ក្រោយ​ការ​សាកសួរ​រយៈពេល​១​ថ្ងៃ​ពេញ ឧកញ៉ា គង់ ក្រឹ​ង ត្រូវ​បាន​ឃាត់ខ្លួន

73

ខេត្តក្រចេះ ៖ ទីបំផុត​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសារ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្តក្រចេះ​កោះហៅ​ទៅ​សាកសួរ​ពេញ​១​ថ្ងៃ​(​ថ្ងៃ​ទី​១៥ ខែសីហា​)​នេះ​។ បើ​តាម​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​នៅ​យប់​ថ្ងៃ​ដដែល​នេះ​ថា ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដ៏​ល្បីល្បាញ​ប្រចាំ​ខេត្តក្រចេះ​គឺ ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសារ​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ឃាត់ខ្លួន​ហើយ​។

Loading...

សូម​បញ្ជាក់​ថា នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែសីហា បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។

ឧកញ៉ា គង់ ក្រឹ​ង ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ដឹង​យ៉ាង​ច្បាស់​ថា ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដ៏​ល្បីល្បាញ​ក្នុង​ទឹកដី​ស្រុក​ស្នួល ខេត្តក្រចេះ​ប្រហាក់ប្រហែល​គ្នា​នឹង​ឧកញ៉ា ស៊ឹង សំ​អុល ជា​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ប្រចាំ​ខេត្តមណ្ឌលគិរី ហើយ​ឧកញ៉ា ស៊ឹង សំ​អុល ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ដែរ​។ ដូច្នេះ​វាសនា​ឧកញ៉ា គង់ ក្រឹ​ង ជា​ឈ្មួញ​បំ​ផ្លិ​ញ​បំផ្លាញ​ព្រៃឈើ ដ៏​ល្បីល្បាញ​នេះ ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ទេ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់