កងរាជអាវុធហត្ថ​ខេត្ត​ឃាត់​បាន​រថយន្ត​ទំនើប​១​គ្រឿង បន្សល់​នៅ​មន្ទិល​ជា​ច្រើន

147

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ស្ទាក់​ចាប់​បាន​កាលពី​យប់​ថ្ងៃ​ទី​៨ កញ្ញា ២០១៩ ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក តែ​មិន​ទាន់​ដឹង​មូលហេតុ និង​មិនដឹង​ហោះ​ចូល​តាម​ច្រក​ណា​ឲ្យ​ពិតប្រាកដ​។ រថយន្ត​ខាងលើ​ម៉ាក អាល់​ហ្វា ពណ៌​ខ្មៅ ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ​អក្សរ​ថៃ ศ.5084 ដែល​ប្រភព​ថា រថយន្ត​នេះ​តម្លៃ​ជាង ៣​លាន​បាត ប្រាក់​ថៃ​។ ដោយឡែក​ប្រភព​ពី​ខាង​ដី​ថៃ​ប្រាប់​ថា រថយន្ត​នេះ​ត្រូវ​បាន​គ្រួសារ​មួយ ជា​ជនជាតិ​ថៃ រស់នៅ​ក្រុង​បាងកក មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ថៃ​ក្នុង​ខេត្ត​ស្រះ​កែវ ជួយ​ស្រាវជ្រាវ​រក​កាលពី​ថ្ងៃ​ទី​៨ កញ្ញា​ថ្មី​ៗ​នេះ​។

Loading...

ម្ចាស់​រថយន្ត​បាន​ភ្ជាប់​មក​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ហើយ​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​ខ្លួន​ត្រូវ​ជនជាតិ​ថៃ​ដូច​គ្នា​សុំ​ជួល​កាលពី​ថ្ងៃ​ទី​៧ យក​ទៅ​ដឹក​មិត្តភក្តិ ជា​ជនបរទេស​ទៅ​កម្សាន្ត​តាម​ខេត្ត​ដោយ​រថយន្ត​មាន​ភ្ជាប់​GPS​។ ម្ចាស់​រថយន្ត​បន្ត​ថា ក្រោយ​ពី​បាត់​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ខ្លួន​ក៏​ចុច​GPS ស្រាប់​តេ​ឃើញ​រថយន្ត​គាត់​បាត់ដាន ក្នុង​ទឹកដី​ខ្មែរ​ទើប​ធ្វើ​ដំណើរ​មក​ខេត្ត​ស្រះ​កែវ ដើម្បី​ដាក់​ពាក់​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​។ ក្រោយ​ទទួល​ប្រភព​ព័ត៌មាន​ថា សមត្ថកិច្ច​ចាប់​បាន​រថយន្ត​ខាងលើ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក ភ្នាក់ងារ​កោះសន្តិភាព បាន​ចុះ​ទៅ​ទីនោះ​(​ភូមិសាស្ត្រ​សង្ស័យ​) ទាំង​យប់ ប៉ុន្តែ​ត្រូវ​យោធា និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ប៉ុស្តិ៍​ភ្នំ​ប្រាក់​ធ្វើការ​បដិសេធ​ថា មិន​មាន​ករណី​ខាងលើ កើតឡើង​ឡើយ​។

លោក​វរសេនីយ៍ត្រី​ដាំ​ចិត្ត​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ថ្មពួក ក៏​ដូច​ជា​ប្រធាន​ស្នាក់​ការ សន្តិសុខ អាវុធហត្ថ​៨៨៨ ក៏​បដិសេធ​ថា មិនដឹង​ដូច​គ្នា​។ ចំណែក​មេបញ្ជាការ យោធា​អភិវឌ្ឍ​ភូមិភាគ​៥ ប្រចាំ​នៅ​ភូមិសាស្ត្រ​ខាងលើ ពេល​សាកសួរ​ម្តង​ៗ លោក​ថា រថយន្ត​នេះ​គេ​ចាប់ពី​ខេត្ត​ដំបង​ក្រោយមក​លោក​ថា​ខាង​អាវុធហត្ថ បន្ទាយ​មាន​ជ័យ ចាប់​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨ ម្តុំ​ផ្លូវ​ចូល​ទៅ​មាត់​អាង​ក្តិ​ប​ថ្ម ហើយ​បដិសេធ​ថា មិន​ពាក់ព័ន្ធ​នឹង​អង្គភាព​លោក​ឡើយ​។ ដោយឡែក​លោក​ឧត្ត​សេនីយ៍​ត្រី ឃួ​ន ជឿន មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ ដែល​ប្រចាំ​នៅ​ភូមិសាស្ត្រ​ស្រុក​ស្វាយចេក​/​ស្រុក​អូរ​ជ្រៅ បដិសេធ​ថា មិន​មាន​ករណី​ខាងលើ​កើតឡើង​ចំណុច​ភូមិសាស្ត្រ​លោក​គ្រប់គ្រង​ឡើយ​។

ជុំវិញ​ប្រភព​ព័ត៌មាន​នេះ​លោក​វរសេនីយ៍ទោ ប៊ុ​ន ណាំ​អ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ប្រាប់​តាម​ទូរស័ព្ទ​ថា ខាង​លោក​ចាប់​បាន​រថយន្ត​ថៃ​មួយ​គ្រឿង​មែន​កាលពី​យប់​ថ្ងៃ​ទី​៨ ដោយ​លោក​បញ្ជាក់​ថា ការងារ​នេះ​ខាង​លោក​បាន​រាយការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​រួច​ហើយ ពេល​នេះ​កំពុង​បន្ត​ស្រាវជ្រាវ​រក​មួល​ហេតុ​។ លោក​ប្រាប់​ថា ករណី​នេះ​ដំបូង​គឺ​ខាង​ភាគី​ថៃ​បាន​ទាក់ទង​ឲ្យ​ជួយ​ស្រាវជ្រាវ​ទើប​ឈាន​ដល់​ជួប​រថយន្ត​សង្ស័យ​។ ករណី​នេះ​បើ​មេ​សមត្ថកិច្ច​ជួរ​មុខ​បដិសេធ​គ្រប់​គ្នា​ចឹ​ង​រថយន្ត​នេះ​ហោះ​ចូល​ពី​ថៃ​តាម​ច្រក​ណា?៕ ដោយ ៖ មុត សា​រុន