ពលរដ្ឋ​ស្នើ​សុំ​ប្រធាន​មន្ទីរ​សាធារណការ​ទើប​ឡើង​ថ្មី ជួយ​ជួសជុល​ផ្លូវ​ផង

150

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ស្នើ​ដល់​លោក គី វី​រិ​ន្ទ ដែល​ទើប​ឡើង​កាន់​តំណែង ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​ថ្មី កាលពី​ថ្ងៃ​ទី​១៥ ខែសីហា កន្លង​ទៅ​នេះ មេត្តា​ជួយ ជួសជុល​ផ្លូវ​នៅ​ក្រុង​សៀមរាប​ផង​កុំ​នៅ​សម្ងំ​តែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​ក្នុង​ក្រុង​សៀមរាប​បាន​រង​ការ​ខូច​យ៉ាងធ្ងន់ធ្ងរ កន្លែង​ខ្លះ​ដូច​ថ្លុក​ក្របី ខ្លះ​ទៀត​ដូច​សំ​ម្បុ​ក​មាន់ តាំងពី​អាណត្តិ​ប្រធាន​មន្ទីរ​ចាស់​មក​ម្លេះ រហូត​មក​ដល់​ប្រធាន​មន្ទីរ​ថ្មី ហើយ​នៅ​តែ​មិន​ទាន់​មានការ​ជួសជុល ឲ្យ​បាន​ល្អ​សាក​សមជា​ទីក្រុង​ទេសចរណ៍​នៅឡើយ​ទេ​។

Loading...

តំណាង​ប្រជាពលរដ្ឋ​ក្នុង​សៀមរាប បាន​ប្រាប់​ថា ក្រោយ ពេល​មានការ​ដោះ​ដូរ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប ពួក​គាត់​សង្ឃឹមថា ប្រធាន​មន្ទីរ​ថ្មី នឹង​ប្រឹងប្រែង​ធ្វើការ​កសាង និង​ជួសជុល​ផ្លូវ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ផ្លូវ​នៅ​ក្នុង​ក្រុង​សៀមរាប​មួយ​ចំនួន​នៅ​តែ​ខូចខាត ដដែល​។ នៅ​ថ្ងៃ​ប្រកាស​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​ថ្មី​កាលពី​ថ្ង​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​ថ្មី​ត្រូវធ្វើ​ខ្លួន​ជា​អ្នកបម្រើ​រាស្ត្រ មិន​ត្រូវធ្វើ​ជា​ចៅហ្វាយនាយ​របស់​រាស្ត្រ​ទេ​។

លោក ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​ថា ការ​ផ្លា​ល់​ប្តូរ​ប្រធាន​មន្ទីរ​នា​ពេល​នេះ ជា​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ សាធារណការ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ក្នុង​ខេត្តសៀមរាប​។ និង​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​ថ្មី​រៀបចំ​ផែនការ​ការងារ ១០០​ថ្ងៃ ដើម្បី​អនុវត្តន៍​ក៏​ដូច​ជា​បង្ហាញ​ស្នាដៃ​ការងារ​ក្នុង​តំណែង និង​ភារកិច្ច​ថ្មី​ដែល​ថ្នាក់លើ​ប្រគល់​ជូន​។ ជុំវិញ​បញ្ហា​ផ្លូវ​នេះ ប្រជាពលរដ្ឋ​សង្ឃឹមថា ប្រធាន​មន្ទីរ​ដែល​ទើប​ឡើង​ថ្មី​ចុះ​ពិនិត្យ និង​ជួសជុល ឡើង​វិញ​ជាក់​ជា​មិន​ខាន​។

គួរ​បញ្ជាក់​ថា​មុន​ឡើងជា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប លោក គី វី​រិ​ន្ទ ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ​អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ និង​ធ្លាប់​ជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង​៕ ដោយ ៖ ច័ន្ទ រស្មី