លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​ទន្លេ​នៅ​សង្កាត់​កោះដាច់

37

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​ទន្លេ​នៅ​សង្កាត់​កោះដាច់ ដើម្បី​ចាត់វិធានការ ទប់ស្កាត់​កុំ​ឲ្យ​បាក់​បន្ត ដើម្បី​កាត់​ផល​ប៉ះពាល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ច្រាំង​ទន្លេ​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​អមដំណើរ​ដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ នេះ បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ច្រាំង​ទន្លេ​មួយ​កន្លែង​ដែល​ទទួល​រង​ការ​បំផ្លាញ ដោយ​ទឹកជំនន់​នៅ​ក្នុង ភូមិ​រនៈ ក្នុង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

Loading...

ការ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​លើ​ទីតាំង ខាងលើ​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​ទប់ស្កាត់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ច្រាំង​ទ​ន្ល​ខាងលើ​មានការ​បាក់​ស្រុត​បន្ត​ទៀត​។ លោក ឃួ​ង ស្រេង បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ដែល​ចុះ​មក​ដល់ទី​តាំង​នេះ ធ្វើ​យ៉ាងណា​ដាក់​បាវ​ខ្សាច់​ជាមួយនឹង​ថ្ម​ទម្លាក់​ចូល​ទៅ​ក្នុង​ច្រាំង​ទន្លេ​ដែល​បាក់​ស្រុត​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បាក់​បន្ត​ទៀត​។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ជា​ជំហាន​ក្រុមការងារ​ត្រូវ​អនុវត្ត​នេះ​តាម​រយៈ បោះបង្គោល​ទប់​ដី​កុំ​ឲ្យ​ហូរ​ទៅ បាតទន្លេ រួម​នឹង​ការ​ចាក់​ថ្ម​ដាក់​បាវ​ខ្សាច់​ចូល​ទីកន្លែង​ដែល​បាក់​ស្រុត​នេះ ជាមួយ​និង​ការ​បញ្ជូន​សា​ឡង់​មួយ​គ្រឿង ដើម្បី​ដាក់​ខ្សាច់​មក​ចាក់​នៅ​ទីតាំង​ខាងលើ​នេះ​ផង​ដែរ​សំដៅ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​បាក់​ច្រាំង​បន្ត​ទៀត ដោយសារ​តែ​ច្រាំង​ទន្លេ​នេះ​នៅ​ជាប់​នឹង​ផ្លូវ​បេតុង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នេះ​តែ​ម្ដង​។

លោក ឃួ​ង ស្រេង បាន​អៈ​អាង​ថា ជា​វិធានការ​ការពារ​យូវ​អង្វែង នៅ​ពេល​ទឹក​ស្រក​ត្រលប់​ទៅ​វិញ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បុក​ស៊ី​ផាយ​នៅ​ទីតាំង​ខាងលើ​នេះ​បន្ថែម​ទៀត ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​នេះ នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។ សូម​បញ្ជាក់​ថា ច្រាំង​ទន្លេ​ដែល​ទទួល​រង​ការ​បាក់​ស្រុត​នេះ​បាន​កើតឡើង​ប្រមាណ ជា​ពីរ​ទៅ​បី​ថ្ងៃ​មក​ហើយ ខណៈ​ដែល​ជំនន់​ទឹកទន្លេ​បាន​ហក់​ឡើង​យ៉ាង​គំហុក​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ហើយ​ទំហំ​នៃ​ការ​បាក់​ស្រុក​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​២០​ម៉ែត្រ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