បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា ចោរលួច​ស្លាក​លេខ​រថយន្ត​ចំនួន​៥​នាក់

67

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ នេះ នៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​បង្ហាញខ្លួន​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​(​ស្លាក​លេខ​រថយន្ត​) យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥​នាក់​។

Loading...

លោក​វរៈសេនីយ៍ឯក ទៀង ច័ន្ទ​សា អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ សីហា ២០១៩​យប់មិញ ចាប់ពី​ម៉ោង​០១​រំលង​អា​ធ្រា​ត​រហូត​ដល់​ម៉ោង​០៦​ទៀប​ភ្លឺ​ថ្ងៃ​ដដែល កម្លាំង​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ បាន​ចំនួន​០៥​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​១៧៨ មុខ​ខ្លោងទ្វារ​ចូល​វត្ត​កោះ ភូមិ​៥ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ដោយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​៖ ទី​១.​ឈ្មោះ សាត វុ​ត្ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ​។ ២.​ឈ្មោះ ធឿ​ន ប៊ុ​ន​ថេ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ​។ ៣.​ឈ្មោះ រ៉ុ​ត ខ្លឹម​ពិ​ដា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ៤.​ឈ្មោះ ឡេ​ង រ៉ា​វុ​ធ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ៥.​ឈ្មោះ ផើម យ៉ាង​ភូម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។

ដោយ​បាន​ធ្វើការ​ដកហូត​បាន វត្ថុ​តាង​មួយ​ចំនួន​ទៀត រួម​មាន ស្លាក​លេខ​រថយន្ត​មាន​លេខ ភ្នំពេញ​2 AE-2757 ចំនួន​០២​បន្ទះ ឧបករណ៍​កូនសោ​សម្រាប់​ដោះ​ស្លាក​លេខ រថយន្ត​មួយ​ចំនួន និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ICON ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​1U -3625 មួយ​គ្រឿង​ទៀត​ផង​ដែរ​។ លោក​ក៏​បាន​បន្ត​ទៀត​ថា ទិស​ដៅ​បន្ត​កម្លាំង​យើង​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ ចម្លើយ រក​បក្ខពួក សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក និង​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ទទួល​ទិញ​ស្លាក​លេខ​រថយន្ត (​ទទួលផល​ចោរកម្ម​) ជា​បន្ត​ផង​ដែរ​។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ជា​ចោរលួច​ស្លាក​លេខ​រថយន្ត យ៉ាង​សកម្ម​ទាំង​៥​នាក់ រួម​ទាំង​ស្លាក​លេខ​រថយន្ត​ចំនួន ២​បន្ទះ ម៉ូតូ​ម៉ាក ICON មួយ​គ្រឿង រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ឃុំខ្លួន និង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​បញ្ជូន​ទៅ​កាន់​សាល​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ ភី ផល