សត្វ​គោ​ចំនួន​៣​ក្បាល​អត់​មាន​ប៉ា​ស្ព័​រ បម្រុង​លោតឆ័ត្រ​ជាប់ជុច​សមត្ថកិច្ច

73

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សត្វ​គោ​ចំនួន​៣​ក្បាល​អត់​មាន​ប៉ា​ស្ព័​រ ដែល​ចោរ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ បម្រុង​លោតឆ័ត្រ​ដឹក​ចេញ​ទៅ​លក់​ក្រៅប្រទេស aត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​។ ជនសង្ស័យ​១.​ឈ្មោះ ឆ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ដើម​រកា ឃុំ​ខ្នា​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់​, ២.​ឈ្មោះ ម៉​ម ច​ន្ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចេក​ចាវ ឃុំ​កំពង់​ពោធិ៍ ស្រុក​គ្រ​គរ ខេត្តពោធិ៍សាត់​, ៣.​ឈ្មោះ ឌី សៅ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ កណ្ដុរសរ ឃុំ​បង​កន្ទួត ស្រុក​ក្រគរ ខេត្ដពោធិ៍សាត់ និង​៤.​ឈ្មោះ កុក លី​សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ជា​ម្ចាស់​ឡាន​) រស់នៅ​ភូមិ​ចំការ​តា​ពង ឃុំ​ស្រែ​ស្ដុក​ស្រុក​កណ្ដៀង ខេត្ត​ពោរ​ធិ៍​សាត់​។

Loading...

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចេញ​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ហើយ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​រថយន្ត​១​គ្រឿង​ម៉ាក​កូរ៉េ ពណ៌​ស ចំណុះ​៣​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1155 សង្ស័យ​ដឹកគោ​។ ពេល​ទទួល​បាន​ព័ត៌មាន​នោះ កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ដើរ​ល្បាត​បាន​ទៅ​ឃាត់​រថយន្ត​នោះ​ជា​បន្ទាន់ ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ ក៏​ឃើញ​មាន​ដឹកគោ​ញី​ចំនួន​៣​ក្បាល​មែន ដែល​ក្នុង​នោះ​មាន​គោ​សម្បុរ​ចំប៉ា​១​ក្បាល និង​គោ​ពណ៌​ក្រហម​ចំនួន​២ ក្បាល ហើយ​ក្នុង​នោះ​ក៏​មាន​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​។

ក្រោយមក​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ ពួក​គេ​ក៏​បាន​សារភាព​ថា ពិតជា​បាន​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​លួច​គោ ឬ​ក្របី​អ្នកស្រុក​ប្រាកដ​មែន​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​ពួក​គេ ទៅ​ចង្អុលបង្ហាញ​ទីតាំង​ដែល​លួច ហើយ​លើកដាក់​ក្នុង​ឡាន បម្រុង​លោតឆ័ត្រ​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​ប្រទេស​ជិតខាង តែ​ត្រូវ​ជាប់ជុច​។ នៅ​ថ្ងៃ​ដដែល​សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​បក្ខពួក​ម្នាក់​ទៀត ដែល​រត់គេច​ខ្លួន​ក្នុង​រង្វង់​ប្រតិបត្តិការ ជន​នោះ​មានឈ្មោះ គា តូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ដូន​នំ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ជនសង្ស័យ​ទាំង​៥ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់