ទោះ​ស្លាប់​ក៏​ជា​ខ្មែរ​» អាច​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា នេះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់