ទីតាំង​លក់​ឱសថ និង​ព្យាបាល​ជំងឺ​អត់​ច្បាប់​របស់​ជនជាតិ​ចិន​២​កន្លែង ត្រូវ​សមត្ថកិច្ច​បញ្ជា​ឲ្យ​បិទទ្វារ

64

ខេត្តស្វាយរៀង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ ម្សិលមិញ​ក្រុមការងារ​លេខាធិការដ្ឋាន លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ខេត្តស្វាយរៀង​បាន​ចុះ​បិទ​ទីតាំង​ផ្តល់​សេវា​ព្យាបាល​ជំងឺ និង​លក់​ឱសថ អត់​ច្បាប់​ចំនួន​២​កន្លែង​របស់​ជនជាតិ​ចិន​នៅ​ក្រុង​បា​វិត​។ នៅ​ក្នុង​ការ​ចុះ​ប្រតិបត្តិការ​បិទ​ទីតាំង​លក់​ឧស​ថ ដែល​គ្មាន​ច្បាប់​នេះ​មានការ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្តស្វាយរៀង លោក តូច ប៉ូ​លី​វ៉ា ជា​ប្រធាន គណៈកម្មការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ខេត្ត​ក្នុង​នោះ​ក៏​មាន ការ​ចូលរួម​ពី​អភិបាលរង​ក្រុង​បា​វិត​លោក ម៉ែ​ន ចាន់​រ៉ា ជា​អនុប្រធាន​គណៈកម្មការ​លុប​បំបាត់ ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ក្រុង​បា​វិត​។

Loading...

ពាក់ព័ន្ធ​នឹង​ការ​ចុះ​បិទ​ទីតាំង​នេះ​ដែរ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០២​រសៀល​នេះ​ថា​៖ «​ការ​ចុះ​ទៅ​នេះ​ដែរ​គឺ​ដើម្បី​ធ្វើការ​បិទ​មិន​ឲ្យ​ដំណើរការ នូវ​ទីតាំង​លក់​ឧស​ថ​របស់​ជនជាតិ​ចិន​នេះ​ក៏​ដូច​ជា​ធ្វើការ​ដកហូត​ឧស​ថ​ដែល​គ្មាន​ទិដ្ឋាការ​ពី​ក្រសួងសុខាភិបាល​ដែល​ការ​នាំ​ចូល​នេះ​គឺ​ខុស​ទៅ​នឹង​ច្បាប់​ឧស​ថ ព្រោះ​ឧស​ថ​ទាំងអស់​ត្រូវ​សុំ​ទិដ្ឋាការ​ពី​ក្រសួង សុខាភិបាល ហើយ​ម្យ៉ាងវិញទៀត​គ្រូពេទ្យ​ជនជាតិ​ចិន​ដែល​មក​បើក​ឧស​ថ​ដ្ឋា​ន​ខាងលើ​នេះ គឺ​ខ្វះ​ការ​ទំនាក់ទំនង​ជាមួយនឹង​អាជ្ញាធរ​ដើម្បី​សិក្សា​ពី​ច្បាប់​របស់​កម្ពុជា​ថា ដើម្បី​បើក​កន្លែង​ព្យាបាល​ជំងឺ បាន ថា​ត្រូវធ្វើ​យ៉ាងណា​ខ្លះ?»

ចំពោះ​ការ​បិទ​ទីតាំង​នេះ​ដែរ យោង​តាម​មន្ត្រី​នៃ​លេខាធិការដ្ឋាន លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ទី​១ នៃ​ការ​ចុះ​បិទ​ទី​តាំ​លក់​ឱសថ គ្មាន​ច្បាប់ នៅ​ក្នុង​ផ្សា​របា​វិត​(​ម៉ុ​កបាយ​) ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត អ្នក​ផ្តល់​សេវា​ឈ្មោះ WangYu Wen ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ជនជាតិ​ចិន និង​ឈ្មោះ Wang Yu Hui ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ចិន ជា​ម្ចាស់​ទីតាំង​។ ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ថា ទីតាំង​នេះ មាន​ដាក់​តាំង​ថ្នាំ​លក់​ចំនួន​០៤​ទូ និង​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​សម្រាក​ព្យាបាល​ចំនួន​០៤​គ្រែ ហើយ​មាន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ដាក់​សេរ៉ូម​ចំនួន​០៤​នាក់​ទៀត​ផង​។

ក្រុមការងារ​លេខាធិការដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​នេះ​ចំនួន​៣​លើក​រួច​មក​ហើយ ប៉ុន្តែ​នៅ​តែ​បន្ត​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដដែល​។ ក្រុមការងារ​បាន​ធ្វើការ​ដកហូត​ឱសថ និង​សម្ភារ​បរិក្ខារ​ពេទ្យ​នៅ​ក្នុង​បន្ទប់​ព្យាបាល​ជំងឺ​នេះ ធ្វើ​ជា​វត្ថុ​តាង​រួម​មាន​៖ ឱសថ​ចំនួន​០៣​កេស​,​ឱសថ​ដែល​បាន​ដកហូត សុទ្ធតែ​ជា​ឱសថ​ផលិត​នៅ ប្រទេស​ចិន ហើយ​មិន​មាន​បិទ​បញ្ជី​ការ​ទេ​។ មន្ត្រី​បន្ត​ថា​ទីតាំង​ទី​២ នៃ​ការ​ចុះ​បិទ​ទី​តាំ​លក់​ឱសថ​គ្មាន​ច្បាប់ នៅ​ក្នុង​កាស៊ីណូ​ឡឺ​ម៉ា​កាវ អ្នក​ផ្តល់​សេវា​ឈ្មោះ លី ពឹង​យ៉ុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ចិន និង​ឈ្មោះ លី ពឹង​ឃី​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ចិន​ជា​ម្ចាស់​ទីតាំង ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​គ្រូពេទ្យ​ខ្មែរ​។

ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ថា​ទីតាំង​នេះ មាន​ដាក់​តាំង​ថ្នាំ​លក់​ចំនួន​០៦​ទូ និង​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​សម្រាក​ព្យាបាល​ចំនួន​០៥​គ្រែ ហើយ​មាន​ថ្នាំ និង​សេរ៉ូម​ស្តុក​ទុកជា​ច្រើន​កេស​នៅ​ក្នុង​បន្ទប់ទឹក និង​តាម​កៀនជញ្ជាំង​។ ក្រុមការងារ​លេខាធិការដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​នេះ​កន្លង​មក​ព្រមទាំង​បាន​ធ្វើ​កិច្ចសន្យា​ឈប់​ផ្តល់​សេវា​រួច​មក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​តែ​បន្ត ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ដដែល​។ ក្រុមការងារ​បាន​ធ្វើការ​ដកហូត​ឱសថ និង​សម្ភារ​បរិក្ខារ​ពេទ្យ នៅ​ក្នុង​បន្ទប់​ព្យាបាល​ជំងឺ​នេះ​ធ្វើ​ជា​វត្ថុ​តាង​រួម​មាន​៖ ឱសថ​ចំនួន​២៣​កេស​។ ឱសថ​ដែល​បាន​ដកហូត​សុទ្ធតែ​ជា​ឱសថ​ផលិត​នៅ​ប្រទេស​ចិន​ហើយ​មិន​មាន​បិទ​បញ្ជី​ការ​ទេ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន