បុរស​៤​នាក់​វាយ​ទាត់​ធាក់​ជនជាតិ​ចិន​ដូច​គ្នា រឿង​ជំពាក់​លុយ​អត់​សង

36

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ចំនួន​៤​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ទាត់​ធាក់​ទៅ​លើ​បុរស​ជនជាតិ​ចិន ដូច​គ្នា​ម្នាក់​ទៀត ព្រមទាំង​ចាប់​អូស​រុញ​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ទាំង​កំរោល ប្រុង​ដឹក​ចេញពីផ្ទះ​សំណាក់ មួយ​កន្លែង ព្រោះតែ​ខឹង​នឹង​ជន​រង​គ្រោះ​ជំពាក់​លុយ​ហើយ​ទារ​មិន​បាន​អត់​មាន​លុយ​សង​។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ និង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា ព្រមទាំង​ឃាត់ខ្លួន​ជន​ដៃដល់​ចំនួន​៤​នាក់​នាំ​ទៅ​សាកសួរ និង​ចាត់ការ តាម​ច្បាប់​។

Loading...

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១០ ខែកញ្ញា ២០១៩ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​យីហោ «​ដំរី​ធំ​» ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៤​នាក់​នោះ​រួម​មាន​១, ឈ្មោះ XU YoanYoan អាយុ​៣៤​ឆ្នាំ ២,​ឈ្មោះ Zhan Bin អាយុ​៣៧​ឆ្នាំ ៣,​ឈ្មោះ Zhuqing Wu អាយុ​៣០​ឆ្នាំ ៤,​ឈ្មោះ Zhan Liming អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន ទាំ​៤​នាក់​នេះ​ធ្វើការ​នៅ​កាស៊ីណូ​។

ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ Chi Fuming អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន​ដូច​គ្នា​គឺ​អ្នក​ទេសចរណ៍ ស្នាក់​នៅផ្ទះ​សំណាក់​ខា​យ​សាន តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​រង​គ្រោះ​រូប​នេះ​បាន​រង​របួសធ្ងន់​បាក់​ក្តោងច្រមុះ និង​ប៉ោង​ភ្នែក​ឆ្វេង និង​បែក​មាត់​ចេញ​ឈាម​យ៉ាងដំណំ​។ យោង​តាម​វី​ដេ​អូរ​ដែល​ថត​ដោយ​កាមេរ៉ា សុវត្ថិភាព​នៅ​ក្នុងផ្ទះ​សំណាក់​«​ដំរី​ធំ​» បាន​បង្ហាញ​ថា​ឈ្មោះ XU YoanYoan ដែល​ជា​បក្ខពួក ក្រុម​ជនសង្ស័យ គឺជា​ជន​ដៃដល់​ជន​ដៃដល់​ក្នុង​ការ​ធ្វើ​សកម្មភាព​ទាត់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ផ្ទៃមុខ បណ្ដាល​ឲ្យ​ដួល​រួច​វាយ​ទាត់​ធាក់​ជា​ច្រើន​ដៃ​ច្រើន​ជើង​ថែម​ទៀត​ផង​។

បន្ទាប់​មក​បក្ខពួក​៣​នាក់​ទៀត បាន​ចាប់​អូស​ជន​រង​គ្រោះ​រុញ​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ប្រុង​ដឹក​ចេញ​ក្រៅ​ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ចេញ​អន្តរាគមន៍​ចាប់ខ្លួន​ជន​ដៃដល់​ទាំង​៤​នាក់​នាំ​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជម្លោះ​រហូត​វាយតប់​គ្នា​នោះ​ផ្ដើម​ចេញពី​រឿង​បុរស​រង​គ្រោះ​ជំពាក់​លុយ ក្រុម​ជន​ដៃដល់​ប៉ុន្តែ​មិនដឹង​ថា​ជំពាក់​ប៉ុន្មាន​នោះ​ឡើយ ហើយ​សង្ស័យ​ជន​រង​គ្រោះ​គ្មាន​លុយ​សង និង​ទារ​មិន​បាន​ទើប​ធ្វើ​ឲ្យ​ជន​ដៃដល់​ខឹង​ក៏​វាយ​បែប​នេះ​តែ​ម្ដង​។

មិនតែប៉ុណ្ណោះ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ក្រុម​ជន​ដៃដល់​បាន​ដេញ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្ដង និង​ត្រូវ​បាន​កម្លាំង នគរបាល​ខាងលើ​ឃាត់ខ្លួន​បាន​ម្ដង​រួច​មក​ហើយ តែ​ដោយ​គ្មាន​របួស​ស្នាម ទើប​ក្រោយ​ពី​នាំ​យក​ទៅ ធ្វើការ​អប់រំ​រួច​ដោះ​លែង​ទៅ​វិញ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​កា​កាប​២ បាន​ជូន​ជន​រង​គ្រោះ​ត្រឡប់​ទៅ​កាន់​ផ្ទះសំណាក់​វិញ លុះ​ពេល​នគរបាល​ចាកចេញ​ត្រឡប់​ទៅ​ប៉ុស្តិ៍​វិញ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ខាងលើ​ទៅ​ដល់​ផ្ទះសំណាក់​ដែរ​។ ក្រោយមក​ក៏​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​កម្លាំង​នគរបាល​ក៏​បាន​ចុះ​ទៅ​ចាប់ខ្លួន​ជា​លើក​ទី​២ បែប​នេះ​តែ​ម្ដង​៕ ដោយ ៖ យន់ ស៊ី​ថា