សព​ពលរដ្ឋ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​លើ​ដី​ថៃ បាន​មក​ដល់​កម្ពុជា​ហើយ

153

ខេត្តបន្ទាយមានជ័យ ៖ សព​ពលរដ្ឋ​ខ្មែរ​ដែល​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​គ្នា​លើ​ដី​ថៃ ក្នុង​ខេត្ត​ស្រះ​កែវ ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា​២០១៩ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ម៉ោង​ជិត​៩​យប់ ថ្ងៃ​ដដែល​ប្រគល់​ឲ្យ​សាច់ញាតិ​។ ជន​រង​គ្រោះ​ទាំង​៤​នាក់ មាន​ស្រី​៣ ប្រុស​ម្នាក់ ជា​ជីដូន និង​ចៅ មាន​ទីលំនៅ​ភូមិ​ព្រិច​ត្បូង ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នេះ​មិន​គិតដល់​អ្នកបើកបរ​ជា​ជនជាតិ​ថៃ ដែល​ស្លាប់​ម្នាក់​នោះ​ទេ​។ ក្រៅពី​អ្នក​ស្លាប់​ក៏​មាន​អ្នក​របួសធ្ងន់​ស្រាល​ជា​ខ្មែរ​៧​នាក់​ផ្សេង​ទៀត​។

Loading...

ករណី​នេះ​កើតឡើង ខណៈ​រថយន្ត ដែល​ពលរដ្ឋ​ខ្មែរ​ជិះ​ត្រឡប់​ពី​ក្រុង​បាងកក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត បើកបរ​បញ្ច្រាសទិស​បែក​កង់​រេ​ចង្កូត​ទៅ​បុក​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​របួស​រដូករណែល​តែ​ម្តង​។ សាកសព​ត្រូវ​ភាគី​ថៃ​បញ្ជូន​មក​តាម​រថយន្ត​ចំនួន​៤​គ្រឿង ខណៈ​ខាង​កម្ពុជា​មាន​រថយន្ត​សង្គ្រោះ​របស់​យោធា តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​,​រថយន្ត​មណ្ឌល​សុខភាព និង​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត​ចាំ​ដឹក​ទៅ​លំនៅ​ដ្ឋា​ន​ជន​រង​គ្រោះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា ជន​រង​គ្រោះ​៧​នាក់ ស្លាប់​៤​នាក់ របួស​៣​នាក់ ជា​ដន្លង និង​ចៅ​ៗ​នឹង​គ្នា ពោល​គឺ​ដន្លងប្រុស និង​ដន្លងស្រី​នាំ​ចៅ​ៗ ទៅ​លេង​កូន​ៗ​ធ្វើការ​ជា​ពលករ​នៅ​ប្រទេស​ថៃ ហើយ​ពេល​ត្រឡប់​មក​វិញ​ក៏​ជួប​គ្រោះ​អកុសល​តែ​ម្តង​៕ ដោយ ៖ មុត សា​រុន