ខេត្តព្រះសីហនុ ៖ ដោយសារតែអាកាស់ធាតុនៅបន្តភ្លៀងជាបន្តបន្ទាប់ គ្រប់ចំណុចដែលងាយរងគ្រោះ ដោយទឹកជំនន់ ជាពិសេសផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា សមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ បានដាក់កម្លាំងប្រចាំការតាមដានយ៉ាងយកចិត្តទុកដាក់នៅតាមចំណុចទាំងនោះ។ តាមប្រភពកម្លាំង អាវុធហត្ថស្នាក់ការសន្តិសុខ និងអាវុធហត្ថស្រុកបានឲ្យដឹងថា ជាមួយនឹងអាកាសធាតុនេះ នៅវេលាម៉ោង៧ និងនាទីព្រឹក ថ្ងៃទី៣០ សីហា ២០១៩ កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

គិតពីបាតដីមកទឹកមានកម្ពស់៥ម៉ែត្រ កើនឡើង(១តឹក) នៅម៉ោង១១ព្រឹកថ្ងៃដដែលកម្ពស់ទឹកមានបានហក់ឡើងកម្ពស់ ៥,៤០ម៉ែត្រ កើនឡើង(៣តឹក) ហើយរហូតដល់ម៉ោង២ និង៤០នាទីរសៀល ថ្ងៃដដែលស្ថានភាពកម្ពស់ទឹក នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ទឹកពីបាតស្ទឹង កម្ពស់ ៥.៧០ម៉ែត្រ ហូរកាត់លើថ្នល់ជាតិខាងកើតស្ពាន ប្រវែងប្រហែល២៥ម៉ែត្រ រីឯអាកាសធាតុមេឃកំពុងភ្លៀងស្រិចៗ។

ជាមួយគ្នានេះបើតាមការសន្និដ្ឋានទឹកឡើងដល់កម្រិតកម្ពស់៥.៩០ម៉ែត្រ និងត្រូវប្រកាសអាសន្ន ចំពោះមុខចរាចរធ្វើដំណើរការទៅមកធម្មតា។ បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សិលា និង កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ កំពុងតាមដានបន្ត គិតត្រឹមវេលាម៉ោង៤ និង៤០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ស្ថានភាពកម្ពស់ទឹក ៥,៧០ម៉ែត្រ ពីបាតស្ទឹង ទឹកមានសភាពនៅនឹង រីឯអាកាសធាតុរាំងភ្លៀង។

ទឹកហូរកាត់ផ្លូវជាតិប្រវែងប្រហែល ៣០ម៉ែត្រ កម្ពស់ទឹកលើថ្នល់ជាតិ ប្រហែល ០១តឹក។ ចំពោះមុខចរាចរធ្វើដំណើរទៅមកធម្មតា បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សសិលា និងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ កំពុងតាមដានបន្ត៕ ដោយ ៖ ហ៊ុយ ចាន់ធួន



