មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស

60

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នេះ​អាជ្ញាធរ​ខេត្តកោះកុង បាន​រៀបចំ​ពិធី​អបអរសាទរ​ដង្ហែ​ពាន​ជ័យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស​កម្រិត (CPA2) ពី​អង្គភាព​ផ្តល់​សេវា​សាធារណៈ ។ ចំណាត់ថ្នាក់​ជ័យ​លា​ភី​នេះ​ត្រូវ​បាន ផ្តល់​ជូន​ដោយ​គណៈកម្មការ​អន្តរ​ថ្នាក់​ជាតិ​បើក​ការ​ប្រឡង​ស្តី​ពី (​ការ​ផ្តល់​សេវា​សាធារណៈ​គំរូ​) នៅ​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​០៦-០៧ ខែសីហា ឆ្នាំ​២០១៩​កន្លង​ទៅ​។ ជ័យ​លា​ភី​គំរូ​ដែល​ទទួល​បាន​ពី​ការ​ប្រឡង​នោះ​រួម​មាន​៖

Loading...

មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ទូ​ទាំង​ប្រទេស​ក្នុង​ចំណោម​៣៦​មន្ទីរពេទ្យ​។ មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល​ទទួល​បាន​ជ័យ​លា​ភី​លេខ​៦ ទូ​ទាំង​ប្រទេស​ក្នុង​ចំណោម ៥០​មន្ទីរពេទ្យ​។ រីឯ​វិទ្យាល័យ​កោះ​ស្តេច ទទួល​បាន​ជ័យ​លា​ភី​លេខ​៦ ទូ​ទាំង​ប្រទេស​ក្នុង​ចំណោម​៥២៥ វិទ្យាល័យ​។ ពិធី​អបអរសាទរ និង​ដង្ហែ​ពានរង្វាន់​ជ័យ​លា​ភី​នេះ បាន​ប្រារ​ទ្ធ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម កាយ សំ​រួម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកោះកុង និង​លោក​ជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង​។

លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​បញ្ជាក់​ថា នេះ​ពិតជា​លទ្ធផល​ដ៏​ប្រសើរ​ក្នុង​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ ហើយ​វា​ក៏​ជា​គុណ​តម្លៃ​ដ៏​ធំធេង សម្រាប់​ខេត្តកោះកុង ដែល​អាច​ទទួល​បាន​នូវ​ជ័យ​លា​ភី​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​។ ទន្ទឹម​នេះ​ដែរ លោកស្រី​បាន​ស្នើ​សុំ​ឲ្យ​អង្គភាព​ដែល​ទទួល​បាន​ជ័យ​លា​ភី ខិតខំ​បន្ត​ដើម្បី​រក្សា និង​ស្វែងរក​ចំណាត់ថ្នាក់​លេខ​១​ឲ្យ​បាន​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​ៗ​។

លោក ហៃ ឡៃ​សុ​ន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង បាន​លើក​ឡើង​ថា មុន​នឹង​មន្ទីរពេទ្យ​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​ប្រកាស​ទទួល​បាន​ជ័យ​លា​ភី​ឯក ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​សុខាភិបាល​នេះ គឺ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​បាន​ខិតខំ ប្រឹងប្រែង​យ៉ាង​សកម្ម ដោយ​ដៃ​ម្ខាង​បម្រើ​ប្រជាពលរដ្ឋ និង​អ្នកជំងឺ ដៃ​ម្ខាង​ចូលរួម​រៀបចំ កែ​លំអ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ការងារ​អនាម័យ និង​កា​ងារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ដើម្បី​អភិវឌ្ឍ​អង្គភាព​នេះ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ និង​ត្រូវ​ឆ្លងកាត់​ការ​ចូលរួម​វាយតម្លៃ​យ៉ាង​សុ​ក្រិត យុត្តិធម៌ ពី​គណៈកម្មការ​អន្តរក្រសួង ជា​ច្រើន​ដំណាក់កាល​។

ក្នុង​នោះ​ដែរ លោក​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​រក្សា​ចំណាត់ថ្នាក់​នេះ​ទទួល​ពាន​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត សម្រាប់​គុណភាព​វិស័យ​សុខាភិបាល​។ ទន្ទឹម​នឹង​ទទួល​បាន​ចំណាត់ថ្នាក់​ជ័យ​លា​ភី​នេះ​ដែរ អង្គភាព​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ មន្ទីរពេទ្យ​បង្អែក​ខេត្ត ត្រូវ​ទទួល​បាន​ថវិកា​ចំនួន​២០០​លាន​រៀល ពី​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ មន្ទីរពេទ្យ​បង្អែក​ស្រែអំបិល​ទទួល​បាន​ជ័យ​លា​ភី​លេខ​៦ ទទួល​បាន​ថវិកា​ចំនួន​៤០​លាន​រៀល ពី​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។

រីឯ​វិទ្យាល័យ​កោះ​ស្តេច ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៦ ក៏​ទទួល​បាន​ថវិកា​ចំនួន​៤០​លាន​រៀល​ដែរ ពី​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ដែរ​។ ហើយ​ថវិកា​ទាំងនេះ អង្គភាព​ទទួល​បាន​ជ័យ​លា​ភី​ទាំង​៣​ខាងលើ បាន​ធ្វើការ​បរិច្ចាគ​មួយ​ចំនួន​ជូន​ទៅ​សាខា កាកបាទក្រហម​ខេត្ត ដើម្បី​ជួយ​សម្រាល​លើ​ការ​ចំណាយ​របស់​អាជ្ញាធរ​ខេត្ត​ទៅ​លើ​កិច្ចការ​មនុស្សធម៌ និង​សង្គម​ផង​ដែរ​៕ ដោយ ៖ ម៉ៅ គឹ​ម​ហេង