ស្រុក​ព្រៃ​នប់​សិស្ស​ជាប់​និទ្ទេស​A​ចំនួន​៣​រូប ខណៈ​ទូ​ទាំង​ខេត្ត​ជាប់​និទ្ទេស A-១៣​នាក់

31

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ស កក្កដា អភិបាលស្រុក​ព្រៃ​នប់​ក្នុង​នាម​រដ្ឋបាល​ស្រុក បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៩​នេះ នៅ​ស្រុក​ព្រៃ​នប់ មាន​សិស្ស​ចំនួន​៣​រូប ប្រុស​២​នាក់ ស្រី​ម្នាក់ ដែល​ជាប់​និទ្ទេស​A ក្នុង​នោះ​នៅ​វិទ្យាល័យ ហ៊ុន សែន វាល​រេញ មាន​២​រូប និង​វិទ្យាល័យ ហ៊ុន សែន ព្រៃ​នប់ មាន​មួយ​រូប ៖ ១-​ឈ្មោះ តៅ ម៉េ​ង​តា​យ ភេទ​ប្រុស ជា​កូន​អាជីវករ​លក់​ផ្លែ​ឈើ នៅ​ផ្សារ​វាល​រេញ (​វិទ្យាល័យ​ហ៊ុន​សែន​វាល​រេញ​) ២-​ឈ្មោះ គុយ លី​ម៉េ​ង ភេទ​ប្រុស ជា​កូន​អាជីវករ​លក់​ខោអាវ​នៅ​ផ្សារ​វាល​រេញ (​វិទ្យាល័យ​ហ៊ុន​សែន​វាល​រេញ​) និយាយ​រួម​សាលា​នេះ​ជាប់​បាន​២​ឆ្នាំ​ជាប់​គ្នា​។

Loading...

៣-​ឈ្មោះ សឿ ពិសី ភេទ​ស្រី (​វិទ្យាល័យ​ហ៊ុន​សែន​ព្រៃ​នប់​) សាលា​នេះ​ទើបតែ​ឆ្នាំ​នេះ​ទេ​បាន​ជាប់​និទ្ទេស​A ជា​ស្រី​ទៀត​។ សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​ឆ្នាំ​២០១៩​នេះ ខេត្ត​ព្រះ​សី​ហនុមាន​សិស្ស​ជាប់​និទ្ទេស​A​ចំនួន​១៣​នាក់ ប្រុស​៧​នាក់ ស្រី​៦​នាក់ ហើយ​សិស្ស​ជាប់​និ​ន្ទេ​ស B មាន​ចំនួន​៤៧​នាក់ ស្រី​២៧​នាក់ ប្រុស​២០​នាក់​។

សូម​បញ្ជាក់​ថា បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន​រហូត​ដល់​ទៅ​៦៨​ភាគរយ​បាន​ជាប់​ជា​ស្ថាពរ ក្នុង​នោះ បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ ខណៈ​កាលពី​ឆ្នាំទៅ​មាន​ចំនួន ត្រឹម​៤០៨​នាក់​។

តាម​ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​A ទាំង​៤៤៣​នាក់​នោះ មក​ពី​រាជធានី​ភ្នំពេញ ១៤១​នាក់ ខេត្តសៀមរាប ៣៨​នាក់​, បាត់ដំបង ៣២​នាក់ តាកែវ ២៩​នាក់ កំពង់ចាម ២៧​នាក់ ព្រៃវែង ២៧​នាក់ បន្ទាយ​មាន​ជ័យ ២៥​នាក់​កណ្តាល ២៣​នាក់ កំពត ២៣​នាក់ ត្បូងឃ្មុំ ១៥​នាក់ កំពង់ឆ្នាំង​១៤​នាក់ ព្រះ​សីហ​នុ ១៣​នាក់ ស្វាយ​រៀង ៨​នាក់ ពោធិ៍សាត់ ៧​នាក់​, កំពង់ឆ្នាំង ៦​នាក់ កំពង់ស្ពឺ ៦​នាក់​, ក្រចេះ ៤​នាក់ រតនគិរី ២​នាក់​, កោះកុង ១​នាក់​, មណ្ឌលគិរី ១​នាក់ និង​ឧត្តរមានជ័យ ១​នាក់​។ ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​បេក្ខជន​ដែល​ជាប់​និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​, និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២​នាក់​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន