ប្រតិបត្តិការ​ហាមឃាត់​សកម្មភាព ដាំ​បង្គោលរបង​កំណត់​ព្រំ​យក​ដី

55

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​បាន​ប្រតិបត្តិការ​ហាមឃាត់​សកម្មភាព​ដាំ​បង្គោលរបង​កំណត់​ព្រំ​យក​ដី នៅ​តំបន់​ចំការ​ស្រល់​ដែល​ត្រូវ​បាន​ដាំ​ដោយ​ព្រះបាទ​សម្តេច​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០០៥ លើ​ផ្ទៃដី​ទំហំ​ជាង​៥០​ហិ​កតា នៅ​ចំណុច​ផ្លូវកែង​ចូល​ភូមិ​ពូ​ទ្រូ ស្ថិត​ក្នុងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

Loading...

នា​ល្ងាច​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ លោក នុ​ត បឿន អភិបាលរង​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជុំវិញ​សកម្មភាព​លួច​បោះបង្គោល លើ​ដី​ហាមឃាត់​នៅ​ចំនុច​ខាងលើ លោក​បាន​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ដើម្បី ចុះ​ពិនិត្យ​លើ​ទីតាំង​ជាក់ស្តែង និង​បាន​រក​ឃើញ​ថា ពិតជា​មាន​អ្នក​យក​បង្គោលរបង​ថ្ម​កម្ពស់​១​ម៉ែត្រ​ចំនួន​ជាង​៦០​ដើម ទៅ​បោះ​ហ៊ុំ​ព័ទ្ធ​ដី​ទីតាំង​នោះ ប្រមាណ​១​ហិ​កតា​។

លោក នុ​ត បឿន បន្ត​ថា ចំពោះ​ករណី​ខាងលើ​ក្រុមការងារ​មិន​បាន​ទៅ​ទាន់​អ្នក​ដាំ​បង្គោល​ទេ ដ្បិត​នៅ​ពេល​ទៅ​ដល់​ពួក​គេ​បាន​ចាកចេញ​អស់​ទៅ​ហើយ ដូច្នេះ​កម្លាំង​ជំនាញ​សម្រេច​ដក​បង្គោល​ចេញ និង​ដឹក​ជញ្ជូន​ទៅ រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ស្រាវជ្រាវ​ពេល​ក្រោយ​។ លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ជន​ដែល​បោះបង្គោល​លើ​ដី​នេះ ដើម្បី​សួរនាំ​តែ​រក​មិន​ទាន់​ឃើញ​ជាន​ណា នោះ​ទេ​។ តែ​អាជ្ញាធ​ធ្វើការ​ដក​ប្រមូល​មក​រក្សា​ទុក​សិន រង់ចាំ​ការ​ពិនិត្យ​ឯកសារ​កាន់កាប់​របស់​ម្ចាស់​ដី ថា​គាត់​កាន់កាប់​ដី​ចំណុច​នេះ​ពី​ពេល​ណា​មក បើ​គាត់​មាន​ឯកសារ​ណា​ទទួលស្គាល់​ផ្លូវច្បាប់ យើង​នឹង​ប្រគល់​ឲ្យ​គាត់​វិញ​។

ប៉ុន្តែ​បើ​យើង​គិត​ជា​ចំហ ទីតាំង​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អះអាង​ថា ជា​ដី​របស់​រដ្ឋ គឺ​យើង​សុំ​មោឃភាព ចោល​នូវ​ឯកសារ​កាន់កាប់​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នៅ​ទីតាំង​នោះ​។ យោង​តាម​ព័ត៌មាន​ច្បាស់ការ​ទទួល​បាន ឲ្យ​ដឹង​ថា ដី​ចំណុច​នេះ​ត្រូវ​បាន​ឈ្មោះ ជ្រង ជ្រីវ ប្អូនបង្កើត​លោក ជ្រង ធី​ល អភិបាលរង​ក្រុង​សែន​មនោ​រម្យ ជា​អ្នកបញ្ជា​ឲ្យ​កម្មករ​ធ្វើ​សកម្មភាព​បោះបង្គោល​លើ​ដី​ចំណុច​នេះ កាលពី​ព្រឹក​ថ្ងៃ​២៧ សីហា ដោយ​ប្រើប្រាស់​កម្លាំង កម្មករ​ច្រើន​នាក់ និង​មាន​រថយន្ត​ដឹក​បង្គោល​ថ្ម​ជា​ច្រើន​ទៀត សកម្មភាព​បោះបង្គោល​ព័ទ្ធ​យក​ដី​បែប​នេះ បន្តសកម្មភាព​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៨ នេះ​នៅ​មិន​ទាន់​រួច​ទៀត ព្រោះ​តាម​មើល​ជាក់ស្ដែង​ដី​នេះ​មាន​ទំហំ​ធំ​ណាស់​។

ជុំវិញ​ករណី​ខាងលើ​នេះ​លោក ជ្រង ជ្រីវ និង​លោក ជ្រង ធី​ល អភិបាលរង​ក្រុង​សែន​មនោ​រម្យ អ្នកកាសែត​មិន​អាច​សុំ ការ​បំភ្លឺ​បាន​ទេ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ សីហា ២០១៩​។ ក្រុម​អ្នក​តាមដាន​សង្គម​បាន​លើក​ឡើង​ថា ករណី​ដែល​មាន​តម្រុយ​យ៉ាង​ច្បាស់​ពី​ប្រភព​បែប​នេះ បើ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ចង់​បើក​កកាយ​ការ​ពិត​វា​មិន​ពិបាក​នោះ​ទេ​៕ ដោយ ៖ សាយ ករុណា