ប្រពន្ធ​នៅ​ឆ្ងាយ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ​និ​តិ​ជន ក្លាយជា​អ្នកទោស

170

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​ពោត​ឆា​ម្នាក់​មាន​ប្រពន្ធ និង​កូន រួច​ទៅ​ហើយ ប៉ុន្តែ​ប្រពន្ធ និង​កូន​រស់នៅ​ឯ​ស្រុក​កំណើត ចំណែក​ខ្លួន​បាន​មក​លក់​ពោត​ឆា​នៅ​ឯ​ភ្នំពេញ​ជា​ច្រើន​ខែ​មក​ហើយ ដោយសារ​តែ​បែក​ប្រពន្ធ​យូរ​ជូរ​មាត់​ក៏​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ក្មេង​ស្រី​ជំទង់​ម្នាក់​។ រហូត​ឈាន​ដល់​ដឹក​ដៃ​គ្នា​ចូល​ក្រេបទឹក​ឃ្មុំ​នៅ​ក្នុងផ្ទះ​សំណាក់​បាន​សម្រេច​ជា​បន្តបន្ទាប់​២​ដង ហើយ​នៅ​លើក​ទី​១​បាន​សុខសាន្ត​គ្នាន​បញ្ហា​អ្វី​ឡើយ​។

Loading...

លុះដល់​លើក​ទី​២​ក្រោយ​ពីរ​រួម​ភេទ​រួច​បាន បែកធ្លាយ​រឿង​ដឹង​ដល់​ឪពុក​ម្ដាយ​ខាង​ស្រី​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បុរស​ជា​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ លី គី​ម​ឆាយ អាយុ​២២​ឆ្នាំ មុខរបរ​លក់​ពោត​ឆា ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខាងលើ និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

ដោយឡែក​ក្មេង​ស្រី​ជា​គូសង្សារ​មាន​អាយុ​១៥​ឆ្នាំ ហើយ​ស្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​បុរស​នេះ​គឺ​យោង​ទៅ​លើ​ពាក្យបណ្ដឹង​របស់ អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​ថ្វី​ដ្បិតតែ​សេចក្ដី​ស្នេហា​ឈាន​ដល់​ការ​ដេក​រួមដំណេក​ជាមួយ​គ្នា​ដោយ​ការ​ព្រមព្រៀង​ក៏​ពិតមែន ប៉ុន្តែ​តាម​ច្បាប់​គឺ​បុរស​នោះ​ខុស​ហើយ​។ ព្រោះ​ខាង​ស្រី​ជា​អ​និ​តិ​ជន (​ជា​ជន​មិន​ទាន់​គ្រប់​អាយុ​) ដូច្នេះ​ក្រោយ​ពី​ការ​ឃាត់ខ្លួន​កម្លាំង​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បញ្ជូន​បន្ត​ទៅ​កាន់ សាលាដំបូង​រាជ​ធា​បី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​។

ដោយ​ឡែ​បុរស​ជា​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិនមែន​នៅ​ក​ម្លោះ​នោះ​ទេ គឺ​មាន​ប្រពន្ធ​និង​កូន​រួច​ទៅ​ហើយ​។ ប៉ុន្តែ​ប្រពន្ធ​បាន​ស្នាក់​នៅ​ឯ​ផ្ទះ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ឯណោះ ចំណែក​ខ្លួន​បាន​ចាក​ចេញពីផ្ទះ​មក​រស់នៅ​ភ្នំពេញ​តែ​ម្នាក់ឯង ច្រើ​ប​ខែ​កន្លង​មក​ហើយ ដើម្បី​ប្រកប​របរ​លក់​ពោត​ឆា​។ ក្រោយមក​ខ្លួន​បាន​ជួប​ជាមួយនឹង​ក្មេង​ស្រី​ខាងលើ ហើយ​ក៏​លង់​នឹង​សម្រស់​នាង​ដកចិត្ត​មិន​រួច​ទើប​ខ្លួន​បាន​ទាក់ទង​សុំ​សេចក្ដី​ស្នេហា​ពី​នាង​រហូត​នាង​យល់ព្រម​ស្រឡាញ់​ខ្លួន​វិញ​។ បុរស​ខាងលើ​បាន​បន្ត​ថា ពួក​យើង​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិតរ​មួ​ត អស់​រយៈពេល​៥​ទៅ​៦​ខែ​កន្លង​មក​ហើយ ដោយ​ភាគី​ខាង​ស្រី​មិនដឹង​ថា​ខ្លួន​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ ទេ​ដោយ​នាង​បាន​សួរ​ពី​រឿង​នេះ​ដែរ​ប៉ុន្តែ​ខ្លួន​បាន​លាក់ និង​កុហក​ថា​អត់​ទាន់​មាន​ទេ​។

