បុរស​ម្នាក់​ចូល​ដេក​ក្នុង​ចំណតរថយន្ត​ក្រុង ស្រាប់តែ​ស្លាប់​សង្ស័យ​ខ្យល់គ

71

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​សុខ​ៗ​ស្រាប់តែ​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន រួច​ក៏​បាន ឈប់​ម៉ូតូ​ចុះ​ដើរទៅ​ដេក​លើ​កៅអី​ក្នុង​ចំណតរថយន្ត​ក្រុង​មួយ​កន្លែង ហើយ​ក្រោយមក​ក៏​ស្រាប់តែ​ដាច់ខ្យល់​ស្លាប់ តែ​ម្ដង ដែល​តាម​នគរបាល​បាន​សន្និដ្ឋាន​ថា​គាត់​ស្លាប់​ដោយ​ខ្យល់គ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​ចំណតរថយន្ត​ក្រុង ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មុខ​វត្ត​ទួល​សុភា​ឃួ​ន ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

Loading...

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ ធូ យ៉ា​ត អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្វាន ឃុំ​ផ្ទះ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ អត់​ស្លាក​លេខ តាម​មហាវិថី សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តែ​ម្នាក់ឯង​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​មាន​អាកា​រៈ អត់​ស្រួលខ្លួន​គាត់​ក៏​បាន​ឈប់​ម៉ូតូ​អែប​ក្បែរ​ខាង​បន្ទាប់​មក​បាន​ចុះ​ដើរទៅ​ដេក​នៅ​លើ​កៅអី​ក្នុង​ចំណតរថយន្ត​ក្រុង​ហើយ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បន្ទាប់​ពី​ឃើញ​បែប​នេះ​អ្នកដំណើរ​ដែល​រង់ចាំ​ជិះ​រថយន្តក្រុង​នៅ​ចំណត​នោះ មានការ​សង្វេគ​បំផុត និង​បាន​នាំ​គ្នា​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​។ ក្រោយមក​នគរបាល​បាន​សន្និដ្ឋាន​ថា បុរស​ខាងលើ​ស្លាប់​ដោយសារ​ខ្យល់គ បន្ទាប់​មក​បាន​នាំ​យក​សព​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ទួល​សុភា​ឃួ​ន ដែល​ស្ថិត​នៅ​ជិត​នោះ ព្រមទាំង​បាន​ផ្ដល់​ដំណឹង ជូន​ក្រុម​គ្រួសារ​ទៅ​ទទួលយក​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ យន់ ស៊ី​ថា