កំពុងធ្វើការ​សុខ​ៗ​ដួល​ផ្ញា​រ​ក្រោយ ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​ពេទ្យ

61

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​ខណៈ​កំពុងធ្វើការ​ងារ​សុខ​ៗ​ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ ទាំង​កំរោល​បណ្ដាល​ឲ្យ​សន្លប់​បាត់​មាត់​ឈឹង ស្ដូកស្ដឹង ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។ ប៉ុន្តែ​ជា​អកុសល​មិន​ទាន់​ទៅ​ដល់​មន្ទីរពេទ្យ​ផង ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ បន្ទាប់​មក​មិត្តភក្ដិ​រួមការ​ងារ​បាន​ដឹក​សព​ត្រឡប់​ក្រោយ​វិញ តម្កល់​នៅ​ក្នុង​វត្ត​កំ​បូល​រួច​ប្ដឹង​ឲ្យ​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល​តាម​ជំនាញ​។

Loading...

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​ក្រុមហ៊ុន «​ដឹ​ស៊ី​ប៊​ត ខេ​ម​បូ​ឌា ឌី​វេឡុ​ប​មេន ខន​ស្ត្រា​ក់សិន ខូ​អិ​ល​ធី​ឌី​» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ រហូត​ដល់​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល ដឹង​ដល់​នគរបាល​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​។ ជន​រង​គ្រោះ​ឈ្មោះ ទុ​យ អាយុ​ជាង​៥០​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ឯ​ខេត្ត​កំពង់​ឆ្នាំ ប៉ុន្តែ​អត់​ដឹង​ថា​ភូមិ ឃុំ ស្រុក​អ្វី​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្ដិ​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​ផ្សារ​ដែក​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ លុះដល់​ពេល​កើតហេតុ​ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដួល ផ្ងារ​ក្រោយ បណ្ដាល​ឲ្យ​សន្លប់​បាត់ស្មារតី​។ ភ្លាម​ៗ​នោះ​មិត្តភក្ដិ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ នៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ណាស់ មិន​ហ៊ាន​ទទួល​ព្យាបាល​ទេ​។

បន្ទាប់​មក​បាន​ប្រាប់​ឲ្យ​នាំ​យក ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ៗ​ដូច​ជា​កាល់​ម៉ែ​ត ឬ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ទៅ ពេល​នោះ​មិត្តភក្តិ​ក៏​ដឹក​ទៅ​កាន់ មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ប៉ុន្តែ​ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ក៏​បាន​ដឹក​សព​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​កំ​បូល ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​ទៅ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ យន់ ស៊ី​ថា