សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​១១​នាក់ ដែល​គ្មាន​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ

76

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​១១​នាក់​ដែល​កំពុង​ស្នាក់​នៅ​ធ្វើការ​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើការ​ដោយ​ខុសច្បាប់ និង​គ្មាន​លិខិតឆ្លងដែន​ព្រមទាំង​សៀវភៅ​ការងារ​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នគរបាល​ចម្រុះ​ច្រើន​អង្គភាព​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​បាន ហើយ​ដកហូត​បាន​វត្ថុ​តាង​ពាក់ព័ន្ធ ទៅ​នឹង​ការងារ​ខុសច្បាប់​របស់​ពួក​គេ​មួយ​ចំនួន​ធំ​ផង​ដែរ​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​១១០C ផ្លូវ​លេច​១០១៣ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

Loading...

កម្លាំង​នគរបាល​ចម្រុះ ដែល​ចុះ​ទៅ​បង្ក្រាប​ជនជាតិ​ចិន​ទាំងនោះ​រួម​មាន​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កម្លាំង​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ​។ ព្រមទាំង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ជា​លទ្ធផល​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​១០​នាក់ និង​ស្ត្រី​១​នាក់ សរុប​១១​នាក់ ដែល​កំពុង​ស្នាក់​នៅ លួចលាក់​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ក្នុងផ្ទះ​លេខ​១១០C ផ្លូវ​លេខ​១០១៣ សង្កាត់​កា​កាប​១​នោះ​។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​កម្លាំង​នគរបាល​ខាងលើ​ដកហូត​បាន​កុំព្យូទ័រ​លើ​តុ​ចំនួន​២១​គ្រឿង​,​កុំព្យូទ័រ​យួរដៃ​០២​គ្រឿង ទូរស័ព្ទ​ប្រើ​ជា​រួម​ចំនួន​១១៩​គ្រឿង​,​ទូរស័ព្ទ​ផ្ទាល់ខ្លួន​មាន​ចំនួន​៧​គ្រឿង ព្រមទាំង​ឯកសារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ប៉ុន្តែ​នគរបាល​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ថា តើ​ក្រុម​នេះ​រកស៊ី​ខុសច្បាប់​នោះ រកស៊ី​អ្វី​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ឬ​អត់​នៅឡើយ​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​១​ក្រុម​ខាងលើ​នោះ​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ស្រាវ​ស្រាវ​ហើយ​បាន​ទទួល​ដំណឹង​តាម​រយៈ​មហាជន​លួច​ខ្សឹប​ប្រាប់​ថា មាន​ជនជាតិ​ចិន​ចំនួន​ប្រហែល​ពី​១០​ទៅ​២០​នាក់ បាន និង​កំពុង​ស្នាក់​នៅ​ដោយ​គ្មាន​លិខិតឆ្លងដែន គ្មាន​សៀវភៅ​ការងារ និង​ធ្វើការ​ដោយ​ខុសច្បាប់​ថែម​ទៀត​ផង​។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ហើយ​ទើប​កម្លាំង​ខាងលើ សុំ​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំងនោះ​រួម​ទាំង​វត្ថុ​តាង​នាំ​ទៅ​កាន់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា