ប្រជាពលរដ្ឋ​ជាង​៧០​គ្រួសារ​សំណូម​អាជ្ញាធរ​ខេត្ត ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

34

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ចំនួន​ប្រមាណ​៧០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែសីហា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ក្រុម​អ្នក​សារព័ត៌មាន ដើម្បី​ទៅ​ជួយ​ផ្សព្វផ្សាយ ជូន​ពួក​គាត់​ដែល​កំពុង​តែ​មាន ទុក្ខ​លំបាក​ដោយសារ​តែ​វិវាទ​ដីធ្លី​ចំនួន​ប្រមាណ​ជាង​៤០​ហិ​កតា នៅ​ចំណុច​ចំ​ព្រីង និង​ចំណុច​អូរ​តូច ស្ថិត​នៅ​ក្នុងភូមិ ក្រាំង​លាវ ឃុំ​ក្រាំង​លាវ​។ តំណាង​ប្រជាពលរដ្ឋ​ជាង​៧០​គ្រួ​សារបាន​លើក​ឡើង​ថា​៖

Loading...

ដី​ដែល​មាន​ទំនាស់​នេះ​គឺ​រវាង ប្រជាពលរដ្ឋ​ជាង​៧០​គ្រួសារ និង​លោក អៀរ គុយ​ម៉ុង ហៅ​ក្តាន់ ដែល​វិវាទ​គ្នា​ជា​យូរណាស់​មក​ហើយ​។ ពួក​គាត់​បាន​លើក​ឡើង​ពី​ដំណើររឿង​ថា​៖ តាម​ពិត​លោក អៀរ អ៊ុយ​ម៉ុង ពិតជា​មាននៅ​ចំណុច​ចំ​ព្រីង ពី​ខាងត្បូង ផ្លូវ​ពិតមែន ប៉ុន្តែ​ដោយសារ​កាល​ណោះ លោក អៀរ គុយ​ម៉ុង មិន​បាន​កាន់កាប់​ដី​ឲ្យ​បាន​ច្បាស់លាស់ ស្រាប់តែ​អាជ្ញាធរ ភូមិ​ឃុំ (​មេ​ភូមិ​មេឃុំ​មុន​) យក​ដី​របស់​គាត់​លក់​ទៅ​ឲ្យ​លោក ឈឹ​ម ឈ​ន ទៅ​វិញ​។ នៅ​ពេល​ដែល​លោក អៀរ គុយ​ម៉ុង បានដឹង និង​បាត់ដី​ក៏​បាន​ប្ដឹង​អាជ្ញាធរ​ទាំងនោះ​ទៅ​តុលាការ​។

ដល់​ពេល​ប្តឹង​ទៅ​តុលាការ អាជ្ញាធរ​មូលដ្ឋាន រក​ដី​ឲ្យ​លោក អៀរ គុយ​ម៉ុង មិន​បាន​ក៏​មក​យក​ដី​របស់​ពួក​គាត់​ជាង​៧០​គ្រួសារ នៅ​ចំណុច​អូរ​តូច​ពី​ខាងជើង​ផ្លូវ​ទៅ​ឲ្យ​លោក អៀរ គុយ​ម៉ុង វិញ​។ ក្រោយ​ពី​អាជ្ញាធរ​បង្វែរ​ដី​របស់​ពួក​គាត់​ទៅ​លោក អៀរ គុយ​ម៉ុង ហើយ​លោក អៀរ គុយ​ម៉ុង បាន​រត់​ធ្វើ​ច្បាប់ កាន់កាប់​ពី​ពេល​នោះ​មក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​ចូល​អាស្រ័យ​ផល​បាន​។ ហេតុនេះ​ហើយ​ពួក​គាត់​សូម​សំណូមពរ ដល់​អាជ្ញាធរ​ខេត្ត មន្ត្រី​ជំនាញ និង​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​ពួក​គាត់​ផង​។ ជុំវិញ​បញ្ហា​នេះ​លោក អៀរ គុយ​ម៉ុង ហៅ​ក្តាន់ បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ប្រាប់​ភ្នាក់ងារ​យើង​ថា ដី​របស់​គាត់​គឺ​មាន​ទាំង​នៅ​សងខាង​ផ្លូវ ទាំង​ខាង​ចំ​ព្រីង​នៅ​ពី ខាងត្បូង​ផ្លូវ និង​ទាំង​អូរ​តូច​ពី​ខាងជើង​ផ្លូវ​។

លោក​បាន​បញ្ជាក់​ថា​៖ កាលនោះ ពិតជា​មាន​ដី​លោក ឈឹ​ម ឈ​ន ជាន់​ដី​គ្នា​ជាមួយ​គាត់​មែន គឺ​ដី​នៅ​ខាងត្បូង​ផ្លូវ​។ តែ​ក្រោយ​ពី​មានការ​សម្របសម្រួល​គ្នា រវាង​លោក​ជាមួយនឹង​លោក ឈឹ​ម ឈ​ន ក៏​បាន​បែងចែក​គ្នា​ដោយ​មួយ​ចំនួន​បាន​មក​លោក និង​មួយ​ចំនួន​ទៀត​បាន​ទៅ​លោក ឈឹ​ម ឈ​ន​។ លោក​បាន​ញ្ជា​ក់​ទៀត​ថា ដី​ចំណុច​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ឈរ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​នោះ មិនមែន​ដី​លោក​ទេ គឺជា​ដី​របស់​ម្តាយមីង ឪពុកមា​របស់​លោក​។ ចុង​ក្រោយ​លោក​បាន​បញ្ជាក់​ថា បើសិនជា​បងប្អូន ប្រជាពលរដ្ឋ​យល់​ថា​៖ គាត់ (​អៀរ គុយ​ម៉ុង​) រំលោភ​បំពាន​យក​ដី​ប្រជាពលរដ្ឋ សូម​ប្ដឹង ទៅ​អាជ្ញាធរ មន្ត្រី​ជំនាញ ដើម្បី​រក​ខុស​ត្រូវ​ចុះ ហើយ​បើ​រក​ឃើញ​ថា ដី​នោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​លោក​នឹង​ប្រគល់​នោះ​ឲ្យ​ពួក​គាត់​វិញ​។

ប៉ុន្តែ​បើ​ឃើញ​ថា ដី​នេះ​ជា​ដី​របស់​លោក លោក សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដកខ្លួន​ថយ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក សោម សុជាតា ប្រធាន​មន្ទីរ​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​ទូរ​សព្ទ័​ថា​៖ សូម​ឲ្យ​ប្រជាពលរដ្ឋ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​មន្ទីរ​របស់​លោក ដើម្បី​ធ្វើការ​ចុះ​ស្រាវជ្រាវ រក​ភាព​យុត្តិធម៌​ទាំងអស់​គ្នា​៕ ដោយ ៖ ពៅ សុខ​ហ៊ាន