អាជីវករ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​ជាង​១០០​នាក់ ធ្វើការ​តវ៉ា​ពេល​ថៅកែ​ប្រកាស​ថា​រុះរើ​ផ្សារ

53

រាជធានី​ភ្នំពេញ ៖ ក្រុម​អាជីវករ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ជាង​១០០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង ប្រឆាំង ទៅ​នឹង​ថៅកែ​ផ្សារ ដោយ​ពួក​គាត់​និយាយ​ថា កំពុង​តែ​លក់ដូរ​សុខ​ៗ​ស្រាប់តែ​ថៅកែ​ផ្សារ​ខាងលើ ប្រកាស​ឲ្យ​ផ្អាក ដើម្បី​ធ្វើការ​រុះរើ​ផ្សារ​ចោល​ដើម្បី​សាងសង់​ថ្មី​ឡើង​វិញ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន ការ​ភ្ញាក់ផ្អើល និង​កើតទុក្ខ​មិន​សុខចិត្ត​ឡើយ​ព្រោះ​បាន​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា​គ្មាន​កន្លែង​សម្រាប់​លក់ដូរ ហើយ​ផ្សារ​នោះ​ក៏​គ្មាន​អ្វី​ត្រូវ​កែ​លម្អ​ទៀត​ដែរ​។

Loading...

និយាយ​រួម​ថៅកែ​ផ្សារ​នេះ ហាក់​មាន​ចេតនា​ធ្វើ​ឲ្យ​ពួក​គាត់ ជួប​ការ​លំបាក​ដើម្បី​ខ្លួនឯង​ទទួល​បាន​ប្រយោជន៍​កាន់តែ​ច្រើន​មិន​គិត​ពី​ទុក្ខវេទនា​ពួក​គាត់​ឡើយ ពេល​នេះ​ពួក​គាត់​តវ៉ា​ទាមទារ​កុំ​ឲ្យ​មានការ​រុះរើ​ដាច់ខាត​។ ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​នេះ មាន​ទីតាំង​ស្ថិត​នៅ ទល់មុខ​សួន​កុមារ​ពោធិ៍​ចិន​តុង តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នឹង​ត្រូវ​បាន​អាជីវករ​ផ្ទុះ​ការ​តវ៉ា​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩​។

នៅ​ក្នុង​ការ​តវ៉ា​នោះ​អាជីវករ​ខាងលើ​ក៏​បាន​កាន់​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ព្រមទាំង​បាន​ទទូច​សុំ​ឲ្យ​សម្ដេច​ទាំង​ទ្វេរ ជួយ​ទប់ស្កាត់​ការ​រុះរើ​ផ្សារ​នោះ​ថែម​ទៀត​ផង​។ អាជីវករ​ទាំងនេះ​បាន​និយាយ​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ផ្សារ​មាន​តូប​ចំនួន​៣៤១​តូប និង​មាននៅ​ខាងក្រៅ​ជុំវិញ​ផ្សារ​ទៀត មាន​តូប និង​ស្ដង់​រាប់​មិន​អស់ ទៀត​ទៀត ដែល​សូ​ម្បី​តែ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ក៏​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​កន្លែង​លក់ដូរ យក​ភាស៊ី​រាល់ថ្ងៃ​ដែរ​។

ចំណែក​ពួក​គាត់ បាន​លក់ដូរ​នៅ​ក្នុង​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​នេះ ម្នាក់​ៗ រយៈពេល​ជាង​១០​ឆ្នាំ និង​អ្នកខ្លះ​ទៀត​រហូត​ដល់​ទៅ​ជាង​២០​ឆ្នាំ ដែល​អាច​និយាយ​បាន​ថា​ដុះ​ស្លែ​ទៅ​ហើយ និង​ចេះ​តែ​ដំណើរការ លក់ដូរ​ដោយ​ភាព​សុខសាន្ត​បំផុត​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​។ មិនតែប៉ុណ្ណោះ​ពួក​គាត់ ក៏​តែងតែ​គោរព​តាម​គោលការណ៍​ថៅកែ​ផ្សារ​រហូត​មក​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ​ខណៈ​កំពុង​លក់ដូរ​សុខ​ៗ ស្រាប់តែ​ខាង​ថៅកែ​ផ្សារ​ប្រកាស​ថា ឲ្យ​ពួក​គាត់​ផ្អាក​ការ​លក់ដូរ​ដើ​ម្ប​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​រុះរើ ផ្សារ​ចោល ដើម្បី​ធ្វើការ​សាងសង់​ថ្មី​ឡើង​វិញ​។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​សុខ​ៗ​បែរជា មានការ​រុះរើ​ផ្សារ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​កន្លែង​លក់ដូរ​ឡើយ ត្រូវ​ខាតបង់​ពេលវេលា​រាប់​ឆ្នាំ ទំ​រាំ​តែ​ផ្សារ​សាងសង់​រួច តើ​ពួក​គាត់​ត្រូវ​ជួប​ការ​លំបាក​បែប​ណា​ទៅ​។ ម្យ៉ាងទៀត​វា​ពុំ​មែន​ជា​ការ​ងាយស្រួល​នោះ​ឡើយ​បន្ទាប់​ពី​ការ​សាងសង់​ផ្សារ​ថ្មី​អ្វី​ៗ​គឺ​ច្បាស់​ជា​មានការ​គិត​និង​ផ្លាស់​ប្ដូរ​ថ្មី​ដែល​បង្ក​ការ​លំបាក​មិន​ខាន ដូច្នេះ​ហើយ​ទើប​ពួក​គាត់​ធ្វើការ​តវ៉ា​ឡើង ដើម្បី​បញ្ឈប់​រាល់ ចេតនា​ចង់​រុះរើ​ផ្សារ​នេះ ហើយ​ក៏​មិន​ចង់បាន​ផ្សារ​ថ្មី​អី​ទៀត​ដែរ សុំ​ត្រឹម​ប៉ុណ្ណឹង​គឺ​គ្រប់គ្រាន់​សម្រាប់ ពួក​គាត់​ហើយ​។

ទាក់ទង​ទៅ​នឹង​កា​រត​វ៉ាង​ខាងលើ បុគ្គលិក​ផ្សារ​ស៊ិ​ន​ជូ​រី​បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា​នេះ តូប​ជួល​ទាំងអស់​ត្រូវ​បាន​បញ្ចប់​កុងត្រា​ជួល​តូប​ជាមួយ​អាជីវករ​អស់ហើយ ទើប​ពេល​នេះ​ក្រុមហ៊ុន​ត្រូវ​អភិវឌ្ឍន៍​ផ្សារ​ឲ្យ​បាន​ទំនើប​ជាង​នេះ ស្រាប់តែ​បងប្អូន​អាជីវករ​ប្រមូលផ្តុំ​គ្នា តវ៉ា​មិន​ឲ្យ​រុះរើ​ទៅ​វិញ​។ ដោយឡែក​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ ប៉ា​ង លី​ដា បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​អាជីវករ ឲ្យ​ពួក​គាត់​មាន​ភាព​ស្ងៀមស្ងាត់ និង​ចាត់​តំណាង​ដើម្បី​ជួប​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​៕ ដោយ ៖ យន់ ស៊ី​ថា