រហូត​ដល់​វេលា​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ ពួក​ខ្លួន​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់​មួយ​កន្លែង​ស្ថិត​នៅ​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បាន​ព្រមព្រៀង​រួមរ័ក​មេត្រី ជាមួយ​គ្នា​បាន​សម្រេច​ម្តង ហើយ​ក៏​បាន​ដេក​នៅ​ជាមួយ​គ្នា​ពេញ​១​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១២ ខែសីហា ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន​។ បន្ទាប់​មក​បាន​ទាក់ទង​គ្នា​ជា​ធម្មតា លុះដល់​យប់​ថ្ងៃ​ទី​១៥ ខែសីហា នាង​ជា​សង្សារ​បាន​ឆាត​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហៅ​ឲ្យ​ខ្លួន​ទៅ​យក ដើម្បី​ទៅ​ដេក​នៅផ្ទះ​សំណាក់ ដដែល​ជាមួយ​នាង ហើយ​ខ្លួន​ក៏​បាន​ទៅ​យក​ដោយ​គ្មាន​ការ​រុញ​រា​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ចូល​ដល់​ផ្ទះសំណាក់​ក៏​បាន​ព្រមព្រៀង​រួមរ័ក​គ្នា​រហូត​បាន​សម្រេច​ម្តងទៀត និង​បាន​ដេក ជាមួយ​គ្នា នៅ​ទីនោះ​ពេញ​១​យប់​ទៀត រហូត​ដល់​ព្រឹក​ឡើង ថ្ងៃ​ទី​១៦ ខែសីហា ទើប​ខ្លួន​បាន​ចេញពី ផ្ទះសំណាក់ មុន​ត្រឡប់​ទៅ​ផ្ទះ​ជួល​មុខ​។ ចំណែក​នាង​បាន​ស្ថិត​នៅ​ក្នុង ផ្ទះសំណាក់​នោះ រហូត​ដល់​ម៉ោង ១១​ព្រឹក​ថ្ងៃ​ដដែល ទើប​នាង​ឆាត​ហៅ​ឲ្យ​ទទួលយក​នាង​ចេញពីផ្ទះ​សំណាក់​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​បែកធ្លាយ​រឿង​ដល់​ឪពុក​ម្តាយ​នាង​ប្តឹង​នគរបាល​ឃាត់ខ្លួន​បែប​នេះ​តែ​ម្តង​។

ចំណែក​នាងរង​គ្រោះ បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា រូប​នាង​បាន​ទាក់ទង​ជាមួយ​បុរស​ខាងលើ​រយៈពេល​ជិត​១​ឆ្នាំ កន្លង​មក​ហើយ ដោយ​មិនដឹង​ថា បុរស​ខាងលើ​មាន​ប្រពន្ធ និង​កូន​នោះ​ទេ​។ ព្រោះ​បុរស​នេះ​នៅ​ក្មេង និង​ប្រាប់​ថា មិន​ទាន់​មាន​ប្រពន្ធ​ទេ ទើប​នាង​ខំ​តែ​ជឿ និង​ព្រម​ប្រគល់​ខ្លួនប្រាណ​ជូន​ដោយ​មិន​ស្ដាយ ស្រណោះ ប៉ុន្តែ​មិន​នឹក​ស្មានថា ទីបំផុត​បុរស​នេះ​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ ហើយ​មក​បោកប្រាស​នាង​បែប​នេះ​សោះ​៕ ដោយ ៖ យន់ ស៊ី​ថា