ប៉ះ​គ្នា​មួយ​ប្រាវ​រវាង​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី

44

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ នៅ​ខាង​មុខ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​កម្លាំង​មាន​សម្ថ​កិច្ច ជាមួយនឹង​ក្រុម​អ្នក​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​ចំនួន​ជាង​១០០​នាក់ មក​ពី​ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ខណៈ​ដែល​ពួក​គាត់​ទាំងអស់​នាំ​គ្នា​មក​ធ្វើការ​ទាមទារ​រក​ដំណោះស្រាយ បញ្ហា​ទំនាស់​ដីធ្លី​ជាមួយនឹង លោក​ឧកញ៉ា ហេង ហ៊ុយ នៅ​ខាង​មុខក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ហើយ​នាំ​គ្នា ធ្វើការ​បិទ​កំណាត់​ផ្លូវ​ព្រះ​មុនី​វង្ស អស់​រយៈពេល​១៥​នាទី ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ព្យាយាម​ធ្វើការ សម្របសម្រួល ហើយ​ពួក​គាត់​មិន​យល់ព្រម​ទើប​ឈាន​ទៅ​ដល់​មានការ​រុញច្រាន​គ្នា និង បើកផ្លូវ​ឲ្យ​មានការ​ធ្វើ​ចរាចរ​ជា​ធម្មតា​វិញ ភ្លាម​ៗ​ផង​ដែរ​។

Loading...

ស្ត្រី​ឈ្មោះ អ៊ិ​ន ធូ អាយុ​៤៧​ឆ្នាំ បាន​រៀបរាប់ ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​មក​ពី​ភូមិ​តានី ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំពិល ខេត្តកោះកុង ជា​តំណាង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១២០​គ្រួសារ ដែល​មក​ពី​៤​ភូមិ និង​២​ឃុំ គឺ​ឃុំ​ជី​ច​លើ និង ជី​ច​ក្រោម ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយនឹង​លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ ហេង ហ៊ុយ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ពោល​គឺ​តាំងពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០១២​មក​ម្លេះ ដោយ​លោក​ឧកញ៉ា​ម្នាក់​នេះ បាន​យក​គ្រឿងចក្រ​ទៅ​ធ្វើការ​ឈូស​ឆាយ រំលោភ​យក​ដីស្រែ​ដីចម្ការ របស់​ពួក​គាត់​អស់​របស់​រាប់​ពាន់​ហិ​កតា​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដោយ​បាន​យក​ទៅ​ធ្វើ​ជា​ចម្ការ​អំពៅ ដាំ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ធ្វើ​ជា​ស្កសរ​។

ក្រោយ​ពី​លោក​ឧកញ៉ា ហេង ហ៊ុយ ប្រើប្រាស់​គ្រឿងចក្រ​ធ្វើការ​ឈូស​ឆាយ​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពួក​គាត់​យក ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​រួច​ហើយ​ភ្លាម​នោះ​ដែរ​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​ជាង​១២០ គ្រួសារ​ក៏​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​តាំងពី​ថ្នាក់​ភូមិ​ឃុំ ស្រុក ខេត្ត ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ មិន​មាន​ដំណោះស្រាយ​ណាមួយ​ដល់​ពួក​គាត់​ឡើយ​។ តាម​ប្រភព​ស្ត្រី​ជា​តំណាង​ដដែល​ក៏​បាន​ប្រាប់ បន្ត​ទៀត​ថា មិន​ត្រឹមតែ​ថ្នាក់​ភូមិ ឃុំ និង​ខេត្តកោះកុង មិន​ធ្វើការ​ដោះស្រាយ​ដល់​ពួក​គាត់​ប៉ុណ្ណោះ​ទេ ហើយ​កាលពី​ពេល​កន្លង​មកនេះ ពួក​គាត់​ទាំងអស់​គ្នា​ក៏​បាន​ឡើ​កមក​ធ្វើការ​តវ៉ា​ដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នេះ​ចំនួន​៣​លើក​មក​ហើយ​ផង​ដែរ នៅ​តែ​មិន​មាន​ដំណោះស្រាយ​ដល់ ពួក​គាត់​ទៀត​។

