បុរស​បី​នាក់​បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់

50

ខេត្តកណ្តាល ៖ រថយន្ត​ចត​ចោល​មិន​ដាក់​ស្លាក​សញ្ញា​សម្គាល់ ធ្វើ​ឲ្យ​បុរស​បី​នាក់​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត ពីក្រោយ​ចំ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួសធ្ងន់​ពី​នាក់​នៅ​កន្លែង​កើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ មុខ​ភូមិ​រំដេញ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ​១៩-២០​។

Loading...

លោក​វរសេនីយ៍ មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រាប់ ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត​កូរ៉េ​០១​គ្រឿង ប្រភេទ​ពីរ​តោន​កន្លះ ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ដែល​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង កើត​ទៅ​ទិស​ខាងជើង​(​ថ្នល់ទទឹង​-​ឧត្តុ​ង​) ស្រប​ពេល​ដែល​ឈប់​ក៏​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១M-៥៦៤៦ បើកបរ​ដោយ​ឈ្មោះ ពេជ្រ រ៉ុ​ម (​រង​របួសធ្ងន់​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​គក ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង។

បាន​ឌុ​ប​ឈ្មោះ ភី កុសល បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រៃ​ស្រឡិត ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង និង​ឈ្មោះ គាន់ (​របួសធ្ងន់​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​តាំង​ស្នាយ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។ អ្នក​ទាំង​០៣​មាន មុខរបរ​ជា​កម្មករ​សំណង់ បើក​ម៉ូតូ​មាន​ដាក់​កញ្ចក់ គ្មាន​ពាក់មួក​សុវត្ថិភាព​ទាំង​០៣​នាក់ ដែល​បើកបរ​មក ពី​ទិស​ខាងត្បូង​ទៅ​ជើង (​ថ្នល់ទទឹង​-​ឧត្តុ​ង​) ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​ម៉ូតូ​បុក​ចំ​ពីក្រោយ​រថយន្ត ដែល​ឈប់​ចត​ខាងលើ​ពេញទំហឹង​តែ​ម្ដង ភ្លាម​ៗ​តៃកុង​រថយន្ត​បាន​បើករថយន្ត​រត់គេច​ខ្លួន ពី​កន្លែង​កើតហេតុ​។ ចំពោះ​សព​កម្លាំង​ជំនាញ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ប៉ឹង ឆដា