រថយន្ត​ដឹក​ខ្សាច់​បុក​កិន​ម៉ូតូ​ស្លាប់​ឪពុក រីឯ​កូន និង​ក្មួយ​របួសធ្ងន់

97

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត រួម​មានកូន និង​ក្មួយ បាន​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ត្រូវ​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​បើកបរ ក្នុង​ល្បឿន​លឿន មក​បុក​ពីក្រោយ​ពេញទំហឹង និង​កិន​អូស​ក្រោយ​រថយន្ត​ប្រមាណ​ជាង​៤០​ម៉ែត្រ ទើប​អ្នកបើកបរ​ឈប់ ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

Loading...

គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង កាលពី វេលា​ម៉ោង​១១ និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​បុរី​ហា​យ​លែ​ន ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ ដែល​បាន​ស្លាប់​ឈ្មោះ រស់ បន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ឃុំ​រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ជា​កម្មករ​សំណង់ ក្នុង​បុរី​ហា​យ​លែ​ន ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1I-6881 ជិះ​គ្នា​បី​នាក់​។

ចំណែក​អ្នក​រង​របួស​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវ​រថយន្ត បញ្ជូន​ទៅ​សង្គ្រោះ​។ តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក​ដេ​វូ ពណ៌​ស គ្មាន​ស្លាក​លេខ ជា​ប្រភេទ​យី​ឌុ​ប​ដឹក​ខ្សាច់ បើកបរ​ដោយ​បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​ជន​រង​គ្រោះ​ជិះ​តែ​ជិះ​គ្នា​៣​នាក់ ដោយ​ក្មួយ​ជា​អ្នក​ឌុ​ប និង​កូន​ជន​រង​គ្រោះ​ជិះ​ពីក្រោយ​។

នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ បេតុង​ក្នុង​បុរី ហា​យ​លែ​ន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង គោលបំណង​ទៅ​ហូប​បាយ​ថ្ងៃត្រង់ ស្រាប់តែ​រថយន្ត​មួយ​គ្រឿង ធ្វើ​ដំណើរ​ស្របគ្នា​មក​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្តង​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់ រថយន្ត​បាន​បុក កិន​ម៉ូតូ និង​ជន​រង​គ្រោះ​គាប​ជាប់​ក្រោម​រថយន្ត អូស​ជា​ប្រមាណ​ជាង​៤០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់ ក្រោម​រថយន្ត​យ៉ាង​អាណោចអាធ័ម​។ ចំណែក​កូន និង​ក្មួយ បាន​រង​របួសធ្ងន់ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាន​ស្រមោល​៕ ដោយ ៖ ម៉េ​ង ធា