លុះ​មក​ដល់​ក្នុង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ កន្លង​មក​ថ្មី​ៗ​នេះ​ទៀត​ពួក​គាត់​ក៏​បាន​ឡើង មក​ក្រសួង​ម្តងទៀត តែ​ខាង​ក្រសួង​បាន​ប្រាប់​ពួក​គាត់​ថា «​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​ខ្ញុំ ខាង​ក្រសួង ឈប់​រក​ដំណោះស្រាយ​ឲ្យ​ទៀត​ហើយ​ព្រោះ​វា​ជា​ដី​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​របស់​គេ ត្រឹមត្រូវ​»​។ ពេល​ដែល​ទទួល​បាន​នូវ​ការ​បកស្រាយ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ថា ឈប់​ធ្វើការ​ដោះស្រាយ​ដល់​ពួក​ខ្ញុំ​ទៀត​នោះ​ទើប​ក្នុងថ្ងៃនេះ​ដែរ ពួក​យើង​ទាំងអស់​គ្នា​មាន​គ្នា​ប្រមាណ ជា​ជាង​១០០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងអស់​គ្នា​ចំនួន​ជាង​១២០​គ្រួសារ នាំ​គ្នា​បន្ត​ឡើង​មក​កាន់​ក្រសួង​ដើម្បី​សុំ​ឲ្យ​ឯកឧត្តម ជា សុ​ផា​រ៉ា បន្ត​ជួយ​រក​ដំណោះស្រាយ​ដល់ ពួក​គាត់​ជា​បន្ត​ទៅ​ទៀត​។

ព្រោះថា ជីវភាព​រស់នៅ​របស់​ពួក​យើងខ្ញុំ​ទាំងអស់​គ្នា រស់នៅ​សព្វថ្ងៃ​មាន ការ​លំបាក​វេទនា​យ៉ាង​ខ្លាំង ដោយសារ​តែ​គ្នា​ដីស្រែ​ចម្ការ​ធ្វើ​នឹង​គេ​ដូច្នេះ​មាន​តែ​សុំ​ឲ្យ​ឯកឧត្តម រដ្ឋមន្ត្រី មេ​ត្ត​ជួយ​រក​ដំណោះស្រាយ​ដល់​ពួក​គាត់​ផង ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ទេ​ពួក​ខ្ញុំ​នឹង​មិន​វិល ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ​។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នេះ គឺ​កាលពី​ពេល​កន្លង​មក​ខាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គេ​បាន​ជូនដំណឹង​ថា ឈប់​រក​ដំណោះស្រាយ ដល់​ពួក​គាត់​ទៀត​ហើយ មិនតែប៉ុណ្ណោះ​ខាង​អាជ្ញាធរ​ខេត្តកោះកុង​ក៏​បាន​ជូនដំណឹង​ដូន​គ្នា​នេះ​ផង​ដែរ​។

តែ​ពួក​គាត់​ទាំងអស់​គ្នា នៅ​តែ​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​ខាង​មុខក្រសួង​ទៀត ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ នៅ​ទី​នេះ​យ៉ាង​ខ្លាំង ប្រសិនបើ​ពួក​គាត់​ចង់​តវ៉ា​បែប​នេះ​គួរ​ណាស់​តែ​ត្រឡប់​ទៅ​ធ្វើ​នៅ​ឯ​ខេត្តកោះកុង​វិញ​ទៅ ព្រោះ​ជា​កន្លែង​ដែល​មាន​បញ្ហា​នៅ​ទីនោះ​។ គួរ​បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី ជាមួយ​និង​លោក​ឧកញ៉ា ហេង ហ៊ុយ នៅ​ឯ​ស្រុកស្រែ​អំបិល ខេត្តកោះកុង ទាំង​ជាង ១០០​នាក់​នេះ ពួក​គាត់​បាន​មក​ដល់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នេះ តាំងពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី ២២ ខែសីហា ឆ្នាំ​២០១៩​មក​ម្លេះ ដោយ​ពួក​គាត់​នាំ​គ្នា​មក​អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ម្ខាង​ក្បែរ​ក្រសួង។

នាំ​គ្នា​អង្គុយ​តាំងពី​ព្រឹក​រហូត​មក​ដល់​ម៉ោង ៣​រសៀល​ថ្ងៃ​ដដែល នៅ​មិន​ទាន់​មន្ត្រី​ខាង​ក្រសួង​ណា​ម្នាក់ អើពើរ​ចុះ​មក​ធ្វើការ​សាកសួរ ឬ​ក៏​ឲ្យ​ពួក​គាត់​ចូល​ទៅ​ជួប​ដូច​សព្វមួយដង​នោះ ពួក​គាត់​ក៏​បាន​នាំ​គ្នា​ទៅ អង្គុយ​បិទផ្លូវ​ព្រះ​មុនី​វង្ស ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​អស់​រយៈពេល​ប្រមាណ​ជា​១៥​នាទី ទើប​កម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​មក​ព្យាយាម និយាយ​សម្របសម្រួល​កុំ​ឲ្យ​ពួក​គាត់ ធ្វើ​បែប​នេះ​។ តែ​ពួក​គាត់​មិន​ព្រម​តាម​ឡើយ​ទើបបាន​កម្លាំង​មាន​សម្ថ​កិច្ច​សម្រេចចិត្ត​ធ្វើការ​រុញច្រាន និង ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ទើប​ពួក​គាត់​ទាំងអស់​គ្នា​យល់ព្រម​នាំ​គ្នា​ទៅ​អង្គុយ​នៅ​លើ​ផ្លូវ​ម្ខាង និង​បើកផ្លូវ ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​វិញ​៕ ដោយ ៖ ភី ផល