ប្រាប់​ឱ្យ​ជូន​គាត់​ទៅ​រក​កន្លែង​កោស​ជប់ លោកតា​ម្នាក់​ខ្យល់គ​ស្លាប់​បាត់

52

រាជធានី​ភ្នំពេញ ៖ លោកតា​វ័យ​៨២​ឆ្នាំ ជា​ខ្មែរឥស្លាម​ម្នាក់​បាន​ខ្យល់គ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ចិញ្ចើម​ផ្លូវ ខាង​មុខ​ហាង​លក់​វ៉ែនតា​មួយ​កន្លែង​នៅ​ក្បែរ​ភ្លើងស្តុប​អាង​ទឹក ក្រោយ​ពី​ដែល​រូប​គាត់​ទើបតែ​ចុះ​ពី​រថយន្តឈ្នួល មួយ​គ្រឿង​នៅ​បេនឡាន​ម៉ុង​ឌី​យ៉ា​ល់ ហើយ​បាន​ហៅ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​។ ទំនងជា​រូប​គាត់​មិន​ស្រួលខ្លួន​នោះ ក៏​បាន​ប្រាប់​ឱ្យ​បុរស​អ្នក​រត់​កង់​បី​ដឹក​គាត់​ទៅ​រក​កន្លែង កោស​ជប់ លុះ​មក​ដល់​ហាង​កោស​ជប់​រូប​គាត់​ក៏​បែរជា មិន​ចូល និង​ឲ្យ​ទៅ​ផ្ទះ​របស់​គាត់​ម្តុំ​គីឡូ​លេខ​៧ ហួស​បាន​បន្តិច​ក៏​មាន​អាកា​រៈ​មិន​ស្រួល​ខ្លាំង និង​ដាច់ខ្យល់​ស្លាប់ បាត់​តែ​ម្តង​ទៅ​។

Loading...

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​មុខ​ហាង​លក់​វ៉ែនតា​មួយ​កន្លែង ដែល​មាន​ទីតាំង​ផ្ទះ​លេខ​២ (​ក្បែរ​ភ្លើងស្តុប​អាង​ទឹក​) ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ឡោះ សា​ឡេ​ស អាយុ​៨២​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មាន​ទីលំនៅ​ក្រុម​ទី​៨ ភូមិ​១១ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

មុន​ពេល​កើតហេតុ លោកតា​រង​គ្រោះ​បាន​ជិះ​រថយន្តឈ្នួល​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​មក​ពី​ខេត្តកំពត ហើយ​បាន​ជិះ​មក​ឈប់​នៅ​ចំណុច បេនឡាន​ម៉ុង​ឌី​យ៉ា​ល់ ពេល​នោះ​មាន​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ដូច​គ្នា ម្នាក់​ទៀត បាន​ហៅ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ហំ ដ​ន អាយុ​៣២​ឆ្នាំ មក​ដឹក​គាត់​យក​ទៅ​ម្តុំ​គីឡូ​លេខ​៧​។ ភ្លាម​នោះ លោកតា​ខ្មែរឥស្លាម​រង​គ្រោះ​ក៏​បាន​ចុះ​ពី រថយន្ត​ឡើង​មក​ជិះ​លើ​កង់​បី​ឥណ្ឌា របស់​បុរស​ម្នាក់​ខាងលើ ពេល​ដែល​ជិះ​ចេញ​បាន​បន្តិច​ទំនងជា​រូប​គាត់​ខ្យល់​មិន​ស្រួលខ្លួន នោះ​ក៏​និយាយ​ប្រាប់​ឲ្យ​ឌុ​ប ទៅ​រក​កន្លែង​កោស​ជប់​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​បុរស​អ្នក​រត់​កង់​បី​ដឹក​មក​ដល់​ហាង កោស​ជប់ មួយ​កន្លែង​នៅ​ម្តុំ​ខាង​មុខ​ឈូក​ទិព្វ​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ក៏​បាន​ឈប់ និង​ប្រាប់​គាត់​ថា «​អ៊ុំ​ដល់​ហាង​កោស​ជប់​ហើយ​» តែ​លោកតា​ប្រាប់​វិញ​ថា «​មិនបាច់​ចូល​ទេ ជិះ​ហួស​ទៅ​ផ្ទះ​តែ​ម្តង​ទៅ​»​ក៏​បាត់​មាត់​រហូត​។ ក្រោយ​ពី​បានឮ​លោកតា ប្រាប់​រួច​ហើយ​បុរស​អ្នក រត់​កង់​បី​ឥណ្ឌា​ក៏​បាន​ដឹក​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ឈប់​ភ្លើងស្តុប រូប​គាត់​ក៏​បាន​ងាក​ក្រោយ​មើល ទៅ​លោកតា​ឃើញ​សំ​យ៉ុ​ង​ក្បាល​ចុះ​ក្រោម ដោយ​មានការ​សង្ស័យ​ក៏​បាន​ហៅ​លោកតា​មិន​ឆ្លើយ ក៏​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់ អ្នកដំណើរ​តាម​ផ្លូវ​។

នាំ​គ្នា​ជួយ​លើក​លោកតា​យក​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​មុខ​ហាង លក់​វ៉ែនតា​ខាងលើ និង​ធ្វើ​ចលនា​ច្របាច់​គក់​ដើម្បី​សង្គ្រោះ​ដែរ តែ​ជា​អកុសល​រូប​គាត់​បាន​ដាច់ខ្យល់​ស្លាប់ បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ហៅ​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ម្នាក់​ខាងលើ​សាកសួរ និង​បញ្ជាក់​ថា

«​លោកតា​ខ្មែរឥស្លាម​រង​គ្រោះ​រូប​គាត់​មាន​អាកា​រៈ​ខ្យល់​មិន​ស្រួលខ្លួន​តាំងពី​នៅ​លើ​រថយន្តឈ្នួល​មក​ម្លេះ ទើប​បានជា​ឲ្យ​រូប​គាត់​ដឹក​ទៅ​រក​ហាង​កោស​ជប់ តែ​ពេល​មក​ដល់​ហើយ​បែរជា​រូប​គាត់​មិន​ចូល និង​ឲ្យ​ដឹក​ទៅ​ផ្ទះ​វិញ និង​ទើបតែ​ដឹក​ហួស​បន្តិច​ក៏​កើត​មានរឿង​នេះ​ឡើង​តែ​ម្តង​ទៅ ទើប​ហៅ​រថយន្ត​ដឹក​សព​មក​ដឹក​យក​ទៅ​តម្កល់ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ផ្ទះ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃ​ណៃ​៕ ដោយ ៖ ភី ផល