តំណាង​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា គាំទ្រ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ

41

រាជធានី​ភ្នំពេញ ៖ លោក សោម អូន តំណាង​សភា​សហជីព​ជាតិ​កម្ពុជា​បាន​ប្រកាស​គាំទ្រ​រាល់ កំណែ ទម្រង់​របស់​រដ្ឋាភិបាល ដើម្បី​ធានា​បាន​នូវ​បរិយាកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​។ លោក​បាន​ទទួល ស្គាល់​ថា កម្ពុជា​មានការ​ឈប់​សម្រាក​ច្រើន​ជាង​បណ្តា​ប្រទេស​អាស៊ាន​រហូត​ដល់​២២​ថ្ងៃ សម្រាប់​ឆ្នាំ​២០២០​ខាង​មុខ​។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សោម អូន បន្ត​ថា កំណែទម្រង់​នេះ​នឹង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ និង​បញ្ហា​ប្រឈម ជា​ពិសេស​នៅ​ពេល​មានការ​គម្រាម​ពី​បរទេស​ដូច​ជា​ករណី​EBA​។ កំណែទម្រង់​នេះ នៃ​ថ្ងៃ​ឈប់​សម្រាក​នេះ នឹង​ធានា​បានការ​ប្រកួតប្រជែង និង​កំណើត​ន​សេដ្ឋកិច្ចជាតិ​។

Loading...

លោក សោម អូន បាន​អះអាង​ថា កម្មករ​ដែល​កំពុង​បម្រើ​ការងារ​តាម​វិស័យ​នានា​នៅ​កម្ពុជា​មាន​ប្រមាណ​១​លាន​នាក់ ហើយ​ក្នុង​នោះ​សហជីព​របស់​លោក​មាន​សមាជិក​ប្រមាណ​៤​ម៉ឺន​នាក់​ផង​ដែរ​។ លោក ណា​ង សុធី តំណាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ថា ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ពី​២៨​ថ្ងៃ មក​ត្រឹម​២២​ថ្ងៃ នេះ​ជា​ការ​ធ្វើ​កំណែទម្រង់​មួយ​ថ្មី​នឹង​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០២០​តទៅ​។ ចំពោះ​បញ្ហា​នេះ ខាង​ម្ចាស់​ក្រុមហ៊ុន ឬ​និយោជក​មានការ​ត្រេកអរ និង​ជា​ការ​សម្រួល​ដល់​ផលិតកម្ម​ជាតិ ដើម្បី​ឲ្យ​ការ​ផលិត​បាន​ច្រើន​។

លោក ណា​ង សុធី បាន​ពន្យល់​ថា ដើម្បី​ផលិត​បាន​ច្រើន​ត្រូវការ​អ្នកជំនាញ ឧបករណ៍​ផលិតកម្ម និង​ពេលវេលា ឬ​ថ្ងៃ​ធ្វើការ​ងារ​ដែល​ពេល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​កាត់​បន្ថយ​៦​ថ្ងៃ នៅ​សល់​២២​ថ្ងៃ​ឈប់​។ តែ​ម្ចាស់​ក្រុមហ៊ុន ឬ​និយោជក​ថា​នៅ​បណ្តា​ប្រទេស អាស៊ាន គេ​ឈប់​តែ​១៦​ថ្ងៃ​ក្នុង​១​ឆ្នាំ​។ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ការ​អញ្ជើញ​មន្ត្រី​ជំនាញ ចូលរួម​សន្និសីទ​នេះ គឺ​មាន​ទិស​ដៅ និង​គោលបំណង​ពន្យល់​ឆ្លើយ​តប​នឹង​កង្វល់ របស់​សារ​ធារ​ណៈ​ជន លើ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក ។

ក្នុង​នោះ​រដ្ឋាភិបាល​សម្រេច​លុប​ចោល ថ្ងៃ​ទី​២៣ តុលា និង​ថ្ងៃ​ទី​១០​ធ្នូ ចេញពី​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​សរុប​មាន​២២​ថ្ងៃនេះ​ផង​ដែរ​។ គួរ​បញ្ជាក់​ថា ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា​,​សិង្ហ​បុរី ឈប់​១២​ថ្ងៃ​, វៀតណាម ឈប់​១៣​ថ្ងៃ​, ឡាវ​ឈប់​១២​ថ្ងៃ ថៃ​ឈប់​១៦​ថ្ងៃ​ក្នុង​១​ឆ្នាំ​៕ ដោយ ៖ ស​.​សុខុម