លោកតា​ដំបងគ្រញូង​ជាទី​កន្លែង​ដ៏​ពេញ​និយម សម្រាប់​សិស្ស​បន់ស្រន់​ពេល​កៀក​ថ្ងៃ​ប្រលង

97

ខេត្តបាត់ដំបង ៖ ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ចាប់ផ្ដើម​នៅ​ថ្ងៃស្អែក​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​ក្រើនរំលឹក​ក៏​ដូច​ជា​អំពាវនាវ ទៅ​ដល់​បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវ​គោរព​តាម​បទ​បញ្ញត្ត​របស់​ក្រសួង​ឲ្យ​បាន​ល្អ ដោយ​មិន​ត្រូវធ្វើ​ផ្ទុយ ពី​បទ​បញ្ញត្ត​របស់​ក្រសួង​ឡើយ​។ ក្នុង​នោះ​អាជ្ញាធរ​ខេត្តបាត់ដំបង ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ ទាំងឡាយ​មិន​ត្រូវ​ដំឡើង​ថ្លៃ​ឲ្យ​ហួសហេតុ​ពេក​ដែរ នៅ​ពេល​ដែល​មាន​សិស្ស​មក​ពី​ឆ្ងាយ​ៗ ស្នាក់​នៅ​ក្នុង​រយៈពេល ប្រឡង​នេះ​។

Loading...

លោក យី សុង​គី ប្រធាន​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង បាន​បង្ហាញ​ថា ថ្ងៃស្អែក​នេះ មណ្ឌល​ប្រឡង​បាក់​ឌុ​ប​នឹង​បើក​ទាំងអស់​នៅ​ទូទៅ​ក្នុង​ខេត្ត​មាន​ចំនួន​១១ មណ្ឌល ដោយ​មាន​បេក្ខជន​ចំនួន ៧,២៧៤​នាក់ (​ស្រី ៤,០៧៤​នាក់​) ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ថ្ងៃ​ទី​១៩ សីហា ២០១៩ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទ​ប្បញ្ញត្តិ​ប្រលង និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​គ្រប់​មណ្ឌល​ប្រលង ទូ​ទាំង​ខេត្ត ដោយ​សិស្ស​ទាំងអស់​បាន​ពិនិត្យ​មើល​ត្រៀម​រួចរាល់​អស់ហើយ ដែល​ក្នុង​នោះ​មាន​បេក្ខភាព សិស្ស​មិន​គោរព​វិន័យ​ក្នុង​សាលា មក​រៀន​មិន​បាន​ទៀងទាត់ មិន​អាច​អនុគ្រោះ​ឲ្យ​បាន បោះបង់​ការ​សិក្សា មាន​ចំនួន​១១៦​នាក់ ត្រូវ​មិន​អនុញ្ញាត​ឲ្យ​ប្រឡង​ឡើយ​។

ក្នុង​នោះ​នា​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ កងកម្លាំង​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ដឹកនាំ​កម្លាំង​ចំនួន​១៥៤​នាក់ ជា​កម្លាំង​ផ្នែក​អន្តរាគមន៍​ចរាចរ សន្តិសុខ​ផ្ទៃក្នុង សណ្តាប់ធ្នាប់ តម្រួត​បទបញ្ជា ចុះ​តាម​គោលដៅ​ទាំង​១១ មណ្ឌល ក្នុង​នោះ​កម្លាំង​អន្តរាគមន៍​ចល័ត​តាម​មណ្ឌល​សំខាន់​ៗ​ខាងកើត​ស្ទឹង​សង្កែ​មាន​៤​មណ្ឌល មាន​សាលា​គរុកោសល្យ​, សាលា នេ​ត យ៉ង់ សាលា​សម្តេច​ជា ស៊ី​ម និង​សាកលវិទ្យាល័យ​បាត់ដំបង សំខាន់​ការ​បន់ស្រន់​នៅ​រង្វង់​មូល​លោកតា​ដំបងគ្រញូង ដើម្បី​ចុះ​រក្សា​សន្តិសុខ រៀបចំ​សណ្តាប់ធ្នាប់ តាម​ទី​សាធារណៈ និង​សុវត្ថិភាព​តាម​ផ្ទះសំណាក់​នៅ​ពេល​មាន​សិស្ស​មក​ពី​ស្រុក​ឆ្ងាយ​ៗ ច្រើន​កើនឡើង​ក្នុង​ថ្ងៃ​ប្រលង​នេះ​។

កូនសិស្ស​យុវតី​ឈ្មោះ ម៉េ​ង គឹ​ម​ហ៊ុន អាយុ​១៨​ឆ្នាំ មាន​គ្នា​៤​នាក់ មក​ពី​ស្រុក​សំពៅ​លូន ដែល​កំពុង​ទិញ​ដ​ង្វា​យ​សែន​លោកតា​ដំបងគ្រញូង​បាន​បញ្ជាក់​ថា ការ​បន់ស្រន់​នេះ​គឺ​គ្មាន​អ្វី​ក្រៅពី​សុំ​ឲ្យ​លោកតា​ជួយ កុំ​ឲ្យ​ភ័យ កុំ​ឲ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់​ពេល​កំពុង​ប្រឡង ហើយ​សូម​ចេញ​វិញ្ញាសា​មក​ចំ​កន្លែង​ណា​ដែល​ខ្លួន​បាន​រៀន​តែ​ប៉ុណ្ណោះ ព្រោះ​អ្វី​ៗ​គឺ​មាន​ជំនឿ​ជឿជាក់​ថា ក្នុង​វិញ្ញាសា​ទាំងអស់​ដែល​បាន​រៀនសូត្រ​កន្លង​មក បើ​ចេញ​ចំ​ហើយ​គឺ​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ឡើយ​។ ចំណែក​យុវតី នូ ស្រន់ អាយុ​២០​ឆ្នាំ មក​ពី​ស្រុក​កំ​រៀង មាន​គ្នា​៤​នាក់​ដែរ​បាន​យួរ​ចេក​មក​ពី​ផ្ទះ​មក​ចំនួន​៤​ស្និត និង​ធូប​១​ដុំ ដែល​អស់​តម្លៃ​តែ​១​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ដែល​ចៀសវាង​ការ​ទិញ​នៅ​ទី​នេះ ត្រូវ​អស់​ម្នាក់​១​ម៉ឺន​រៀល ក្នុង​សំណែន​១​ថាស ហើយ​គោលបំណង​គឺ​ដូច​គ្នា​។

អ៊ុំ​ស្រី ជី លាង អ្នកលក់ ផ្កាឈូក ចេក​ធូប និង​គ្រឿង​សំណែន​ផ្សេង​ៗ​បាន​បញ្ជាក់​ថា ខ្ញុំ​ទើបតែ​មក​ជួយ​លក់​កូន​ក្នុង​រសៀល​នេះ ដែល​មានកូន​សិស្ស ត្រូវ​ទិញ​សំណែន​ច្រើន​ខុស​ពី​រាល់ថ្ងៃ ដែល​ការ​លក់​មិន​ដំឡើង​ថ្លៃ​ទេ តែ​មាន​តម្រូវការ​ច្រើន ទើប​គាត់​មក​ជួយ​លក់​កូន ដែល​កំពុង​ទៅ​យក​ផ្កាឈូក និង​ចេក​មក​លក់​បន្ថែម​ទៀត​ដែល​ក្នុង​ល្ងាច​នេះ លក់​បាន​ប្រមាណ​ជា​១០០​នាក់​ហើយ​៕ ដោយ ៖ ហួត សុង​ហាក់