ក្រសួង​អប់រំ​សម្រេច​ឲ្យ​បេក្ខជន​២​នាក់ ធ្លាក់​ដោយ​ស្វ័យប្រវត្តិ

111

រាជធានី​ភ្នំពេញ ៖ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ថ្លែង​ថា សិស្ស​ជា​បេក្ខជន​ចំនួន​ពីរ​នាក់​បំពាន​លើ​វិន័យ​របស់​ក្រសួង​អប់រំ​ដោយ​យក​សំណៅ​ឯកសារ និង​ទូរស័ព្ទ​ដៃ ចូល​ក្នុង​បន្ទប់​ប្រឡង​ត្រូវ​បាន​ក្រសួង​សម្រេច​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ គឺ​ម្នាក់​នៅ​ប្រឡង​មណ្ឌល​រាជធានី ភ្នំពេញ និង​ម្នាក់​ទៀត​នៅ​ខេត្តតាកែវ​។ លោក​បន្ត​ថា ក្នុង​នោះ​មាន​បេក្ខជន​អវត្តមាន​ចំនួន​១ ៨១៨​នាក់ ស្រី ៦៩៦​នាក់ ជា​ភាគរយ ១.៥៥%​នៅ​តាម​មណ្ឌល​ប្រឡង​ទូ​ទាំង​ប្រទេស​។ ចំណែក​លទ្ធផល​ប្រឡង​ក្រសួង នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១០ កញ្ញា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ហើយ​បណ្តា​ខេត្ត​នានា​ប្រកាស នៅ​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១៩​ខាង​មុខ​។

Loading...

លោក​បន្ត​ថា ស្ថានភាព​ទូទៅ​តាម​មណ្ឌល​សំ​ណេ​រ នា​រសៀល​ថ្ងៃ ចុង​ក្រោយ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បើ​ទោះបីជា​មណ្ឌល​ប្រឡង មួយ​ចំនួន មាន​ភ្លៀង​ធ្លាក់​ក្ដី ក៏​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ភាព​ស្ងប់ស្ងាត់ នៅ​តែ​រក្សា​បាន​យ៉ាង​ល្អ​ប្រសើរ​។ វិញ្ញាសា​សម្រាប់​រសៀល​ថ្ងៃ​ទី​២​នេះ គឺ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ (​គណិត​វិទ្យា ពី​ម៉ោង ១៤:០០ ដល់ ១៦:៣០) សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ( អក្សរសាស្ត្រ​ខ្មែរ ពី​ម៉ោង ១៤:០០ ដល់​ម៉ោង ១៦:៣០)​។

នា​រសៀល​ថ្ងៃ​ទី​២​នេះ​ដែរ ស្ថានភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់ និង​មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ​ទាំង​នៅ​ក្នុង និង​ក្រៅ​មណ្ឌល​ប្រឡង​។ អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា ក្នុង​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​២​នេះ នា​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ មាន​ពីរ​មុខ​វិជ្ជា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ (​អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា​) និង​សម្រាប់​ថ្នាក់ វិទ្យាសាស្ត្រ​សង្គម (​គណិត​វិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា​)​។ ចំនួន​បេក្ខជន​អវត្តមាន​នា​ពេល​ព្រឹក​ចំនួន ១ ៨១៨​នាក់ ស្រី ៦៩៦​នាក់ ជា​ភាគរយ ១.៥៥%​។

បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៦៣​ករណី ក្នុង​នោះ មិន​អាច​វិល​ត្រឡប់​មក​ប្រឡង​វិញ​៣​ករណី​។ ចំណែក​បេក្ខជន​ផ្សេង​ៗ​បន្ត​ប្រឡង​ជា​បន្ត​ទៀត​បាន បន្ទាប់​ពី ទទួល​បានការ​សង្គ្រោះ​បឋម​។ ក្រសួង​អប់រំ​បន្ត​ថា សរុប​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដំណើរការ​សំ​ណេ​រ​ព្រឹក​ថ្ងៃ​ទី​២ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ​មិន​មាន បាតុភាព​កើតឡើង ភាព​មិន​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ក្រសួង​អប់រំ​បាន​អះអាង​ថាបើ ទោះបី​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​មណ្ឌល​មួយ​ចំនួន​ក្នុង​ខេត្តព្រះវិហារ ស្ទឹង​ត្រែង រតនគិរី និង​កោះកុង ប៉ុន្តែដំណើរការ​សំ​ណេ​រ នៅ​តែ​មានដំណើរ​ការ​ល្អ​មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង ប្រទេស​ជំនួយការ​អប្បមាទ​ទូ​ទាំង​ប្រទេស​។

ជា​រួម​បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ នៃ​ការ​ប្រឡង បាន​យ៉ាង​ល្អ និង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ទៅ​តាម​សមត្ថភាព​របស់​ខ្លួន​រៀង​ៗ​ខ្លួន ដោយ​មិន​យក​សំណៅ​ឯកសារ ទូរ​សព្ទ​ដៃ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ​។ នៅ​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជន​តែ​០១​រូប​ប៉ុណ្ណោះ​ដែល​បាន​យក​សំណៅ​ឯកសារ​ចូល​បន្ទប់​ប្រឡង និង​មាន​បេក្ខជន​មួយ​រូប​ទៀត បាន​យក​ទូរ​សព្ទ​ដៃ​ចូល​ក្នុង​បន្ទប់​ប្រឡង​។ លោក​បន្ត​ថា ក្រសួង​អប់រំ​បាន អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ទាំង​ពីរ​រូប​នេះ​ដោយ​កំណត់​ឱ្យ​ធ្លាក់ ជា​ស្វ័យប្រវត្តិ​។ នៅ​ថ្ងៃ​ទី​១​នេះ បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន ១១៧ ០៤៣​នាក់ ស្រី ៦០ ៤២៧​នាក់ និង​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១ ៧៤៥​នាក់ (១.៤៩%) ស្រី ៦៧៨ នាក់​។

បេក្ខជន​មាន​បញ្ហា​សុខភាព មាន​ចំនួន​៤៣​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បានការ​សង្គ្រោះ​បឋម​។ មាន​តែ​បេក្ខជន​០១​រូប​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​បន្ត​ការ​ប្រឡង​បាន​។ យោង​តាម​នគរបាល​ខេត្តកណ្តាល​បាន​អះអាង​ថា ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ សិស្ស​ស្រី​ម្នាក់​ឈ្មោះ អ៊ុយ លី​លី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្តាល បាន​ជួប​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ស្លាប់ នៅ​ផ្លូវ​លី​យ៉ុ​ង​ផាត់ ខណៈ​ដែល​ឪពុក​ឌុ​ប​ជូន​មក​កាន់​មណ្ឌល ប្រឡង កាលពី​ថ្ងៃ​ទី​១៩​សីហា​។ សូម​ជម្រាប​ថា បេក្ខជន​ប្រឡង​ឆ្នាំ​នេះ មាន​ចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០ ៤២៧​នាក់ មាន ២០២ មណ្ឌល ចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន​ចំនួន​៤៤ ៦៩០​នាក់ មាន ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ចំនួន ៧២ ៣៥៣​នាក់ មាន ១២៧​មណ្ឌល​។ ដោយ ៖ ស​.​សុខុម