ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​វង្វេង​ឪពុក​ម្ដាយ ដើរ​យំ​តាម​ផ្លូវ​គួរ​ឲ្យ​អាណិត

143

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​២​ឆ្នាំ​ប៉ុណ្ណោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដើរ​តាម​ផ្លូវ និង​ស្រែកយំ​យ៉ាង​ខ្លាំង បន្ទាប់​មក​អ្នក​ភូមិ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​អាជ្ញាធរ​ភូមិ​ជួយ​ថែរក្សា និង​ស្វែងរក​ឪពុក​ម្ដាយ​។ លុះ​រយៈពេល​ជាង​២​ម៉ោង​ក្រោយមក​ទើប​លេចមុខ​ស្ត្រី​ជា​ម្ដាយ​ដែល​ជា​កម្មករ សំណង់ ទៅ​ទទួលយក​វិញ​ដោយ​ការ​យំសោក​ព្រោះតែ​កូន​តូច​នេះ​ដើរ​ចេញពីផ្ទះ​តាម​បង​របស់​គេ​ម្នាក់​ទៀត ហើយ​ក៏​ស្រាប់តែ​វង្វេង​បាត់​តែ​ម្ដង​។

Loading...

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ថ្មគោល​ទី​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្មេង​ប្រុស​ខាងលើ​មាន​អាយុ​២​ឆ្នាំ ហើយ​ទាំង​រូបគេ និង​ស្ត្រី​ជា​ម្ដាយ​មិន​ត្រូវ​បាន​ស្គាល់ ឈ្មោះ​ឡើយ គ្រាន់តែ​ដឹង​ថា​ជា​កម្មករ​សំណង់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​២​នោះ​ដែរ​។ អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​តូច​ម្នាក់​នេះ​ដើរ​បណ្ដើរ និង​ស្រែកយំ​បណ្ដើរ​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅហែង នៅ​តាម​ផ្លូវ​ក្នុងភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​២​នេះ ដោយ​មិនដឹង​ថា​ដើរ​ចេញពី​កន្លែង​ណា​មក​ទេ​។

បន្ទាប់​ពី​ឃើញ​ក្នុង​ស្ថានភាព​គួរ​ឲ្យ​អាណិត​បែប​នេះ ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ចាប់​លើក​ពរ​រួច​បាន​លួង​ឲ្យ​ស្ងៀម ប៉ុន្តែ​ក្មេង​នេះ​មិន​ព្រម​បាត់​យំ​ទេ ទើប​នាំ​ទៅ​កាន់​ទីស្នាក់ការ​ភូមិ​ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ​ភូមិ​ជួយ​ថែរក្សា និង​ស្រាវជ្រាវ​រក​ឪពុក​ម្ដាយ​។ ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ក្មេង​ប្រុស​ខាងលើ​បាន​ស្រែកយំ​រហូត​ដល់​ដេក​លក់ ហើយ​ភ្លាម​ៗ​អាជ្ញាធរ​បាន​ប្រកាស​រក​ឪពុក​ម្ដាយ និង​សាច់ញាតិ​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ​។ លុះ​រយៈពេល​ជាង​២​ម៉ោង​ក្រោយមក​គឺ​នៅ​វេលា​ម៉ោង​ជិត​ជាង​៣​រសៀល​ថ្ងៃ​ដដែល​ទើប​ស្ត្រី​ជា​ម្ដាយ​ដើរ​ផង​យំ​ផង​ទៅ​ទទួលយក​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ដោយ​គាត់​បាន​និយាយ​ថា គាត់​គឺជា​កម្មករ​សំណង់​ដែល ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​នៅ​ឆ្ងាយ​ពី​ទីនោះ​បន្តិច ហើយ​កូនប្រុស​របស់​គាត់​ម្នាក់​នេះ​បាន​ដើរ​ចេញ ពី​ផ្ទះ ជាមួយ​កូន​របស់​គាត់​ម្នាក់​ទៀត​ហើយ​ក៏​ស្រាប់តែ​វង្វេង​បាត់​បែប​នេះ​តែ​ម្ដង​។ គាត់​មានការ​ភិតភ័យ យ៉ាង​ខ្លាំង និង​បាន​តាម​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​មិនឃើញ​សោះ លុះ​ក្រោយមក​ទើប​ឮដំណឹង​ថា អ្នក​ភូមិ​បាន​នាំ​កូនប្រុស​គាត់​ទៅ​កាន់​ទីស្នាក់ការ​ភូមិ ទើប​គាត់​មក​យក​កូន ត្រឡប់​ទៅ​វិញ ហើយ​គាត់​ក៏​សូម​អរគុណ​អ្នក​ភូមិ និង​អាជ្ញាធរ​ដែល​បាន​ជួយ​ថែរក្សា​កូន​របស់​ដោយ​សុវត្ថិភាព គាត់​នេះ​៕ ដោយ ៖ យន់ ស៊ី​ថា