បង្ហាញខ្លួន​ជើង​ទី​១ បង្គោល​ខៀវ ខាំ សុរិយា ដណ្ដើម​បាន​កៅអី​ជើងឯក​១៦​នាក់

61

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០១៩ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៦ នៅ​ប៉ុស្តិ៍​លេខ​៥ នៅ​បន្ត​តម្រូវ​ឲ្យ​បេក្ខភាព​៣២​នាក់ ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ ស្វែងរក​អ្នក​ខ្លាំង​ឡើង​ទៅ​វគ្គ ១៦​នាក់​ដូច​ស​ប្ដា​ហ៍​កន្លង​ទៅ​។ បង្គោល​ខៀវ ខាំ សុរិយា ត្រូវ​គេ​កត់​សម្គាល់ថា ទើបតែ​បង្ហាញខ្លួន​ជា លើក​ដំបូង នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​ខ្លាំង​ព្រោះ​អាច​វាយ​ឈ្នះ​បង្គោល​ក្រហម ម៉ិ​ល សា​រុន បន្ត​ទៅ​កាន់​វគ្គ​១៦​នាក់ ដែល​ជា​ជ័យជម្នះ​សម្រាប់​ដំណាក់កាល​ដំបូង​។

Loading...

កីឡាករ ខាំ សុរិយា បាន​អះអាង​នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា លោក​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដែល​មានឈ្មោះ​ចូលរួម ប្រកួត​ជ្រើសរើស​ជើងឯក TV5 Boxing Knock Out Series by K-Cement ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ហើយ​មានឱកាស​បាន​ឈ្នះ​គូប្រកួត​ក្នុង​ជើង​ទី​១ បាន​ឡើង​ទៅ​ប្រកួត​ក្នុង​វគ្គ ១៦​នាក់​។ លោក​ទទួលស្គាល់​ថា ជ័យជម្នះ​បាន​កើត​ដោយ​ប្ដូរ​ស្ទើរតែ​មាន​របួស និង​ឈឺ​ពេញ​ខ្លួន ប៉ុន្តែ​លោក​ក៏​ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​ខ្លួន​ទទួល​បាន​ផង​ដែរ សម្រាប់​ជើង​ទី​១​នេះ​។

លោក​រំពឹង​យ៉ាង​ខ្លាំង​ថា​ឱកាស​ឡើង​ទៅ​វគ្គ​១៦​នាក់ នឹង​អាច​ឲ្យ​លោក​បន្ត​ទៅ​កាន់​វគ្គ​ជម្រុះ​ពី​១៦​នាក់ ទៅ​យក​៨​នាក់​ទៀត ដោយសារ​តែ​លោក​ក៏​ចាប់ផ្ដើម​មាន​ទំនុកចិត្ត​ចំពោះ​ខ្លួនឯង​។ លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី បាន​កោតសរសើរ​ចំពោះ​កីឡាករ ខាំ សូ​រិ​យា ដែល​អាច​យកឈ្នះ​កីឡាករ ម៉ិ​ល សា​រុន បង្គោល​ក្រហម ដែល​លោក​យល់​គេ​ក៏​ជា​កីឡាករ​ជើង​ខ្លាំង​មិនធម្មតា​មួយ​រូប​។ យ៉ាងណាមិញ​លោក​ក៏ ទាមទារ​ឲ្យ​គេ​ពង្រឹងសមត្ថភាព​ឲ្យ​ខ្លាំង​បន្ថែម​ជាង​នេះ​ទៀត​ផង​ដែរ ប្រសិនបើ​គេ​ចង់​មានឱកាស​ឈ្នះ នៅ​ជើង​ទី​២​ក្នុង​វគ្គ​៨​នាក់​៕ ដោយ ៖ ផាត់ តារា​រដ្ឋ