បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង​ឆេះ​រលាក​ពេញ​ខ្លួន ដោយ​មិនដឹង​ពី​មូលហេតុ

57

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​២៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា រូប​គាត់​មាន​វិបត្តិ​អ្វី​ឡើយ ខណៈ​ដែល​គេ​បានឃើញ​រូប​គាត់ បាន​ជិះ​ម៉ូតូ​ម៉ាក Today មួយ​គ្រឿង​មក​ឈប់​ហើយ​ទៅ​ទិញ​សាំង​មួយ​ដប​យក​ទៅ​ចាក់​ដុត​ខ្លួនឯង នៅ​លើ​សួនច្បារ​មុខ​ក្បាលស្ពាន​នាគ​នោះ​។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​សួនច្បារ​មុខ​ស្ពាន​នាគ (​កោះ​ពេជ្រ​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាវ​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ភឿ​ក ទូច អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កុមារ​មាស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ ១HB-៧៧១២ មួយ​គ្រឿង មក​ឈប់ និង​អង្គុយ​សំកុក​នៅ​ខាងក្រោម​ដើម​គគីរ​តូច មួយ​ដើម​នៅ​លើ​សួនច្បារ​ខាងលើ ដោយ​មាន​កាបូបស្ពាយ​ខាង​ជាប់​នឹង​ខ្លួន​មួយ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ធំ​ក្រោយមក​រូបគេ​ក៏​បាន​ដើរទៅ​ទិញ​សាំង​ដប ចំណុះ​១​លី​ត្រ ចំនួន​១​ដប​ពី​កន្លែង​លក់​សាំង​ក្បែរ​នោះ និង​ដក​យក​ឯកសារ​មួយ​ចំនួន​ពី​ក្នុង​កាបូបស្ពាយ របស់​គេ​មក​ដុត​បំផ្លាញ​ចោល​។ ក្រោយ​ពេល​ដែល​បុរស​ម្នាក់​នោះ​ធ្វើការ​ដុត​បំផ្លាញ​ឯកសារ​អស់ហើយ ក៏​ស្រាប់តែ​ចាក់​ស្រោច​លើ​ខ្លួន​ដុត​ខ្លួនឯង​បណ្តាល​ឲ្យ​ឆេះ​រលាក​ពេញ​ខ្លួន តែ​សំណាងល្អ​អ្នក​នៅ​ក្បែរ​ខាង នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេ​វេលា​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួន​ប៉ុនប៉ង សម្លាប់​ខ្លួន ឯង​នេះ​ដែរ មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា​រូប​គាត់​មាន​វិបត្តិ​អ្វី ឬ​មូលហេតុ​អ្វី​ឡើយ​។ ក្រោយ​ពេល​កើតហេតុ បុរស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មក​ដឹក​យក​ទៅ​សង្គ្រោះ​។ ចំណែកឯ​ម៉ូតូ​ម៉ាក Today របស់​គាត់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌចំការមន យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​វិញ​ផង​ដែរ​៕ ដោយ ៖ ភី ផល