បញ្ជូន​ជនជាតិ​ចិន​៥២​នាក់ ក្រោយ​ប្រតិបត្តិការ​ឡោម​ព័ទ្ធ​ខុន​ដូ​៩​ជាន់

55

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៥២​នាក់ ក្នុង​នោះ​មាន​ស្រី​១៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ​នាំ​ខ្លួន​បញ្ជូន តាម​រថយន្តក្រុង​ចំនួន​២ ទៅ​កាន់​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បន្ទាប់​ពី​ចប់​ប្រតិបត្តិការ​ឡោម​ព័ទ្ធ​ឆែកឆេរ​ខុន​ដូ​កម្ពស់​៩​ជាន់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​។ ជនជាតិ​ចិន​ទាំង​៥២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា សុទ្ធតែ​មាន​ដីកាចាប់ខ្លួន របស់​សមត្ថកិច្ច​ចិន ក្នុង​ចំណោម​ជនជាតិ​ចិន​១៤៤​នាក់ ដែល​សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ ក្នុង​រក​ឃើញ​នៅ​ក្នុង​អាគារ​ខុន​ដូ​កម្ពស់​៩​ជាន់ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ប្រព្រឹត្ត​បទល្មើស​បច្ចេកវិទ្យា (​ចាប់ជំរិត​ទា​ប្រាក់​តាម​ប្រពន្ធ​អ៊ី​ន​ធើ​ណេ​ត​)​។

Loading...

គួរ​បញ្ជាក់​ថា ខុន​ដូ​អត់​យីហោ​មួយ​កន្លែង​ស្ថិត​នៅ​អគារ​លេខ​១៧ ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាល នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ​ដោយ​មានការ​ចូលរួម​ពី​នគរបាល​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន នៃ​ក្រសួងមហាផ្ទៃ ,​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​មូលដ្ឋាន​បាន​ឡោម​ព័ទ្ធ​ឆែកឆេរ​បង្ក្រាប ក្រុម​ជនជាតិ​ចិន​ប្រពន្ធ​បទល្មើស​។

ការ​ឆែកឆេរ​បង្ក្រាប​ក្រុម​ចាប់ជំរិត​នេះ​បាន​ធ្វើ​ឡើង តាំង​កាលពី​វេលា​ម៉ោង ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាន នាយកដ្ឋាន​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា និង​មានការ​សម្របសម្រួល ដោយ​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រមទាំង​មានការ​ចូលរួម​សហការ​ពី​សមត្ថកិច្ច​មក​ពី​ប្រទេស​ផង​ដែរ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ឆែកឆេរ​សមត្ថកិច្ច​ចម្រុះ​រក​ឃើញ​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​សរុប ទាំងអស់​១៥៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ១៤៤​នាក់ មាន​ស្រី​៣០​នាក់ និង​ជនជាតិ​ខ្មែរ​ដែល​ជា​អ្នក​ដាំបាយ​ចំនួន​៩​នាក់​។ ការ​ឆែកឆេរ និង​សាកសួរ​នៅ​នឹង​កន្លែង​អស់​រយៈពេល​ជិត​៩​ម៉ោង នៅ​វេលា​ម៉ោង​ប្រមាណ​៥ និង​៤៥​នាទី​សមត្ថកិច្ច ក៏​បាន​ឃាត់ខ្លួន និង​បញ្ជូន​ជនជាតិ​ចិន តែ​ចំនួន ៥២​នាក់ ក្នុង​នោះ​មាន​ស្រី​១៥​នាក់ ដែល​មាន​បទល្មើស និង​មាន​ដីកាចាប់ខ្លួន មក​ពី​ប្រទេស​ចិន​។ ក្រៅពី​នោះ សមត្ថកិច្ច​ក៏​បាន​ដកហូត​បាន​វត្ថុ​តាង ជា​គ្រឿង​អេ​ឡិច​ត្រូ​និក ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ជា​ផង​ដែរ​៕ ដោយ ៖ ម៉េ​ង ធា