ខេត្តកំពង់ចាម ៖ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានអាងហែលទឹកសិប្បនិម្មិតមួយ ដែលមានទំហំធំ ស្ថិតនៅជាប់ច្រាំងទន្លេ ហើយបានចងភ្ជាប់នៅជាប់ខណ្ឌរដ្ឋបាលជលផលខេត្ត ហើយបានដាច់ខ្សែរសាត់អណ្ដែតតាមបណ្ដោយផ្ទៃទឹកហូរក្រោមស្ពានគីហ្សូណា។ ក៏មកបុកទើនៅស្ពានកោះប៉ែន នៅម៉ោង៨ និង១៥យប់ នៅថ្ងៃទី៩ កញ្ញា ២០១៩នេះ ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។

នៅក្នុងហេតុការណ៍នោះដែរ គេសង្កេតឃើញលោក អ៊ុន ចាន់ដា ជាអភិបាល និងជាគណៈអភិបាលខេត្តកំពង់ចាម, លោកវរៈសេនីយ៍ទោ ឯម កុសល ជាស្នងការ នៃស្នងការដ្ឋានខេត្តកំពង់ចាម បានដឹកនាំកម្លាំង និងបញ្ជូនសាឡង់ចំនួន៤គ្រឿងដើម្បីសណ្ដោងអាងហែលទឹកនោះឲ្យចូលច្រាំងវិញ។

តែដោយអំណាចនៃកម្លាំងទឹកហូរមិនអាចទាញសណ្ដោងអាងហែលទឹកសិប្បនិម្មិតនោះឲ្យចូលច្រាំងវិញបានទេក៏រសាត់ទៅទល់នឹងក្រោមស្ពានវិញដដែល។ រហូតមកទល់នឹងម៉ោងប្រមាណ១១យប់នេះ កងកម្លាំងទាំងអស់នោះបាននាំគ្នាសម្រាកសិន រង់ចាំពេលព្រឹកនឹងរកដំណោះស្រាយបន្តទៀត៕ ដោយ ៖ យ៉ាន់ ចាន់ថេត




