បេក្ខជន​ប្រឡង​បាក់​ឌុ​ប​២​រូប អាច​នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ

55

រាជធានី​ភ្នំពេញ ៖ ទោះបី​ដំណើរការ​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ២០១៩ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ទី​១ ដំណើរការ​បាន​ល្អ និង​ដោយ​រលូន ហើយ​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ក៏​ដោយ តែ នៅ​ថ្ងៃ​ទី​១​នេះ បេក្ខជន​អវត្តមាន​សរុប​ចំនួន ១ ៧៤៥​នាក់ ចំណោម​បេក្ខជន​ចំនួន ១១៧ ០៤៣​នាក់ ស្រី ៦០ ៤២៧​នាក់​ផង​ដែរ​។

Loading...

ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា ដំណើរការ​ល្អ​ដោយសារ​បេក្ខជន​គោរព​តាម បទ​ប្ប​ញ្ញាត្តិ ដែល​ក្រសួង​បាន​ដាក់​ចេញ មន្ដ្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​អនុវត្ត​ការងារ​ប្រកបរ​ដោយ​ការ​ទទួល ខុស​ត្រូវ​ខ្ពស់ និង​គោរព​តាម​កម្រង​ភារកិច្ច និង​សេចក្ដីណែនាំ​បច្ចេកទេស​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ដោយ​មាន​កិច្ចសហការ​ណ៍​យ៉ាង​ជិត​សិ្ន​ទ្ធ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មន្ដ្រី​សុខាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

អាកាសធាតុ​នា​ថ្ងៃ​ទី​១​នេះ មាន​ភាព​អំណោយផល​ល្អ​ដល់​បេក្ខជន និង​ដល់​ដំណើរការ​រៀបចំ​ការ​ប្រឡង​ផង​ដែរ​។ នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ មាន​ភាព​ស្ងប់ស្ងាត់ របៀបរៀបរយ និង​សណ្ដាប់ធ្នាប់​ល្អ​។ ដំណើរការ​សំ​ណេ​រ​នៅ​តាម​មណ្ឌល​នីមួយ​ៗ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ល្អ​ប្រសើរ ដោយសារ​មានការ​បំពេញ ការងារ​ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស​ប្រចាំ​មណ្ឌល​ជំនួយការ​អប្បមាទ​ទូ​ទាំង​ប្រទេស ប្រធាន អនុប្រធាន​មណ្ឌល​ប្រឡង គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ និង​គណៈកម្មការ​អនុរក្ស​។

តាម​ការ​កំណត់​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​១​នេះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ដ្រ បាន​ប្រឡង​មុខ​វិជ្ជា​ប្រវត្តិវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ភាសាបរទេស ចំណែកឯ​បេក្ខជន ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម បាន​ប្រឡង​មុខ​វិជ្ជា ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និង​ភាសាបរទេស​។ ក្រសួង​អប់រំ​បាន​លើក​ឡើងជា​រួម​ថា បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ និង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ទៅ​តាម​សមត្ថភាព​របស់​ខ្លួន​រៀង​ៗ​ខ្លួន ដោយ​មិន​យក​សំណៅ​ឯកសារ ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ​។ ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ទី​១​នេះ​មាន​បេក្ខជន​តែ​០១​រូប​ប៉ុណ្ណោះ ដែល​បាន​យក​សំណៅ​ឯកសារ​ចូល​បន្ទប់ ប្រឡង និង​មាន​បេក្ខជន​មួយ​រូប​ទៀត បាន​យក​ទូរ​សព្ទ​ដៃ​ចូល​ក្នុង​បន្ទប់​ប្រឡង​។

ដូច្នេះ​ក្រសួង​នឹង​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ទាំង​ពីរ​រូប​នេះ​ដោយ​កំណត់​ឱ្យ​ធ្លាក់ ជា​ស្វ័យប្រវត្តិ​។ ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា​នៅ​ថ្ងៃ​ទី​១​នេះ គឺ​ថ្ងៃ​ទី​១៩​សីហា​បេក្ខជន​ប្រឡង សរុប​មាន​ចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ និង​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១ ៧៤៥​នាក់ (១.៤៩%) ស្រី ៦៧៨ នាក់​។ បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន ៤៣​ករណី ប៉ុន្តែ​អាច​ដំណើរការ ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បានការ​សង្គ្រោះ​បឋម​។ មាន​តែ​បេក្ខជន ០១​រូប​ប៉ុណ្ណោះ ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​បន្ត​ការ​ប្រឡង​បាន​៕ ដោយ ៖ ស​.​សុខុម