ផ្ទះ​លក់​អីវ៉ាន់​បោះ​ដុំ​មួយ​កន្លែង​នៅ​ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ

71

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​អីវ៉ាន់​បោះ​ដុំ​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក ដែល​មាន​យីហោ «​ចែ​នី​» ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី ខណៈ​ដែល​ម្ចាស់ និង​ក្រុម​កម្មករ​ជា​ច្រើន​នាក់​កំពុង​តែ​នាំ​គ្នា​នៅ​លក់ ខាងក្រោម​សុខ​ៗ ក៏​ស្រាប់តែ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​មក​ពីលើ​ទើប​នាំ​គ្នា​រត់ឡើង​ទៅ​មើលឃើញ ភ្លើង​កំពុង​តែ​ឆេះ​តុ​ដែល​ផ្ទុក​សៀវភៅ​ឯកសារ​ចាស់​ៗ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើន​នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ចុះ​មក​ធ្វើការ អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

Loading...

ករណី​អគ្គិភ័យ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង ២០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ជាន់​ទី​២ កន្លែង​លក់​អីវ៉ាន់​បោះ​ដុំ​យីហោ «​ចែ នី​» ទីតាំង​ផ្ទះ​លេខ​២៩Eo (​ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក​) ផ្លូវ​លេខ​៣១៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​។ ស្ត្រី​ឈ្មោះ លី វ​ន្នី អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​រូប​គាត់​រួម​ទាំង​បុគ្គលិក ប្រុស​ស្រី ជា​ច្រើន​នាក់​ទៀត កំពុង​តែ​នាំ​គ្នា​នៅ​លក់​អីវ៉ាន់​ខាងក្រោម សុខ​ៗ​នោះ ក៏​ស្រាប់តែ​បានឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​មក​ខាងក្រោម​។

ពេល​នោះ​ទាំង​រូប​គាត់ និង​ក្រុម​បុគ្គលិក​ក៏​បាន​នាំ​គ្នា​រត់ឡើង​ទៅ​រក​មើល​នៅ​ជាន់​ខាងលើ​ក៏​ស្រាប់តែ​បានឃើញ​អណ្តាតភ្លើង កំពុង​តែ​ឆេះ​តុ​ដាក់​សៀវភៅ​ឯកសារ​ចាស់​ៗ​របស់​គាត់​នៅ​ជាន់​ទី​២​តែ​ម្តង និង​មាន​ផ្សែង​ខ្មៅ​ហុយ យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ចូល​ទៅ​ក្បែរ​បាន និង​ឈ្លក់​ស្ទើរតែ​ដួល​សន្លប់​ផង​ដែរ​។ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ដដែល​ក៏​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បានឃើញ​ភ្លើង​កំពុង​តែ​ឆេះ​តុ​ដាក់ ឯកសារ​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​មិន​អាច​ចូល​ទៅ​ក្បែរ​បាន​នោះ រូប​គាត់​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មួល​ដ្ឋា​ន​ឲ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

ផ្ទះ​របស់​គាត់​នៅ​ជាន់​ទី​២ ដែល​ឆេះ​នេះ​គឺជា​បន្ទប់​ដែល ចាក់សោ​ទុក​ចោល មិន​មាន​ផ្ទុក​អីវ៉ាន់​ឡើយ ហើយ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​ស្នាក់​នៅ​ដែរ និង ទំនងជា​កើតឡើង​ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង​ហើយ​មើលទៅ? លោក​វរៈ​សេនី​ត្រី ពៅ ពិដោ នាយ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​១ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​រាយការណ៍​ប្រាប់ អំពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថា «​មាន​ករណី​អគ្គិភ័យ​កំពុង​តែ​កើតឡើង​នៅផ្ទះ​លក់​អីវ៉ាន់​បោះ​ដុំ ខាងលើ​រួច​ហើយ​»​ភ្លាម​នោះ​រូប​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​មក​ធ្វើ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​។

ដោយ​បាន​នាំ​គ្នា​ឡើង​ទៅ​វាយ​បំបែក​កញ្ចក់​បង្អួច​ខាងក្រៅ​រួច​ហើយ​បាន​យក​បំពង់​ពន្លត់ អគ្គិភ័យ ទៅ​ធ្វើការ​បាញ់​ពន្លត់ និង​ហៅ​រថយន្ត​ពន្លត់​របស់​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៥​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​ធ្វើ​ឲ្យ​ភ្លើង រលត់​បាន​ភ្លាម​តែ​ម្តង​។ លោក​វរៈសេនីយ៍ត្រី​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​ឆេះ នៅផ្ទះ​ជាន់​ទី​២ កន្លែង​លក់​អីវ៉ាន់​បោះ​ដុំ​ដែល​មាន​យីហោ «​ចែ នី​» ខាងលើ​នេះ​ដែរ​គឺ​កើតឡើង​ដោយសារ តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ករ​ឲ្យ​មាន​អ​ណា្ត​ត​ភ្លើង​ឆាបឆេះ​រាលដាល់​ទៅ​ដល់​តុ​ដែក​ផ្ទុក​សៀវភៅ និង បង្កាន់ដៃ​ឯកសារ​ចាស់​ៗ​ដែល​គេ​ទុក​ចោល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះនោះ​។

ក្នុង​ករណី​អគ្គិភ័យ​ឆេះ នៅ​ជាន់​ទី​២​ផ្ទះ​លក់​អីវ៉ាន់​បោះ​ដុំ​យីហោ «​ចែ នី​» ខាងលើ​នេះ​ដែរ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់ ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ៥​គ្រឿង ចុះ​មក​ធ្វើ​អន្តរាគមន៍ ដោយ​កម្លាំង​មាន​សម្ថ​កិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​អស់​ចំនួន ២​រថយន្ត ទើប​ធ្វើ​ឲ្យ​ភ្លើង​រលត់ និង​មិន​ឆេះ​រាលដាល់​ទៅ​ទៀត​បាន និង​ឆេះ​បំផ្លាញ​អស់​តុ​ដែក​ចំនួន​១ និង សៀវភៅ​ឯកសារ​ចាស់​ៗ ដែល​គេ​ទុក​ចោល​មួយ​ចំនួន​ប៉ុណ្ណោះ​៕ ដោយ ៖ ភី ផល