លោក នួន ជា បងធំ​ទី​២ បាន​ទទួលមរណភាព​ហើយ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី

97

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ផ្សាយ​តាម បណ្តាញ​អេ​ឡិច​ត្រូ​និ​ច​(Telegram) កាលពី​យប់​ថ្ងៃ​ទី​៤ ខែសីហា ថា លោក​អាច​បញ្ជាក់​បាន​ថា ជនជាប់ចោទ នួន ជា អាយុ​៩៣​ឆ្នាំ បាន​ទទួលមរណភាព​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៩ នេះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ លោក នេ​ត ភក្ត្រា បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ជនជាប់ចោទ នួន ជា ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​វត​ក​) ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ តាំងពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩​មក​។

Loading...

គ្រួសារ​របស់​លោក នួន ជា ក៏​បាន​ទទួល​ដំណឹង​មរណភាព​នេះ​ផង​ដែរ​។ តាម​អ្នកនាំពាក្យ​រូប​នេះ​បាន​អះអាង​ទៀត​ថា លោក នួន ជា កើត​នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​១៩២៦ មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា សមាជិក​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍ និង​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន​សភា​តំណាង​ប្រជាជន​នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ​។ គួរ​បញ្ជាក់​ថា​លោក នួន ជា ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧ និង​បាន​ជំនុំ​ជម្រះក្តី​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យ ពូជសាសន៍​។

លោក នួន ជា ត្រូវ​បាន​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពី​បទឧក្រិដ្ឋ​កម្ម ប្រឆាំង​នឹង​មនុស្សជាតិ និង​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត នៅ​ក្នុង​សំណុំរឿង ០០២/០១ កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៤​។ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល បាន​បដិសេធ ពិរុទ្ធភាព​មួយ​ចំនួន ប៉ុន្តែ​តម្កល់​ការ​ផ្តន្ទាទោស​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ឲ្យ​ជាប់​ពន្ធនាគារ អស់​មួយ​ជីវិត​។

នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នួន ជា ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​និង​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ក្នុង​សំណុំរឿង ០០២/០២ ជាមួយ ខៀវ សំ​ផ​ន​។ អង្គ​ជំនុំជម្រះ​សាលាដំបូង បាន​រួម​បញ្ចូល​ទោស ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ក្នុង​សំណុំរឿង ០០២/០១ និង​សំណុំរឿង ០០២/០២ ទៅ​ជា​ការ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​តែ​មួយ​៕ ដោយ ៖ ស​.​សុខុម