ជួប​គ្រោះ​អកុសល​ពលករ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់​លើ​ទឹកដី​ថៃ

136

ខេត្តបន្ទាយមានជ័យ ៖ ពលករ​២​នាក់​ជួប​គ្រោះ​អកុសល ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ ធ្លាក់​ពីលើ​គ្រឿងចក្រ​លើកដាក់​អីវ៉ាន់​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា ២០១៩​។ សព​រង​គ្រោះ​ក្នុង​ករណី​នេះ​ត្រូវ​បាន​ភាគី​ថៃ បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រសៀល​ថ្ងៃ​ទី​១៣ សីហា​។

Loading...

ជន​រង​គ្រោះ​ឈ្មោះ វុ​ធ សាវ៉ា​ន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កម្មករ​សំណង់ ក្នុង​ខេត្ត​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ទំនប់ ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ម្នាក់​ទៀត ឈ្មោះ ញ៉ ណា​ក់ អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​កោះសន្តិភាព ថា​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​១២ សីហា ខណៈ​ប្តី​នាង និង​កម្មករ​រួម​អាជីព​ម្នាក់​ទៀត​ជា​អ្នកស្រុក​សំបូរ ខេត្ត​ត្បូងឃ្មុំ ដូច​គ្នា​អង្គុយ​លើ​គ្រឿង បញ្ជា​យក​ដែក​២​ដុំ​ឡើង​ទៅ​លើ​។

នាង​ថា ពេល​កំពុង​អង្គុយ​លើ​គ្រឿង​បញ្ជា​នោះ​បាន​កម្ពស់​ប្រហែល​៣​ទៅ​៤​ម៉ែត្រ ស្រាប់តែ​គ្រឿងចក្រ​នោះ​បាក់​ដែក​ទម្រ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​មក​ក្រោម​ប្តី​នាង​ស្លាប់ និង​កន្លែង​ឯ​កម្មករ​ម្នាក់​ទៀត របួសធ្ងន់​បាក់ដៃ និង​បាក់ជើង​ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​។ សព​ក្រោយ​បញ្ជូន​ដល់​កម្ពុជា សាច់ញាតិ និង​ប្រពន្ធ​ជន​រង​គ្រោះ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ម៉ុត សា​រុន