បើក​ប្រតិបត្តិការ​ក្តៅ​ចុះ​បង្ក្រាប​កន្លែង​លាក់​ឈើ​ប្រណីត​៨០​ដុំ ដែល​ឈ្មួញ​បម្រុង​ដឹក​ទៅ​លក់

75

ខេត្ត​ប៉ៃលិន ៖ តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃរសៀល​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​នាំ​គ្នា​រុករក​ឃើញ​ឈើ​ប្រណីត ជា​ច្រើន​ដុំ​ដែល​ឈ្មួញ​លាក់​ទុក​នៅ​ក្នុង​គុម្ពោត​ព្រៃ និង​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ដោយ​បម្រុង​លោតឆ័ត្រ ទៅ​លក់ដូរ​បន្ត​នៅ​ខេត្តបាត់ដំបង​។ ហេតុការណ៍​ប្រតិបត្តិ​ដ៏​ក្តៅ​គគុក​នេះ បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​អូរ​ស្លេវ ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

Loading...

ប្រភព​ព័ត៌មាន​ពី​លោក អ៊ា​វ រ៉ា ប្រធាន​តំបន់​អភិរក្ស​បានឱ្យ​ដឹង​ថា បន្ទាប់​ពី ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ខាង​លោក​បាន​ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ទៅ​បង្ក្រាប​ករណី ក្រុម​ឈ្មួញ​បាន​លួចលាក់​ឈើ​ប្រណីត​ធ្នង់​ចំនួន​៨០​ដុំ នៅ​ក្នុង​គម្ពោត​ព្រៃ និង​ផ្ទះ​ប្រជាពលរដ្ឋ​។ លោក​បន្ត​ទៀត​ថា ខាង​លោក​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​ព្រៃឈើ​នៅ​ក្នុង​ដែន​តំបន់ អភិរក្ស ប៉ុន្តែ​ក្រុម​ឈ្មួញ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ភ្នំ​ដំបង តែងតែ​រក​ឱកាស​ស្ងាត់​មនុស្ស​ចូល​ទៅ លួច​កាត់ឈើ​ក្នុង​តំបន់​ការពារ​សត្វព្រៃ ដោយ​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ រ៉ា រស់នៅ​ស្រុក រតន​មណ្ឌល ខេត្តបាត់ដំបង ដោយ​ដឹក​តាម​រថយន្ត​នា​ពេល​យប់​ស្ងាត់ ខណៈ​កម្លាំង​របស់​លោក បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លោក​បញ្ជាក់​ថា ជួនកាល​ពួក​គេ​ទាំងនោះ​ធ្វើ​សកម្មភាព​លួច​អារ និង​កាត់ឈើ​ប្រណីត​ក្នុង​តំបន់​អភិរក្ស ពេល​មន្ត្រី​សម្រាក​មួយ​ភ្លែត ហើយ​ក៏​លួចលាក់​នៅ​តាម​ផ្ទះ និង​ក្បែរ​ៗ​ភូមិ​ផង​ដែរ​។ អ្នក​ដែល​លួច​កាប់​ឈើ​ខាងលើ គ្មាន​នរណា​ក្រៅពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ខាងលើ​នោះ​ទេ ព្រោះ​អី​អ្នកខ្លះ​ចង់ឱ្យ​ព្រៃឈើ​ខាងលើ​អស់ ដើម្បី​យក​ដី​ទៅ​ដាំ​ដុះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប៉ុន្តែ​ខាង​លោក មិន​បណ្តែតបណ្តោយ​ឱ្យ​ព្រៃឈើ​ខាងលើ​រលាយ​បាត់​នោះ​ឡើយ ខណៈ​រដ្ឋាភិបាល កំពុង​តែ​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃឈើ​នៅ​ទូ​ទាំង​ប្រទេស​។

ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ស្គាល់​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​ខ្លះ​ៗ​ហើយ គឺ​អ្នក​រស់នៅ​ក្នុង​ចំណុច​អូរ​ស្លេវ តែ​ម្តង​។ លោក​បន្ត​ទៀត​ថា ខាង​លោក​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ផង​ដែរ ដោយ​មុន​ដំបូង​ខាង​លោក​បាន​ធ្វើការ​ស៊ើបអង្កេត​រយៈពេល​១០​ថ្ងៃ ខណៈ​អ្នក​រស់នៅ​ក្នុងភូមិ មាន​វិទ្យុទាក់ទង ហើយ​អ្នកខ្លះ​ប្រើ​ទូរស័ព្ទ ពេល​ឃើញ​ក្រុម​មន្ត្រី​លោក​ចូល​ទៅ​ដល់​កន្លែង​លាក់​ទុក​ឈើ​។ លោក​បញ្ជាក់​ថា ឈើ​ប្រណីត​ទាំង​៨០​ដុំ ខាង​លោក​បានឱ្យ​មន្ត្រី​ដឹក​យក​ទៅ​ស្នាក់​ការ ដើម្បី​យក​ទៅ រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន ហើយ​ជនសង្ស័យ​ខាង​លោក​នឹង​សុំ​គោលការណ៍​ព្រះរាជអាជ្ញា ដើម្បី​នាំ​គ្នា​យក​ទៅ​សួរនាំ ហើយនឹង​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ព្រៃ​តំបន់​អភិរក្ស​ខាងលើ​ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន​ស្ទើរ​រាល់ថ្ងៃ ដោយ​ជិត​ក្លាយទៅជា​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​អស់​ទៅ​ហើយ ខណៈ​មន្ត្រី​អភិរក្ស​ខិតខំ​ទប់ ស្កាត់​យ៉ាងណា​ក៏​មិន​ឈ្នះ​ជនល្មើស​នោះ​ដែរ ដោយ​គេ​សង្ស័យ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​៕ ដោយ ៖ នី​យ៉ា